COVID-19
អន្តរជាតិ
អធិបការតីអាល្លឺម៉ង់៖ វិបត្តិកូវីដ-១៩ ចប់ទៅលុះត្រាពិភពលោកចាក់វ៉ាក់សាំង អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល។ រូបថត Xinhua
× អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និយាយថា អាល្លឺម៉ង់ និងប្រទេសអ្នកមានឯទៀត ទំនងត្រូវបញ្ចេញវ៉ាក់សាំងរបស់ខ្លួនឱ្យប្រទេសក្រីក្រដើម្បីរួមចំណែកក្នុងការបញ្ចប់វិបត្តិកូវីដ-១៩ ។ ថ្លែងក្រោយជំនួបមេដឹកនាំប្រទេស G7 នៅថ្ងៃទី១៩ ខែកុម្ភៈ លោកស្រី មឺហ្គែល បញ្ជាក់ថា វិបត្តិកូវីដ-១៩ នឹងមិនចប់ឡើយ បើប្រទេសក្រីក្រមិនមានវ៉ាក់សាំងចាក់លើប្រជាជននោះ។ ជាការរួមចំណែករបស់ខ្លួន អាល្លឺម៉ង់ក៏ប្រកាសផ្ដល់លុយបន្ថែមទៀតដើម្បីជួយប្រទេសក្រីក្រ។
ប្រធានបទទទួលវ៉ាក់សាំង នៅតែជាបញ្ហាប្រឈមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ខណៈប្រទេសអ្នកមានមានវ៉ាក់សាំងដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន បណ្ដាប្រទេសអ្នកក្រជាច្រើន នៅមិនទាន់មានវ៉ាក់សាំងនៅឡើយ។ វិសមភាពនេះ ក្លាយជាក្ដីបារម្ភខ្លាំងព្រោះបើប្រទេសភាគច្រើននៅតែគ្មានវ៉ាក់សាំង ឬមានមិនគ្រប់នោះ វិបត្តិកូវីដ-១៩ នឹងមិនបញ្ចប់ទៅរហ័សឡើយ។
មេដឹកនាំអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នៅថ្ងៃទី១៩ ខែកុម្ភៈ បានលើកឡើងពីសារសំខាន់ដែលប្រទេសទាំងអស់ត្រូវមានវ៉ាក់សាំងដើម្បីទប់ទល់នឹងជំងឺរាលដាលមួយនេះ។ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) លោកស្រី មឺហ្គែល ប្រាប់អ្នកសារព័ត៌មានថា ទាំងអាល្លឺម៉ង់ ទាំងប្រទេសអ្នកមាននានា គួរចែកវ៉ាក់សាំងដែលខ្លួនមានក្នុងឃ្លាំងទៅឱ្យប្រទេសក្រីក្រីខ្លះ។
ទោះជាយ៉ាងណា អធិការបតីអាល្លឺម៉ង់បញ្ជាក់ថា មេដឹកនាំG7 មិនបានជជែកពីចំនួនវ៉ាក់សាំងជាក់លាក់ដែលអាចផ្ដល់ឱ្យប្រទេសផ្សេងឡើយ។ លោកស្រីគ្រាន់តែសង្កត់ធ្ងន់ថា៖ «ក្នុងបទអន្តរាគមន៍របស់ខ្ញុំ វិបត្តិនឹងមិនចប់ឡើយរហូតដល់មនុស្សទាំងអស់លើពិភពលោកទទួលបានវ៉ាក់សាំង។»
នៅថ្ងៃដដែលនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏ប្រកាសផ្ដល់លុយចំនួន១,៥ពាន់លានអឺរ៉ូ (១,៨ពាន់លានដុល្លារ) ដើម្បីជំរុញការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅតាមប្រទេសក្រីក្របំផុត។ នេះជាការផ្ដល់ជំនួយលើកទីពីរហើយសម្រាប់អាល្លឺម៉ង់ បន្ថែមពីទំហំលើកមុន៦០០លានអឺរ៉ូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz លើកឡើងថា វ៉ាក់សាំងជាផ្លូវតែមួយគត់ដើម្បីបញ្ចប់វិបត្តិជំងឺនេះ។
ចំណែកអឺរ៉ុបវិញ ក៏ប្រកាសបង្កើនការផ្ដល់លុយសម្រាប់យន្តការ COVAX ឱ្យដល់មួយពាន់លានអឺរ៉ូបដែរ។ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដើម្បីធានាវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រដែរ។ តាមរយៈយន្តការនេះ ប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងសម្រាប់ប្រជាជន២០ភាគរយ៕
Tag:
អាល្លឺម៉ង់
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com