ជាតិ
សោកស្តាយ​! ទន្សោង​មួយ​ក្បាល​ទម្ងន់​ជិត​១​តោន ងាប់​ដោយសារ​ជាប់អន្ទាក់​ព្រាន​នៅ​ព្រៃ​ព្រះ​រកា​
20, Feb 2021 , 6:59 pm        
រូបភាព
 នេះ​ជា​ទន្សោង​ដែល​ឧ​ទ្យា​នុ​រក្ស​ប្រទះឃើញ​ងាប់​នៅ​ដែនជម្រកសត្វព្រៃ​រកា កាលពី​ថ្ងៃទី​១៩​កុម្ភៈ ឆ្នាំ​២០២១​។ រូបថត​៖ លោក នេត្រ ភក្ត្រា រដ្ឋា​លេខាធិការ​ក្រសួងបរិស្ថាន​
នេះ​ជា​ទន្សោង​ដែល​ឧ​ទ្យា​នុ​រក្ស​ប្រទះឃើញ​ងាប់​នៅ​ដែនជម្រកសត្វព្រៃ​រកា កាលពី​ថ្ងៃទី​១៩​កុម្ភៈ ឆ្នាំ​២០២១​។ រូបថត​៖ លោក នេត្រ ភក្ត្រា រដ្ឋា​លេខាធិការ​ក្រសួងបរិស្ថាន​
ភ្នំពេញ​៖ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាលមាន​ទម្ងន់​រហូត​ជិត​១​តោន ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន ឃើញ​ងាប់​នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ក្នុង​ខេត្តព្រះវិហារ​។ លោក នេត្រ ភក្ត្រា រដ្ឋា​លេខាធិការ​ក្រសួងបរិស្ថាន បញ្ជាក់ថា ការបាត់​បង់ជីវិតរ​បស់​ទន្សោង​នេះ គឺ​ដោយសារតែ​ជាប់អន្ទាក់​ប្រភេទ​ខ្សែកាប​និង​ការបាញ់សម្លាប់​របស់​ព្រានព្រៃ​។

 
​បើតាម​លោក​នេត្រ ភក្ត្រា ទន្សោង​នេះ​បាន​ងាប់ កាលពី​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២១ ក្រោយមក​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រទះឃើញ​សាកសព នា​ថ្ងៃទី​១៩​កុម្ភៈ​។ បច្ចុប្បន្ន សព​របស់​ទន្សោង​នេះ បាន​យក​បញ្ចុះ​តាមបែប​ប​ប្រពៃណី នៅ​ស្នាក់ការ​បរិស្ថាន​ក្នុង​បរិស្ថាន​ចុង​ភូមិ​អូរ​កក់ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។ 
 
​ការបាត់​បង់ជីវិតរ​បស់​សត្វ​កម្រ​មួយ​ក្បាល​នេះ គឺជា​ការសោកស្តាយ​យ៉ាងខ្លាំង​សម្រាប់​ក្រសួងបរិស្ថាន ក៏​ដូច​ពលរដ្ឋ​កម្ពុជា​ផងដែរ​។ លោក​នេត្រ ភក្ត្រា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​សត្វ​ទន្សោង​ចន្លោះ​ពី​២,៧០០​ទៅ​៥,៧០០​ក្បាល កំពុង​រស់នៅក្នុង​ដែន​ជម្រក​និង​តំបន់​ការពារ​នានា​។ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នារ​សៀ​ស​ថ្ងៃទី​២០​កុម្ភៈ ថា ចំនួន​នេះ បានធ្វើឱ្យ​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក  ខណៈ​នៅលើ​ពិភពលោក ត្រូវបាន​គេ​ប៉ានស្មាន​មាន​ចន្លោះ​ពី​៥,៩០០ ទៅ​១១,០០០​ក្បាល ប៉ុណ្ណោះ​។ 
 
​ថ្វី​ដ្បិត​កម្ពុ​ជាមាន​សត្វ​ទន្សោង​រស់នៅ​ច្រើន​ជា​គេ​នៅ​ពិភពលោក ប៉ុន្តែ​ការបាត់​បង់ជីវិត​រប​ស់​ប្រភេទ​សត្វ​នេះ ដោយសារតែ​អន្ទាក់ និង​ការបាញ់សម្លាប់​របស់​ព្រានព្រៃ​នៅតាម​ដែនជម្រកសត្វព្រៃ ក៏មាន​ទំហំ​ច្រើន​ផងដែរ​។ កាល​ឆ្នាំ​២០២០ មាន​សត្វ​ទន្សោង និង​ខ្ទីង​ជាង​១០​ក្បាល បាន​ងាប់​ដោយសារ​អន្ទាក់ និង​ការ​បរបាញ់​។ លោក​នេត្រ ភក្ត្រា បញ្ជាក់ថា​៖«​ចំនួន​នេះ គឺ​យើង​បាន​រាប់​តែ​ករណី​ដែល​ក្រុមការងារ​យើង​[​ឧ​ទ្យា​នុ​រក្ស​] រកឃើញ​ប៉ុណ្ណោះ​»​។ ក្នុង​ឆ្នាំ​២០២០​ដដែល មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដោះ​អន្ទាក់​របស់​ព្រានព្រៃ​បាន​រហូត​ជិត​៥​ម៉ឺន​អន្ទាក់​។ អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ ដែលមាន​និន្នាការ​កើនឡើង ទាំង​ប្រភេទ​អន្ទាក់​ខ្សែ​គោ​, ខ្សែកាប និង​ខ្សែ​ឆក់​ជាដើម​។ លោក​នេត្រ ភក្ត្រា បន្ត​និយាយ​ដូច្នេះ​៕ 

Tag:
 ទន្សោង​
  លោក នេត្រ ភក្ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com