CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ​-​កង់​ប្រើ​អគ្គិសនី នៅ​ខេត្តកណ្តាល
ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ​-​កង់​ប្រើ​អគ្គិសនី នៅ​ខេត្តកណ្តាល
21, Feb 2021 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន ONION MOBILITY CO., LTD ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ជា​ផ្លូវ​ការឱ្យ​បង្កើត​រោងចក្រ​ដំឡើង​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ដែល​ប្រើប្រាស់​ដោយ​ថាមពល​អគ្គិសនី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណ​ភូមិ ខេត្តកណ្តាល​។ ក្រុមហ៊ុន​ONION MOBILITY គឺជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​MVL ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​។​

 
​ការចុះផ្សាយ​របស់​CDC​បាន​បញ្ជាក់ថា ONION MOBILITY បាន​បោះទុន​២០​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រ​ដំឡើង​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី ហើយ​អាចបង្កើត​ការងារ​ជូន​ពលរដ្ឋ បាន​ជិត​៤០០​កន្លែង​។ ជាមួយគ្នានេះ CDC ក៏បាន​អនុម័ត​ឱ្យ​២​ក្រុមហ៊ុន​ផ្សេងទៀត បើក​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ និង​ផលិត​សំបក​កង់​យានយន្ត នៅ​ខេត្តស្វាយរៀង ផងដែរ​។ 


 
​បើតាម​CDC ក្រុមហ៊ុន​ទាំង​២​នោះ មាន​SHANE (CAMBODIA) FURNITURE បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​ក្នុងតម្លៃ​វិនិយោគ​៤៧,៧​លាន​ដុល្លារ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​។ តាមរយៈ​ការបង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ គឺអាច​បង្កើត​ការងារ​បាន​ជាង​៨00​កន្លែង ខណៈ​ក្រុមហ៊ុន CART TIRE CO., LTD ក៏​អាច​ចូលរួម​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​បាន​៣៨០​កន្លែង​ទៀត​នៅក្នុង​ខេត្តស្វាយរៀង ផងដែរ​។ 
 
CDC បាន​លើកឡើងថា ក្រុមហ៊ុន​CART TIRE បាន​បោះទុន​វិនិយោគ​ប្រមាណ ១៥​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ បាវិត ៕ 





Tag:
 បរិស្ថាន​
  CDC
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com