COVID-19
ជាតិ
COVID-19៖ ឆ្លង១៧នាក់ទៀតនៅកម្ពុជាក្នុងនោះ១៥នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ
21, Feb 2021 , 7:34 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាថ្ងៃនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​១៧នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ១៥នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ ១នាក់ជាអ្នកដំណើរពីបរទេស និង១នាក់ទៀតជាពលករមកពីថៃ។



តាមក្រសួងសុខាភិបាល​១៥ករណីដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ មានស្ត្រីជន​ជាតិ​ចិន​១១នាក់ បុរសចិន​៣នាក់ និង​ស្ត្រីវៀតណាម១នាក់។ ១៣នាក់ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង​៣នាក់នៅមណ្ឌលសុខភាពចាក់អង្រែ។

១ករណីទៀត ជាស្ត្រីជនជាតិឆេក អាយុ៤៣ឆ្នាំ ដែលបាន​ធ្វើដំណើរមកពីប្រទេសរបស់ខ្លួន បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ។ គាត់មានវិជ្ជមានកូវីដ-១៩ ក្រោយតេស្តលើកទី២។ បច្ចុប្បន្នសម្រាកព្យាបាលនៅពេទ្យខ្មែរសូវៀត រីឯអ្នកដំណើរ​៧៧នាក់ទៀត បន្តធ្វើចត្តាឡីស័ក។

រីឯករណីពលករមកថៃ អ្នកជំងឺជាបុរស​អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅឃុំវត្តអង្គត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ គាត់មកដល់ខ្មែរនៅថ្ងៃទី១៨ ខែកុម្ភៈ។ បច្ចុប្បន្នគាត់សម្រាកព្យាបាលនៅ​មន្ទីរពេទ្យបង្អែកបន្ទាយមានជ័យ។

ជាមួយគ្នា អ្នកជាសះស្បើយថ្មី មាន​៣នាក់ ក្នុងនោះមាន​បុរសនីហ្សេរីយ៉ា អាយុ២៦ឆ្នាំ, ស្ត្រីចិនអាយុ២៦ឆ្នាំ និងស្ត្រីពលករអាយុ២៦ឆ្នាំម្នាក់។

របាយការណ៍ក្រសួងបង្ហាញថា តួលេខអ្នកឆ្លងសរុបនៅកម្ពុជាឡើង​ដល់៥៣៣នាក់ ក្នុងនោះ៤៧៣នាក់ បាន​ជាសះស្បើយ និង៦០នាក់បន្ត​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើគិត​តែចំនួន​អ្នកឆ្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ អ្នកជំងឺមាន​៤៣នាក់ ដែលភាគច្រើនបំផុតជាជន​ជាតិ​ចិន និងវៀតណាម២នាក់។

រីឯចំនួនពលករមកពីថៃ​វិញ ឡើងសរុបដល់៩០នាក់ ក្នុងនោះ៨៨នាក់ បានជាសះស្បើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com