អន្តរជាតិ
លោក ប្រា​យុទ្ធ ឆ្លង​ផុត​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ជា​លើក​ទី​ពីរ​
20, Feb 2021 , 3:35 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅតែ​អាច​រក្សា​តំណែង​របស់ខ្លួន បន្ទាប់ពី​រួចផុត​ពី​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ជា​លើក​ទី​ពីរ​។ នា​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ក្រុម​បក្សប្រឆាំង​មិនអាច​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដក​ការទុកចិត្ត​ពី​លោក ប្រា​យុទ្ធ ឡើយ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​៩​នាក់​ទៀត ក៏​រួចខ្លួន​ដែរ​។ 

 
​កិច្ចប្រជុំ​ដើម្បី​ជជែក​សំណើ​ដក​សេចក្ដីទុកចិត្ត​ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​មន្ត្រី​៩​នាក់ ចាប់ផ្ដើម​បួន​ថ្ងៃ​មកហើយ​។ ក្រុម​បក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ថា គ្រប់គ្រង​សេដ្ឋកិច្ច​មិនបាន​ល្អ គ្មាន​ផែនការ​ច្បាស់លាស់​លើ​គម្រោង​វ៉ាក់សាំង​កូ​វីដ​-១៩ បំពាន​សិទ្ធិមនុស្ស និង​អំពើពុករលួយ​។  
 
​នា​កិច្ចប្រជុំ​ថ្ងៃទី​២០ ខែកុម្ភៈ ដែលជា​ថ្ងៃ​ចុងក្រោយ​បន្ទាប់ពី​ការជជែក​ដេញដោល​បែកផ្សែង​ក្នុង​សភា សំណើ​ដក​ការទុកចិត្ត​ពី​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ទទួល​ការគាំទ្រ​ត្រឹមត្រូវ​២០៦​សំឡេង​ប៉ុណ្ណោះ ហើយ​២៧២​ទៀត​បោះឆ្នោត​ប្រឆាំង​។ សមាជិកសភា​មកពី​សម្ពន្ធភាព​ចម្រុះ​កំពុងកាន់​អំណាច​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​សុទ្ធតែ​គាំទ្រ​លោក ប្រា​យុទ្ធ ។ ចំណែក​មន្ត្រី​៩​នាក់​ទៀត ក៏​រួច​ផុតពី​ការដក​សេចក្ដីទុកចិត្ត ទោះ​ទទួល​សំឡេង​មិន​ស្មើគ្នា​ក្ដី​។​
 
​នេះ​ជាការ​បោះឆ្នោត​លើ​ទំនុកចិត្ត​លើក​ពីរ​ហើយ​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០១៩ ដែល​កាលនោះ​លោក ប្រា​យុទ្ធ ក្លាយជា​នាយករដ្ឋមន្ត្រី​តាម​រដ្ឋធម្មនុញ្ញ​ដែល​របប​យោធា​របស់លោក​តាក់តែង​។ អំឡុង​កិច្ចប្រជុំសភា​នេះ លោក ប្រា​យុទ្ធ បាន​តតាំង​នឹង​ការចោទប្រកាន់​លើ​រូបលោក​ជាច្រើន ពិសេស​បក្ស​ឆ្ពោះទៅមុខ​ដែលជា​បក្សប្រឆាំង​ធំ​ទី​ពីរ​។ 
 
​សមាជិកសភា​បក្សប្រឆាំង​មួយ​នេះ ចោទ​លោក ប្រា​យុទ្ធ ថា បង្ក​ការបែកបាក់​ក្នុងសង្គម​ដោយ​យក​ច្បាប់​ការពារ​មហាក្សត្រ​ជា​ខែល​ការពារ​ការរិះគន់​លើ​រដ្ឋាភិបាល​របស់លោក​។ មេដឹកនាំ​ថ្មីថ្មោង​នេះ លោក Pita Limjaroenrat និយាយថា លោកនាយក​រដ្ឋមន្ត្រី​មិន​យល់​គោលការណ៍​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រើប្រាស់​រាជានិយម​ទៅ​ការពារ​ខ្លួន ដែលជា​ទង្វើ​មិនល្អ និង​សក្តិ​សមជា​នាយករដ្ឋមន្ត្រី​ឡើយ​។​
 
​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​បួនរូប ត្រូវ​ជាប់ឃុំ​ពាក់ព័ន្ធ​ករណី​បំពាន​ចេស្ដា​មហាក្សត្រ​នេះ​អំឡុងពេល​តវ៉ា​ជាច្រើន​ថ្ងៃ​កាលពី​ឆ្នាំមុន​។ ការកែប្រែ​ច្បាប់​ដ៏​តឹងរ៉ឹង និង​ការ​បន្ថយអំណាច​ស្ដេច ជាការ​ទាមទារ​មួយ​របស់​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន​។ ការតវ៉ា​ចាប់ផ្ដើម​មាន​វិញ​ហើយ​នៅ​ទីក្រុង​បាងកក ដោយ​ការទាមទារ​នៅតែ​ដដែល​៕
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com