ជាតិ
អភិវឌ្ឍសេដ្ឋកិច្ចបៃតងស្ថិតនៅក្នុងផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីរយៈពេល២០ឆ្នាំ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត ។ រូបថត WWF Cambodia
× ភ្នំពេញ៖ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានឯកភាពទទួលយកផែនការរៀបចំដែនដីរយៈពេល២០ឆ្នាំ ដែលត្រូវបានរៀបចំជាលើកដំបូង។ ផែនការនេះ ត្រូវបានឯកភាពទទួលយកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយភាពរស់រវើក និងនិរន្តភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយ ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជាយុទ្ធសាស្ត្រ ដែលមានចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍រយៈពេលវែង (២០២១-២០៤០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃសហគមន៍មូលដ្ឋាន ការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។ ផែនការនេះក៏ជាការបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ តុល្យភាពនៃការបែងចែក ប្រើប្រាស់ដី ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គម ។
លោក ម៉េង បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានលើកឡើងថា៖ « ផែនការរៀបចំដែនដីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឱ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល ២០ ឆ្នាំខាងមុខ »។
រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia
សេចក្ដីប្រកាសព័ត៌មានបានអះអាងថា ការរៀបចំដែនដីក្នុងខេត្តមណ្ឌលគិរីជា ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលផ្សារភ្ជាប់និងការអភិរក្ស។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត បានលើកឡើងផងដែរថា៖ « ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី មានទិសដៅផ្តល់ឥទ្ធិពលលើការសម្រេចចិត្តនិងកសាងភាពជាម្ចាស់រួមគ្នាលើការអភិវឌ្ឍប្រកបដោយតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលបាននូវសេវាសាធារណៈប្រកបដោយសមធម៌ »។
រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia
« ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិសង្ឃឹមថាផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី នឹងត្រូវបានប្រើជាឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីតម្រង់ទិសដៅជាអាទិភាពសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តដ៏ស្រស់ស្អាតមួយនេះ តាមរយៈការដោះស្រាយតម្រូវការបច្ចុប្បន្ន និងការធានាបាននូវការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយនិរន្តភាពរយៈពេលវែង និងមានការបំភាយឧស្ម័នកម្រិតទាប » ។ នេះជាការលើកឡើងរបស់លោកស្រី ហាញ ងូយយេន(Hanh Nguyen) នាយកបេសកកម្មស្តីទី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាត(USAID) ។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានលើកឡើងថា៖ « អង្គការWWF ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តភាពដើម្បីថែរក្សាការពារជីវៈចម្រុះសម្បូរបែបនៅក្នុងខេត្តមណ្ឌលគិរី»។
សូមជម្រាបផងដែរថា ដំណើរការនៃការបង្កើតផែនការរៀបចំដែនដី មានការចូលរួមពីពហុភាគី និងត្រូវបានផ្តួចផ្តើមឡើងនៅខែមករា ឆ្នាំ ២០១៧ ដោយមានការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ច ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប (EU)។ ការបង្កើតផែនការរៀបចំដែនដី ត្រូវបានចាប់ផ្តើមនៅខែ តុលា ឆ្នាំ ២០១៨ ក្រោមការគាំទ្រថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការ WWF កម្ពុជា៕
រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia
Tag:
មណ្ឌលគិរី
សេដ្ឋកិច្ចបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com