COVID-19
ជាតិ
មិន​បិទ​សាលា​! ប៉ុន្តែ​ក្រសួង​អប់រំ រឹតបន្តឹង​វិធាន​សុខាភិបាល និង​ហាម​សកម្មភាព​កីឡា​លើស​២០​នាក់​
20, Feb 2021 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះ​មាន​ករណី​វិជ្ជមាន​៣២​នាក់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  នៅតែ​អនុញ្ញាតឱ្យ គ្រឹះស្ថាន​អប់រំ​ទាំងអស់ បន្ត​ដំណើរការ ប៉ុន្តែ​ត្រូវអនុវត្ត​វិធាន​សុខាភិបាល​ជា​ចាំបាច់​។ ជាមួយគ្នា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បានចេញ​សេចក្ដីណែនាំ និង ជូនដំណឹង ពី​ការ​រឹតបន្តឹង ការអនុវត្ត​វិធាន​សុវត្ថិភាព ការអនុញ្ញាតឱ្យ​មន្ត្រី​អប់រំ ធ្វើការ​ពី​ផ្ទះ និង​មិន​អនុញ្ញាតឱ្យ​លេង​កីឡា​លើសពី ២០​នាក់​។​

 
​នៅ​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីណែនាំ និង​សេចក្តីជូនដំណឹង ពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព នៅតាម​គ្រឹះស្ថានសិក្សា ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​
 
​ក្នុង​សេចក្ដីជូនដំណឹង រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បានលើកឡើង​ពី​ការផ្អាក​ការជួបជុំ និង​សកម្មភាព​កីឡា ដែលមាន​អ្នកចូលរួម​លើសពី​២០​នាក់​។ គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រឹះស្ថាន​អប់រំ ដែលមាន​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ត្រូវ​រាយការណ៍​ជា​បន្ទាប់​។​
 
​ដោយឡែក​ក្នុង​សេចក្ដីណែនាំ មួយ​ផ្សេងទៀត លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ មន្ត្រី​អប់រំ និង​បុគ្គលិក​ទាំងអស់ ត្រូវ​ឆ្លង​ឯកសារ​នានា តាម​ប្រព័ន្ធ​អន​ឡាញ ដូចជា​ការប្រើប្រាស់ Telegram, Whatsapp និង​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ ជំនួស​វិញ ។ 
 


​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ត្រូវ​បែងចែក​វេន សម្រាប់​អនុវត្ត​ការងារ ជៀសវាង ការកកស្ទះ​ការងារ​ក្នុង​ស្ថាប័ន​។ មន្ត្រី​អប់រំ បុគ្គលិក និង​សិស្ស​និស្សិត ទាំងអស់​ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​ជាការ​ពាក់​ម៉ាស់ ការ​លាងដៃ និង​ការ​វាស់​កម្ដៅ​រាល់ពេល​ចេញចូល​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣២​នាក់ ដែល​ធ្វើឱ្យ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា កើន​ដល់ ៥១៦​នាក់​៕
 

Tag:
 អប់រំ​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com