COVID-19
អន្តរជាតិ
ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ឥណ្ឌា សុំ​ការអត់ធ្មត់​ពី​ប្រទេស​ដែល​រង់ចាំ​វ៉ាក់សាំង
21, Feb 2021 , 8:29 pm        
រូបភាព
​វិទ្យាស្ថាន Serum ដែលជា​រោងចក្រ​ផលិត​វ៉ាក់សាំង​ធំជាងគេ​របស់​ពិភពលោក បាន​ស្នើសុំ​ការអត់ធ្មត់​ពី​បណ្ដា​ប្រទេស​រង់ចាំ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ខ្លួន​ផលិត​។ មេ​ធំ​របស់​ក្រុមហ៊ុន​នេះ សរសេរ​លើ Twitter ថា ក្រុមហ៊ុន​របស់លោក ត្រូវបំពេញ​តម្រូវការ​ក្នុងស្រុក​ផង និង​ត្រូវ​បញ្ចេញ​ទៅ​ក្រៅប្រទេស​។

 
«​ខ្ញុំ​ស្នើ​អ្នក​ឱ្យ​អត់ធ្មត់​។​» លោក Adar Poonawall នាយក​ប្រតិបត្តិ​វិទ្យាស្ថាន Serum សរសេរ​លើ Twitter បែបនេះ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ លោក​បន្តថា ក្រុមហ៊ុន​របស់លោក ត្រូវបាន​បង្គាប់​ឱ្យ​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​សិន ព្រម​គ្នា​រក្សា​តុល្យភាព​វ៉ាក់សាំង​ដែល​ត្រូវ​នាំចេញ​ផងដែរ​។ លោក​ថា ក្រុមហ៊ុន​របស់លោក កំពុង​ប្រឹងប្រែង​ពី​លទ្ធភាព​ហើយ​។​
 
​រោងចក្រ​របស់ Serum មាន​ទីតាំង​ទីក្រុង Pune ដែល​នៅ​ភាគ​ខាងលិច​ឥណ្ឌា​។ រោងចក្រ​នេះ ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ក្រោម​ឈ្មោះ Covishield ។ ឥណ្ឌា ក៏​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​៣០០​លាន​នាក់​ផងដែរ បន្ថែម​ពីលើ​វ៉ាក់សាំង​ក្នុងស្រុក​មួយ​ប្រភេទ​ទៀត​។ 
 
​ប្រទេស​ជាច្រើន​ទាំង​អ្នកក្រ និង​អ្នកមាន​មធ្យម​ចាប់ពី​បង់​ក្លា​ដែ​ស រហូតដល់​ប្រេ​ស៊ី​ល ពឹងផ្អែក​ខ្លាំង​លើ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum ។ ប្រទេស​លោកខាងលិច​មា​ន​កាណាដា ក៏​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​នេះដែរ​។ លោក Poonawall សន្យា​ដល់​វ៉ាក់សាំង​ឱ្យ​កាណាដា​នៅ​ខែក្រោយ​។ និយ័ត​ករ​ឱសថ​អង់គ្លេស ក៏​កំពុង​វាយតម្លៃ​វ៉ាក់សាំង Covishield ដែរ ហើយ​ក្នុងករណី​ផ្ដល់​ការយល់ព្រម វិទ្យាស្ថាន Serum ទំនង​មាន​បន្ទុក​ថែមទៀត​។​
 
​ខណៈ​តម្រូវការ​ច្រើនជាង​ការផ្គត់ផ្គង់ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏​រង​ការរិះគន់​មិនតិច​ដែរ​ទាក់ទង​ការចាប់ផ្ដើម​យឺតយ៉ាវ​នៃ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​។ អាជ្ញាធរ​ឥណ្ឌា គ្រោង​ពង្រីក​កម្មវិធី​វ៉ាក់សាំង​របស់ខ្លួន​ថែមទៀត​នៅពេល​ខាងមុខ​។ ឥណ្ឌា​មាន​អ្នក​ឆ្លង​ច្រើនជាង​១០​លាន​នាក់ តាម​ពីក្រោយ​អាមេរិក​។​
 
​វ៉ាក់សាំង ក្លាយជា​ឧបករណ៍​ការទូត​មួយ​សម្រាប់​ទីក្រុង​ញូវដែលី ដែល​បាន​ប្រជែង​ជាមួយ​ចិន​ក្នុង​ការផ្ដល់​វ៉ាក់សាំង​ឱ្យ​ប្រទេស​ក្រីក្រ​ជាច្រើន​។ នៅ​អាស៊ី​ខាងត្បូង ឥណ្ឌា បាន​ដឹក​វ៉ាក់សាំង​ឱ្យ​ម៉ា​ល់​ឌី​វ ស្រីលង្កា និង​ប៊ូ​តង់​ជាដើម ដែល​សុទ្ធសឹង​ជាទី​តាំង​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ក្រុង​ប៉េកាំង​៕
 
  

Tag:
 ឥណ្ឌា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com