ជាតិ
ក្រុមហ៊ុនកូកាកូឡា នឹងសហការជាមួយអាជ្ញាធរជាតិអប្សរាញែកសំរាមយកទៅកែច្នៃ
× សៀមរាប៖ ក្រុមហ៊ុនកូកាកូឡា (Coca-Cola) បាននិងកំពុងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើការងារលើកស្ទួយបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ថ្មីៗនេះ ក្រុមហ៊ុនទើបនឹងបង្ហើបគម្រោងថ្មីមួយទៀត លើការងារញែកសំរាម ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ។ ក្រុមហ៊ុនភេសជ្ជៈមួយនេះ មានការជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការងារបរិស្ថាននេះ នឹងជួយកាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជាធ្វើឱ្យបរិស្ថានក្នុងតំបន់អង្គរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
ដើម្បីជ្រាបព័ត៌មានបន្ថែម សូមអញ្ជើញទស្សនាវីដេអូខាងក្រោម
នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុន កូកាកូឡា លោក រស់ សោភា បានលើកឡើងពីគម្រោងកម្មវិធីសំខាន់ៗចំនួនពីរ ដែលក្រុមហ៊ុនលោកគ្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទងនឹងបញ្ហាបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងនោះ មានជាអាទិ៍ ការបែងចែកសំរាមយកកែច្នៃនិងប្រើប្រាស់ឡើងវិញ ក្នុងន័យកាត់បន្ថយការបំពុលបរិស្ថានក្នុងតំបន់ទេសចរណ៍វប្បធម៌អង្គរ។ មួយទៀតគឺគម្រោងពង្រឹងគុណភាពចំណីអាហារ និងរៀបចំទៅតាមស្ដង់ដាសម្រាប់ទេសចរ។ ថ្លែងក្នុងពិធីប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យដល់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ លោក រស់ សោភា ពន្យល់ថា៖« យើងនឹងផ្តល់នូវជំនាញជាមូលដ្ឋានដល់ប្រតិបត្តិករផ្នែកម្ហូបអាហារ គឺផ្តល់វិធានការអនាម័យ ការគ្រប់គ្រងម្ហូបអាហារ ដើម្បីកសាងទំនុកចិត្តដល់ទេសចរ»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា វាពិតជាមានសារសំខាន់ណាស់ដែលវិស័យឯកជនមានកិច្ចសហប្រតិបត្តិការក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិខាងលើនឹងជួយលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងតំបន់ឧទ្យានអង្គរឱ្យកាន់តែមានភាពល្អប្រសើរ ស័ក្ដិសមជាបេតិកភណ្ឌពិភពលោក និងទាក់ទាញការចាប់អារម្មណ៍ពីទេសចរកាន់តែខ្លាំងឡើង។
ក្នុងការងារបរិស្ថាននេះដែរ ក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកមួយគ្រឿង បំពាក់ឧបករណ៍ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើ ក្នុងភូមិលាងដៃ។ តំណាងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ចាត់ទុកឧបករណ៍នេះថា រួមចំណែកមួយផ្នែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ព្រោះកន្លងមក ដោយសារគ្មានអគ្គិសនីចូលដល់ ថ្នាលបណ្ដុះកូនឈើខាងលើត្រូវពឹងលើម៉ាស៊ីនភ្លើងដើម្បីទាញទឹកស្រោចស្រព។ ដូច្នេះ អណ្ដូងទឹកដើរដោយថាមពលព្រះអាទិត្យ នឹងទាញទឹកមកប្រើប្រាស់ដោយស្វ័យប្រវត្តិ និងតាមតម្រូវការប្រើប្រាស់៕
Tag:
សំរាម
បរិស្ថាន
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com