អន្តរជាតិ
ទិដ្ឋភាព​មិន​ធ្លាប់​ឃើញ​នៅ​ភព​ព្រះ​អង្គារ ដែល​ផ្តិត​ដោយ​យាន​ណា​សា Perseverance
21, Feb 2021 , 7:29 pm        
រូបភាព
ដោយ: ធីតា
Perseverance ដែលមាន​រហស្សនាម​ថា Percy ជា​យាន​រុករក​ភព​អង្គារ (Mars rover) ដែល​ចាប់ដំណើរការ​ពីថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០២០ មក​។ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ យាន​របស់​ទីភ្នាក់ងារ​អវកាស​ណា​សា​មួយ​នេះ បាន​ចុះចត​ដោយ​ជោគជ័យ​នៅ​ភព​ព្រះ​អង្គារ ហើយ​បាន​បញ្ជូន​រូបភាព​ដ៏​ទាក់ទាញ និង​មិន​ធ្លាប់​ឃើញ​ពីមុន​ជា​បន្តបន្ទាប់​។​


 
​ក្រោយ​ចំណាយពេល​២០៣​ថ្ងៃ លើ​ចម្ងាយ​ផ្លូវ ៤៧២​លាន​គីឡូម៉ែត្រ យាន Perseverance បាន​ទៅ​ភព​ព្រះ​អង្គារ​ដែល​គោលដៅ​របស់ខ្លួន​។ បេសកកម្ម Mars 2020 ដ៏​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​អះអាង​ដោយ​អង្គភាព Jet Propulsion Laboratory របស់​ណា​សា ដែល​ស្ថិតនៅ​រដ្ឋ Southern California សហរដ្ឋអាមេរិក​។​

 
 
«៧​នាទី​ពោរពេញ​ដោយ​ក្តី​រន្ធត់​» (Seven Minutes of Terror) ជា​ពេលវេលា​ដ៏​ញាប់​ញ័រ​បំផុត ដោយសារតែ​យាន Perserverance ត្រូវ​ចុះចត​ដោយ​ខ្លួនឯង​នៅ​ភព​អង្គារ ឬ​ផែនដី​ក្រហម (Red Plantet) ដោយ​គ្មាន​ជំនួញ​អន្តរាគមន៍​បច្ចេកទេស​ពី​ណា​សា​នៅ​ភពផែនដី​។ 
 
​ទីបំផុត Perseverance បាន​ចុះចត​ប្រកបដោយ​ជោគជ័យ ហើយ​ទីភ្នាក់ងារ​ណា​សា បានបង្ហាញ​រូបភាព​អបអរសាទរ ប្រកបដោយ​ក្តីរំភើប​។ «​ខ្ញុំ​បានមកពី​ចម្ងាយ​ជិត​៣០០​លាន​ម៉ា​យល៍ ហើយ​ខ្ញុំ​ទើបតែ​ចាប់ផ្តើម​»​។ គណនី Twitter ផ្លូវការ Nasa’s Perseverance Mars Rover បាន​សរសេរ​យ៉ាង​ដូច្នេះ ហើយ​បន្ត​បង្ហោះ​រូប​ភាពជា​បន្តបន្ទាប់​។​
 
Perseverance បាន​ចុះចត​នៅ​ទីតាំង​ដែល​ណា​សា​ដាក់ឈ្មោះ Jezero Crater (​ជា​ភាសា​ស្លា​វិក មានន័យថា បឹង​)​។ ទីតាំង​នោះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា ធ្លាប់ជា​បឹង​កាល​ប្រមាណ​ពី​៣ ទៅ​៤​ពាន់​លាន​ឆ្នាំមុន​។​
 
​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ដំណើរ​របស់ Perseverance ទៅកាន់​ភព​ព្រះ​អង្គារ រហូតដល់​ចុះចត​ដោយ​ជោគជ័យ​។ លោក​បាន​កោតសរសើរ​ការប្រឹងប្រែង​តស៊ូ​យ៉ាងខ្លាំង​ក្លា​របស់​ក្រុមការងារ​អង្គការ​ណា​សា​៕
 















Tag:
 អវកាស​
  ណា​សា​
  ភព​ព្រះ​អង្គារ
© រក្សាសិទ្ធិដោយ thmeythmey.com