អន្តរជាតិ
លោក ប្រាយុទ្ធ ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តជាលើកទីពីរ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅតែអាចរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តជាលើកទីពីរ។ នាកិច្ចប្រជុំនៅថ្ងៃទី២០ ខែកុម្ភៈ ក្រុមបក្សប្រឆាំងមិនអាចរកសំឡេងគ្រប់គ្រាន់ដើម្បីដកការទុកចិត្តពីលោក ប្រាយុទ្ធ ឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៩នាក់ទៀត ក៏រួចខ្លួនដែរ។
កិច្ចប្រជុំដើម្បីជជែកសំណើដកសេចក្ដីទុកចិត្តពីលោក ប្រាយុទ្ធ ចន្ទអូចា និងមន្ត្រី៩នាក់ ចាប់ផ្ដើមបួនថ្ងៃមកហើយ។ ក្រុមបក្សប្រឆាំងចោទរដ្ឋាភិបាលលោក ប្រាយុទ្ធ ថា គ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ គ្មានផែនការច្បាស់លាស់លើគម្រោងវ៉ាក់សាំងកូវីដ-១៩ បំពានសិទ្ធិមនុស្ស និងអំពើពុករលួយ។
នាកិច្ចប្រជុំថ្ងៃទី២០ ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយបន្ទាប់ពីការជជែកដេញដោលបែកផ្សែងក្នុងសភា សំណើដកការទុកចិត្តពីលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ទទួលការគាំទ្រត្រឹមត្រូវ២០៦សំឡេងប៉ុណ្ណោះ ហើយ២៧២ទៀតបោះឆ្នោតប្រឆាំង។ សមាជិកសភាមកពីសម្ពន្ធភាពចម្រុះកំពុងកាន់អំណាចដឹកនាំដោយបក្សកម្លាំងប្រជារាស្ត្រសុទ្ធតែគាំទ្រលោក ប្រាយុទ្ធ ។ ចំណែកមន្ត្រី៩នាក់ទៀត ក៏រួចផុតពីការដកសេចក្ដីទុកចិត្ត ទោះទទួលសំឡេងមិនស្មើគ្នាក្ដី។
នេះជាការបោះឆ្នោតលើទំនុកចិត្តលើកពីរហើយចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៩ ដែលកាលនោះលោក ប្រាយុទ្ធ ក្លាយជានាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញដែលរបបយោធារបស់លោកតាក់តែង។ អំឡុងកិច្ចប្រជុំសភានេះ លោក ប្រាយុទ្ធ បានតតាំងនឹងការចោទប្រកាន់លើរូបលោកជាច្រើន ពិសេសបក្សឆ្ពោះទៅមុខដែលជាបក្សប្រឆាំងធំទីពីរ។
សមាជិកសភាបក្សប្រឆាំងមួយនេះ ចោទលោក ប្រាយុទ្ធ ថា បង្កការបែកបាក់ក្នុងសង្គមដោយយកច្បាប់ការពារមហាក្សត្រជាខែលការពារការរិះគន់លើរដ្ឋាភិបាលរបស់លោក។ មេដឹកនាំថ្មីថ្មោងនេះ លោក Pita Limjaroenrat និយាយថា លោកនាយករដ្ឋមន្ត្រីមិនយល់គោលការណ៍រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រើប្រាស់រាជានិយមទៅការពារខ្លួន ដែលជាទង្វើមិនល្អ និងសក្តិសមជានាយករដ្ឋមន្ត្រីឡើយ។
សកម្មជនប្រឆាំងរដ្ឋាភិបាលបួនរូប ត្រូវជាប់ឃុំពាក់ព័ន្ធករណីបំពានចេស្ដាមហាក្សត្រនេះអំឡុងពេលតវ៉ាជាច្រើនថ្ងៃកាលពីឆ្នាំមុន។ ការកែប្រែច្បាប់ដ៏តឹងរ៉ឹង និងការបន្ថយអំណាចស្ដេច ជាការទាមទារមួយរបស់បាតុករដែលភាគច្រើនជាយុវជន។ ការតវ៉ាចាប់ផ្ដើមមានវិញហើយនៅទីក្រុងបាងកក ដោយការទាមទារនៅតែដដែល៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com