ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ញឹក សិរី​រតនា ប្តេជ្ញា​បណ្ដុះបណ្ដាល​យុវជន ដើម្បី​រក្សា​តម្លៃ​សិល្បៈ​ចម្លាក់​ស្បែក​
21, Feb 2021 , 3:05 pm        
រូបភាព
​ដោយ ៖ ឡុង តូន​

​សៀមរាប​៖ ផ្ដើមចេញពី​ស្ថាន​ភាពជា​ក្មេង​កំព្រា​ឳ​ពុក​ម្ដាយ លោក ញឹក សិរី​រតនា បាន​តស៊ូ​រៀនសូត្រ​អស់​រយៈពេល​៤​ឆ្នាំ​លើ​ជំនាញ​ផលិត គូរ និង​ដាប់​ឆ្លាក់​វត្ថុ​សិល្បៈ ដែល​ផលិត​អំពី​ស្បែក​សត្វ (​គោ ក្របី​) នៅក្នុង​ខេត្តសៀមរាប​។ មាន​បទពិសោធ​ជាង​៥​ឆ្នាំ លោក សិរី​រតនា បានសម្រេច​ចិត្ត​បើក​សិប្បកម្ម​ផ្ទាល់ខ្លួន​នៅ​ចុងឆ្នាំ​២០០១​។ បច្ចុប្បន្ន លោក សិរី​រតនា កំពុង​បន្ត​អាជីព​ចម្លាក់​ស្បែក​នេះ សម្រាប់​លក់ និង​តាំង​បង្ហាញជូន​ភ្ញៀវទេសចរ​។



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដ​អូ ដូចតទៅ​៖ 
 


«​ថ្នាំ​ដែល​ប្រើប្រាស់​លើ​ស្បែក គឺជា​ថ្នាំ​ធម្មជាតិ យក​ចេញពី​សំបកឈើ​។ សំបកឈើ ត្រូវ​ដំ​ឲ្យ​ទក់ រួច​យកមក​ស្ងោរ​ឲ្យ​បានជា​ទឹក​ថ្នាំ ដើម្បី​យកមក​លាប​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក សិរី​រតនា ដោយ​បន្ថែមថា លោក ត្រូវ​សម្អាត​ស្បែក​សត្វ​ទាំងនោះ​ឲ្យ​ស្អាត ព្រមទាំង​បំបាត់​ក្លិន​ស្បែក​ទាំងអស់ មុននឹង​លោក​យកមក​លាបថ្នាំ​។ ជាមួយគ្នានេះ ស្បែក​សត្វ​ដែល​បាន​សម្អាត​រួច​ត្រូវ​រក្សាទុក​រយៈពេល​៣​ខែ មុននឹង​យក​ស្បែក​ទាំង​នោះមក​គូរ​ជា​រូបចម្លាក់​។ 
 
​ត្បិត​ថា ការធ្វើ​សិប្បកម្ម​ចម្លាក់​នេះ មាន​រយៈពេល​យូរ តែ​លោក សិរី​រតនា នៅតែ​បន្តការងារ​នេះ ព្រមទាំង​បណ្ដុះបណ្ដាល​យុវជន​ជាច្រើន​ទៀត ដើម្បី​មាន​ជំនាញ​ច្បាស់លាស់ និង​រក្សា​តម្លៃ​សិល្បៈ​ចម្លាក់​ស្បែក​។ នៅក្នុង​សិប្បកម្ម​ចម្លាក់​ស្បែក​របស់លោក សិរី​រតនា ផ្តោត​សំខាន់​លើ​វត្ថុ​សិល្បៈ​ជា​អាទិភាព​សម្រាប់​តាំង​លម្អ ព្រោះ​ការផលិត​វត្ថុ​សិល្បៈ​សម្រាប់​សម្ដែង​ពុំ​សូវ​មាន​ទីផ្សារ​។ 
 
​អ្នកជំនាញ​សិល្បៈ​ស្បែក​រូបនេះ អះអាងថា ការបើក​កន្លែង​បណ្ដុះបណ្ដាល​ជំនាញ​ផលិត​ចម្លាក់​ស្បែក​នេះ ដើម្បី​បន្សល់ទុក​ស្នាដៃ​នៃ​មរតក​វប្បធម៌​មួយ​នេះ ដល់​មនុស្ស​ជំនាន់​ក្រោយ​។ លោក សិរី​រតនា បានសម្រេច​ចិត្ត​បណ្ដុះបណ្ដាល​ដល់​យុវជន​៥​នាក់​ដំបូង ដែល​ពួកគាត់​ទាំងនោះ​មកពី​គ្រួសារ​ក្រីក្រ​។ រយៈពេល ៣​ឆ្នាំ ក្រោយ សិប្ប​កម្មនេះ បាន​បណ្ដុះបណ្ដាល​យុវជន​ចំនួន ២៥​នាក់ និង​កំពុង​បណ្ដុះបណ្ដាល​យុវជន​បន្ថែមទៀត​៕ 
 
 

Tag:
 សិល្បៈ​
  ចម្លាក់​ស្បែក​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com