អន្តរជាតិ
រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​៖ អាមេរិក​នៅតែ​រក្សា​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ចិន​ដដែល​
19, Feb 2021 , 11:29 pm        
រូបភាព
លោកស្រីJanet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក។ រូបភាព៖AFP
លោកស្រីJanet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក។ រូបភាព៖AFP
ដោយ:
​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ឌិន អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ដាក់​ពន្ធ​លើ​ទំនិញ​ចិន ដែល​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មួយរយៈ​សិន​។ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួង​រតនា​គារ​ជាតិ​អាមេរិក និយាយ​បែបនេះ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ រដ្ឋបាល​បៃ​ឌិន នឹង​ពិនិត្យ​គោលនយោបាយ​ទាំងនោះ​សារជាថ្មី មុននឹង​ត្រូវ​ពិចារណា​ថា​នឹងត្រូវ​កែប្រែ ឬ​លុបចោល​។​


​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​លើ​ការ​តម្លើង​ពន្ធ​ទំនិញ​នាំចូល​ពីគ្នា​ទៅវិញទៅមក ប្រហែលជា​មិនទាន់​ដល់ទី​បញ្ចប់​ឡើយ​បើទោះបីជា​អាមេរិក​មាន​ប្រធានាធិបតី​ថ្មី​ក៏ដោយ​។ លោក ដូ​ណា​ល់ ត្រាំ បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​ដោយ​អះអាងថា​ចិន​រំលោភ​កម្មសិទ្ធិបញ្ញា និង​ទិញ​ទំនិញ​តិចពេក​ពី​អាមេរិក​។​
 
«​នាពេលនេះ យើង​នឹង​រក្សា​ពន្ធ​ដែល​រដ្ឋបាល​ត្រាំ​បានដាក់​ទៅលើ​ចិន ហើយ​យើង​នឹង​វាយតម្លៃ​ចំពោះ​សកម្មភាព​ណា​ដែល​សក្តិសម​»​។ នេះ​ការលើកឡើង​របស់លោក​ស្រី Janet Yellen ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក CNBC នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ដែល​រំពឹងថា ប៉េកាំង​នឹង​បន្ត​គោរព​ការសន្យា​នាពេល​ចរចា​ពាណិជ្ជកម្ម​។ ចិន​សន្យា​ទិញ​ទំនិញ និង​សេវាកម្ម​បន្ថែម​ពី​អាមេរិក​ក្នុងតម្លៃ​២០០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ចិន​ទិញ​បានតែ​៦០​ភាគរយ​នៃ​ការសន្យា​ប៉ុណ្ណោះ​។​
 
​នៅពេល​ចោទ​ជា​សំណួរ​ថា​តើ ការបង្កើន​ពន្ធ​ទំនិញ​សម្រេចបាន​អ្វីខ្លះ លោកស្រី Yellen ស្ទាក់ស្ទើរ​ផ្ដល់​ចម្លើយ និង​ថា នឹង​ពិនិត្យមើល​រឿងនេះ​។ លោកស្រី​លើកឡើងថា ក្រសួង​រតនាគារ​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ពិនិត្យ​លើ​វិធីសាស្ត្រ​ដើម្បី​ទប់ទល់​ជាមួយនឹង​ចិន​ដូច​ជាការ​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​មិន​ស្មើភាព ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ និង​ឧបត្ថម្ភ​ធន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​។​
 
​សេត​វិមាន កាលពី​ខែ​មុន​បញ្ជាក់ថា រដ្ឋបាល បៃ​ឌិន នឹង​ពិនិត្យឡើងវិញ​លើ​គោលនយោបាយ​សន្តិសុខ​ដែល​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី ត្រាំ រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ដែលមាន​ជាមួយ​ចិន​។ កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​បាន​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ ជម្លោះ​ពាណិជ្ជកម្ម បណ្តាលឱ្យ​ពលរដ្ឋ​អាមេរិក​ជា ២៤៥,០០០​នាក់ បាត់បង់​ការងារ​។​
 
​របាយការណ៍​នៅ​ថ្ងៃទី​១៨ កុម្ភៈ របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក បង្ហាញថា ទំហំ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​កើនឡើង​ដល់​៣១,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ដែលជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​។ ចិន​ជា​ប្រទេស​ដែល​ទិញ​ផលិតផល​កសិកម្ម​ច្រើន​បំផុត​ពី​អាមេរិក​រួមមាន​ពោត និង​សណ្តែកសៀង​ដើម្បី​ធ្វើជា​ចំណី​សត្វ​។ ក្នុង​ឆ្នាំ​២០២០ តម្លៃ​ផលិតផល​កសិកម្ម​ទាំងនោះ ឡើងថ្លៃ​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់មាន​។ ចិន​ក៏​ត្រូវបាន​រំពឹងថា​នឹង បន្ត​នៅ​ជាទី​ផ្សា​កសិកម្ម​ធំ​បំផុត​របស់​អាមេរិក​ស​ម្រា​ប់​ឆ្នាំ​២០២១​ផងដែរ​។ ក្រៅពី​ចិន ម៉ិ​ក​ស៊ិ​ក និង​កាណាដា ជា​ប្រទេស​ដែល​ទិញ​ទំនិញ​កសិកម្ម​លំដាប់​ទី​ពីរ និង​ទី​បី​។​
 
​ក្រៅតែពី​បញ្ហា​ពាណិជ្ជកម្ម លោកស្រី Yallen ក៏​លើកឡើង​ផងដែរ​ថា ប្រទេស​ទាំងពីរ​ត្រូវ​ធ្វើការ​ជាមួយគ្នា និង​សហការគ្នា​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ជំងឺឆ្លង និង​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ​៕
 

Tag:
 ​អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com