ជាតិ
ពលរដ្ឋ១១គ្រួសារ រង់ចាំដំណោះស្រាយសមរម្យ ជាថ្នូររុះរើសំណង់ចេញពីដីចំណីស្ទឹង
20, Feb 2021 , 9:30 am        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលប៉ះពាល់ក្នុងគម្រោងស្ថាបនាផ្លូវមាត់ស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ រហូតដល់ស្ពានអង្គរ មិនទាន់រុះរើសំណង់ទៅតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរនៅឡើយទេ បើទោះបីពលរដ្ឋ៤០០គ្រួសារទៀត សម្រេចទៅតាំងទីលំនៅថ្មី ដែលអាជ្ញាធរបានរៀបចំអស់ជាងមួយខែទៅហើយក្ដី។ គ្រួសារទាំងនោះ នៅតែអះអាងពីភាពត្រឹមត្រូវរបស់ខ្លួន ហើយក៏មិនទទួលយកការដោះដូរដី នៅទីតាំងថ្មីនោះដែរ។ ពួកគេថា ការទទួលយកសំណងទាំងនោះ ស្មើនឹងឱ្យពួកគេទៅស្លាប់។



សំឡេងគ្រឿងចក្រ បាននិងកំពុងជីកគាស់កកាយ តាមបណ្ដោយផ្លូវមាត់ស្ទឹង ដែលនៅទីនោះ ផ្ទះតូចធំជាច្រើន នៅសល់ត្រឹមគំនរឥដ្ឋ ហើយមានភាពស្រឡះភ្នែកជាងពេលមុន។ ពេលនេះ គេអាចឃើញទឹក និងទំហំកំណាត់ស្ទឹងសៀមរាប ដែលរត់មិនត្រង់ជួរក្នុងតំបន់ ដែលធ្លាប់ត្រូវបានគេហៅថា តំបន់អនាធិបតេយ្យ។



ចុះពីស្ពាននាគ ឆ្ពោះទៅប៉ែកខាងជើងបន្ដិច គេនឹងប្រទះឃើញផ្ទះធំៗប៉ុន្មានកន្លែង ដែលមានទំហំដីទូលាយផង។ ច្រើនថ្ងៃ ច្រើនយប់មកហើយ ដែលម្ចាស់សំណង់ទាំងនោះ គេងមិនលក់ រស់នៅមិនស្រួលចិត្ត ដ្បិតពួកគេកំពុងប្រឈមនឹងការរុះរើចេញពីកន្លែងដែលគេកំពុងឈូសឆាយអភិវឌ្ឍន៍ដ៏ឆាប់រហ័សបំផុត។

នៅក្នុងបរិវេណផ្ទះបិទរបងជិត ហ៊ុមព័ទ្ធដោយសំណង់ផ្ទះតូចធំចំនួន៣ លាយនឹងដើមឈើតូចធំ លោកស្រី ភួង វីរៈ កំពុងអង្គុយរៀបរាប់ពីទុក្ខសោកក្នុងគ្រួសារ ដែលប្រឈមការបណ្ដេញចេញឱ្យទៅរស់នៅតំបន់ផ្សេង ដែលលោកស្រីថានៅឆ្ងាយពីក្រុង ប្រមាណជិត៤០គីឡូម៉ែត្រ។ លោកស្រីកំពុងព្យាយាមតស៊ូមតិ ជាមួយអាជ្ញាធរខេត្ត ក្នុងការរកដំណោះស្រាយសមរម្យ ជាថ្នូរនឹងការព្រមរុះរើសំណង់ដែលគ្រួសារលោកស្រី រស់នៅតាំងពីឆ្នាំ១៩៨០មក។ លោកស្រី វីរៈ លើកឡើងថា៖« យើងមិនមែនថាមិនរុះរើទេ ពួកយើងរុះរើ ប៉ុន្តែយើងរង់ចាំដំណោះស្រាយមួយ ដែលយើងយល់ថា វាយុត្ដិធម៌ វាសមរម្យ»។

ពលរដ្ឋចំនួន ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹង ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តសៀមរាប តម្រូវឱ្យរុះរើសំណង់ជាបន្ទាន់ ខណៈដែលមានការអភិវឌ្ឍ និងស្ដារសោភណភាពឡើងវិញ ក្នុងតំបន់នេះ។ ការអភិវឌ្ឍនេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលរាជរដ្ឋាភិបាលសម្រេចនៅចុងឆ្នាំ២០២០។ អាជ្ញាធរបានចែកដីទំហំ ២០គុណ៣០ម៉ែត្រ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដល់គ្រួសារនីមួយៗ និងសម្រួលហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ និងភ្ជាប់បណ្ដាញអគ្គិសនីជាដើម។ល។ ការរៀបចំចាប់ពីចុងខែធ្នូ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ មានគ្រួសារប្រមាណ៩៨ភាគរយហើយ ដែលព្រមព្រៀងយកការដោះដូរនេះ។



សម្រាប់ប្រជាពលរដ្ឋ១១គ្រួសារ ដែលជំទាស់ដំណោះស្រាយនេះ លើកឡើងពីភាពមិនសមតុល្យនៃទ្រព្យសម្បត្តិបច្ចុប្បន្ន ទៅនឹងដីដែលរដ្ឋចែកជូន ថាមានភាពខុសគ្នាឆ្ងាយ។ តំណាងគ្រួសារទាំង១១ លោកស្រី ភួង វីរៈ រៀបរាប់ថា៖« បងប្អូនណាដែលគាត់អញ្ជើញទៅបាន (ព្រមដោះដូរ) ជារឿងរបស់ពួកគាត់ ខ្ញុំត្រេកអរជាមួយពួកគាត់ តែជាក់ស្ដែងក្រុមគ្រួសារ១១គ្រួសារយើងនេះ ទទួលយកអ្វីដែលគាត់(រដ្ឋ) ដោះដូរឱ្យវាអត់បាន ទទួលយកទៅស្មើនឹងស្លាប់»។ លោកស្រី វីរៈ លើកហេតុផលដោយសារក្រុមគ្រួសារខាងលើមានចាស់ៗដែលមានជំងឺប្រចាំកាយ ត្រូវការនៅជិតមន្ទីរពេទ្យ កូនៗត្រូវការរៀនសាលាល្អៗក្នុងក្រុង ពិសេសគឺពួកគេប្រឈមនឹងមុខរបរការងារប្រចាំថ្ងៃ។ លោកស្រីបន្ថែម៖« ទី១បញ្ហាសេដ្ឋកិច្ច គឺបើទៅទីនោះ ខ្ញុំមិនដឹងប្រកបរបរអ្វីទេ គឺត្រូវចាប់ផ្តើមពីបាតដៃទទេត្រឡប់វិញ»។ លោកស្រីបន្ថែមទៀតថា ដីផ្ទះខ្លួនមានទំហំ៣៨គុណ៥២ម៉ែត្រ ហើយដែលអាចមានតម្លៃដល់ទៅ៧០ម៉ឺនដុល្លារ។

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ ពន្យល់ថា អាជ្ញាធរពិតជាយល់ទុក្ខលំបាកទាំងនេះ តែគ្មានជម្រើសផ្សេង ក្រៅពីដំណោះស្រាយដែលមានបច្ចុប្បន្ននេះទេ។ លោកបន្ថែមថា៖« យើងអត់មានទីតាំងថ្មីណា ក្រៅពីដីទីតាំងដែលរដ្ឋាភិបាលបានកំណត់ ជាដីដែលទិញទុកសម្រាប់ដោះស្រាយ គោលនយោបាយរបៀបហ្នឹង។ ហើយទីតាំងផ្សេងទៀត វាអត់មានទេ យើងក៏គ្មានជម្រើស ហើយគណៈកម្មការក៏បានជម្រាបជូនគាត់ ថាគាត់ត្រូវតែទៅ យើងផ្តល់កិច្ចសហការ ផ្តល់លទ្ធភាព ឱកាសសម្រាប់គាត់ស្ម័គ្រចិត្ត ប៉ុន្តែគាត់នៅស្ទាក់ស្ទើរ។ អ៊ីចឹងសេចក្ដីជូនដំណឹង បានចេញប៉ុន្មានថ្ងៃមុន ពីដើមសប្ដាហ៍មក អ៊ីចឹងអនុវត្តន៍ដោយបង្ខំហើយ»។

ក្នុងបទសម្ភាសនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ លោក លី សំរិទ្ធ ពន្យល់ទៀតថា រដ្ឋបាលខេត្តប្រកាន់គោលការណ៍អនុវត្តន៍កិច្ចការងារនេះ ដោយសមធម៌ និងតាមស្ដង់ដាមួយ ដោយមិនឱ្យលើសមិនឱ្យខ្វះ គឺស្មើៗគ្នា។ សម្រាប់ទីតាំងនៅតំបន់ភូមិធម្មជាតិរុន ក្នុងស្រុកបន្ទាយស្រី លោកអភិបាលរងខេត្តថា សមរម្យសម្រាប់ការដោះដូរខាងលើនេះ ហើយតំបន់នោះ មានបណ្ដាញផ្លូវថ្នល់ តភ្ជាប់មកក្រុងសៀមរាប និងទីប្រជុំដទៃទៀតរួចហើយដែរ។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក មួត សុភ័ក្រ្ដា បានប្រាប់សារព័ត៌មានថ្មីៗថា តាមការរៀបរាប់របស់ប្រជាពលរដ្ឋ គឺពួកគាត់កាន់កាប់ដីទាំងនោះត្រឹមត្រូវស្របច្បាប់ ហើយរស់នៅនិងទទួលសិទ្ធិកាន់កាប់បន្តពីឪពុកម្ដាយ ដែលទទួលដីទាំងនោះពីមេទ័ព ឬមេទាហាននៅសម័យក្រោយចប់សង្រ្គាម។ លោក សុភ័ក្ត្រាបន្ថែម៖« ក្នុងនាមអង្គការសង្គមស៊ីវិល ខ្ញុំទទួចស្នើសុំអាជ្ញាធរយកចិត្តទុកដាក់លើក្ដីកង្វល់ បញ្ហារបស់ប្រជាពលរដ្ឋមកធ្វើការសិក្សាឱ្យស៊ីជម្រៅមែនទែន ធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុន និងផ្ដល់ដំណោះស្រាយឱ្យគាត់សមស្របទៅតាមច្បាប់ ជាជាងការដាក់វិធានការចុះឈូសឆាយដោយបង្ខំ»។



យោងតាមសេចក្ដីជូនដំណឹងចុងក្រោយ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១៥ ខែកុម្ភៈ ដែលពលរដ្ឋទាំង១១គ្រួសារទទួលបាន គឺបានដាស់តឿនដល់ពលរដ្ឋទាំងនោះ ត្រូវប្រញាប់រុះរើសំណង់គ្រប់ប្រភេទជាបន្ទាន់ ឱ្យបានមុនថ្ងៃទី២០កុម្ភៈ។ ខ្លឹមសារលិខិតនោះសរសេរយ៉ាងដូច្នេះថា៖‍ «ដើម្បីពន្លឿននូវការអភិវឌ្ឍកែលម្អមាត់ស្ទឹងសៀមរាប ឱ្យមានសោភណភាព អនាម័យល្អ និងបម្រើនូវប្រយោជន៍សាធារណៈទូទៅ រដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះ ដើម្បីចុះអនុវត្តការរុះរើសំណង់អគារ និងសំណង់ការ្យផ្សេងៗ...ដែលស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ស្របតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងមាត្រា១៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ»។

ដ្បិតថា ដំណោះស្រាយថ្មី ដែលទាមទារដោយពលរដ្ឋទាំង១១គ្រួសារ មិនទាន់មានពន្លឺក្ដី តែលោកស្រី ភួង វីរៈ ប្រាប់ថា មិនទាន់អស់សង្ឃឹមឡើយ។ ក្នុងសប្ដាហ៍នេះ លោកស្រីបានដាក់ញត្តិ ទៅរដ្ឋបាលខេត្ត ស្នើសុំពន្យារពេលរុះរើ ដោយរង់ចាំរហូតមានដំណោះស្រាយថ្មី សមស្របដែលប្រជាពលរដ្ឋទាំង១១គ្រួសារ ព្រមទទួលយក។ លោកស្រីបន្ថែម៖« អំឡុងពេលនេះ ខ្ញុំសុំឱ្យខេត្ត កុំឱ្យមកប៉ះពាល់សំណង់ពួកខ្ញុំ។ ពួកយើងខ្ញុំ អត់ប្រឆាំងចំពោះការអភិវឌ្ឍទេ យើងខ្ញុំគាំទ្រ ប៉ុន្តែសុំឱ្យរដ្ឋបាលខេត្ត លោកគិតគូរឱ្យសមរម្យ ឱ្យបានយុត្ដិធម៌ ហើយគិតគូរពីផលវិបាក ហានិភ័យប្រជាពលរដ្ឋផង»។

យ៉ាងណាលោក លី សំរិទ្ធ នៅតែយោងលទ្ធភាព ក្នុងការពន្លឿនការអភិវឌ្ឍ និងការតាំងលំនៅមិនស្របច្បាប់ របស់ប្រជាពលរដ្ឋទាំង១១គ្រួសារ យ៉ាងដូច្នេះថា៖« តាមផ្លូវច្បាប់ យើងដឹងហើយ ដីចំណីស្ទឹង ជាដីសាធារណៈរបស់រដ្ឋ។ ទោះបីគាត់មកនៅប៉ុន្មាន ក៏អត់អាចធ្វើកម្មសិទ្ធិឯកជនបានដែរ។ ហើយសំណង់ទាំងអស់ទោះបីធំតូច គឺជាសំណង់ដែលគ្មានច្បាប់»៕

Tag:
 ដីចំណីស្ទឹង
  សៀមរាប
  គម្រោងផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com