ជាតិ
សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ សិក្សា​លទ្ធភាព​ច្នៃ​ស្វាយកែវ​រមៀត​ធ្វើជា​ដំណាប់ ស្រា និង​ទឹកខ្មេះ​
21, Feb 2021 , 10:29 pm        
រូបភាព
សកម្មភាពកសិករក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរកំពុងប្រមូលផលស្វាយ(រូបពីហ្វេសប៊ុកសហគមន៍សាមគ្គីតំបែរ)
សកម្មភាពកសិករក្នុងសហគមន៍កសិកម្មសាមគ្គីតំបែរកំពុងប្រមូលផលស្វាយ(រូបពីហ្វេសប៊ុកសហគមន៍សាមគ្គីតំបែរ)
ដោយ:
​សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ ខេត្ត​ត្បូងឃ្មុំ កំពុង​សិក្សា​ពី​លទ្ធភាព កែច្នៃ​ស្វាយកែវ​រមៀត ជា​ដំណាប់ ស្រា និង​ទឹកខ្មេះ​។ លោក អុំ សុភា ប្រធាន​សហគមន៍​កសិក​ម្ម​សាមគ្គី​តំបែរ បាន​ពន្យល់​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា មូលហេតុ​ដែល​សហគម​ន៍​កសិកម្ម​ឲ្យ​កែច្នៃ​ស្វាយ ដោយសារតែ​កន្លងមក ទិន្នផល​ស្វាយ​ដែល​កសិករ​ប្រមូលបាន​លក់បាន​តម្លៃ​ទាប ហើយ​ស្វាយ​ប្រមាណ ១០​ភាគរយ ត្រូវ​ចោល​រៀងរាល់ឆ្នាំ​ដោយសារ​មិនមាន​អ្នកទិញ​។

 
​បើតាម​លោក អុំ សុភា សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ មាន​ផ្ទៃដី​ដាំ​ស្វាយកែវ​រមៀត ប្រមាណ ១២៤ ហិកតា ស្មើនឹង​ប្រមាណ​៣​ម៉ឺន​ដើម ដែល​អាច​ផ្តល់​ទិន្នផល​ស្វាយ​ប្រមាណ ៣ ៧២០​តោន​សម្រាប់​ស្វាយ​ខ្ចប់ និង​ប្រមាណ​២​ពាន់​តោន សម្រាប់​ស្វាយ​ខៀវ​។  
 
​លោក​ប្រធាន​សហគមន៍​បាន​ប្រាប់ថា ដ្បិត​សហគមន៍​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ទិញ​ស្វាយ តែ​ក្រុមហ៊ុន​ទទួល​ទិញ​តែ​ស្វាយ​លេខ​មួយ​ប៉ុណ្ណោះ​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖« ឲ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ស្វាយ សហគមន៍​អាច​លក់​បានតែ​ស្វាយ​ខ្ចប់​ប៉ុណ្ណោះ សម្រាប់​ស្វាយ​ខៀវ​មានតម្លៃ​ទាប​ណាស់ ហើយ​ពេលខ្លះ​មិនមាន​អ្នកទិញ​ផង​។ យ៉ាងហោច​ស្វាយ ១០​ភាគរយ ត្រូវបាន​បោះចោល ដូច្នេះ​វា​ជា​វត្ថុធាតុដើម ដែល​សហគមន៍​គិតថា​អាច​កែច្នៃ ជា​ដំណាប់ ស្រា ទឹកខ្មេះ និង​អ្វី​ផ្សេងទៀត​»​។ 


រូបពីហ្វេសប៊ុកសហគមន៍សាមគ្គីតំបែរ 

​ប្រធាន​សហគមន៍​រូប​នេះ​បាន​ប្រាប់​ThmeyThmey25​ថា​៖«​បច្ចុប្បន្ន ស្វាយកែវ​រមៀត​ខ្ចប់ ដែល​សហគមន៍​ចុះ​កុងត្រា ជាមួយ​ក្រុមហ៊ុន អាច​លក់​ក្នុងតម្លៃ ១ ២០០-១ ៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ស្វាយ​ខៀវ អាច​លក់បាន​ត្រឹម​តម្លៃ ៣០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ហើយ​ពេលខ្លះ​ក៏​មិនមាន​អ្នកទិញ​ផង​»​។ 
 
​ដោយ​មើលឃើញ​បញ្ហា​នេះ សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ បានដាក់​សំណើ​ជូនទៅ​ក្រសួងកសិកម្ម ដើម្បី​ឲ្យ​ជួយផ្ដល់​នូវ​ធនធាន​ប​ច្ចេកទេស និង​សម្ភារ​មកដល់​សហគម​ន៍​ផងដែរ​។ ទន្ទឹមនឹងនោះ លោក អុំ សុភា ក៏បាន​លើកទឹកចិត្ត ឲ្យ​កសិករ​ដាំ​ស្វាយ​ផ្សេងទៀត​ចូល​ជា​សមាជិក​សហគមន៍  សាមគ្គី​តំបែរ​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្វាយ​នេះ ខណៈ​បច្ចុប្បន្ន​សហគមន៍​កសិក​ម្ម​សាមគ្គី​តំបែរ មាន​សមាជិក ៧០​នាក់​ប៉ុណ្ណោះ​៕
 


 ស្វាយកែវរមៀតក្នុងសហគមន៍សាមគ្គីតំបែរ(រូបពីហ្វេសប៊ុកសហគមន៍កសិកម្មសាមគ្គីតំបែរ)

Tag:
 អ៊ សុភា​
  ស្វាយកែវ​រមៀត​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com