COVID-19
ជាតិ
សង្គមជាតិ
ត្រឹមតែ​១​ថ្ងៃ ទីតាំង​ជិត​២០០០​កន្លែង ចុះឈ្មោះ​ប្រើប្រាស់ QR Code «Stop COVID»
21, Feb 2021 , 5:29 pm        
រូបភាព
​ក្នុង​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​កម្ពុជា​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» គឺមាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ​ជាដើម ចំនួន​១,៩៥៤ បាន​ចុះឈ្មោះ​បង្កើត​QR Code នេះ សម្រាប់​ប្រើប្រាស់​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​រសៀល​ថ្ងៃទី​២១​កុម្ភៈ ឆ្នាំ​២០២១​។​

 
​តាមរយៈ​ចំនួន​ជិត​២​ពាន់​ទីតាំង​នានា​ខាងលើ​ដែល​បានឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid»  គឺមាន​មនុស្ស​ជាង​១១,០០០​នាក់ បាន​ស្កេ​ន​QR Code នេះ​។ ក្រសួង​ប្រៃសណីយ៍ បាន​អះអាងថា ការចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid»​យ៉ាងច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​ត្រឹម​២៤​ម៉ោង​នេះ គឺ​បានបញ្ជាក់​ពី​ការគាំទ្រ និង​ការយកចិត្តទុកដាក់រ​បស់​ប្រជាពលរដ្ឋ ក្នុង​ការចូល​រួមការ​ពារ​សុខភាព​សាធារណៈ​សម្រាប់​ទាំងអស់គ្នា​។ 
 
​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​QR Code «Stop COVID» គឺ​បន្ទាប់ពី​ការប្រកាស​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កាលពី​ថ្ងៃ​ព្រឹក​ម្សិលមិញ ដែល​រហូត​ថ្ងៃទី​២១​ខែកុម្ភៈ​នេះ មាន​មនុស្ស​៤៣​នាក់​ហើយ បាន​ឆ្លង​កូ​វីដ​-១៩​នៅ​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​៣​នេះ ខណៈ​ក្រសួងសុខាភិបាល​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ 
 
​ក្រសួង​ប្រៃសណីយ៍​ក៏​ដូច​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​គ្រឹះស្ថាន​នានា និង​សាធារណជន​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​កាត់បន្ថយ​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។ 
 
​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការប្រើ​ន​ប្រាស់​ប្រព័ន្ធ​ស្កេ​ន​QR Code នេះ  សាធារណជន​អាចទាក់ទង​ទៅ​មជ្ឈមណ្ឌល​ទំនាក់ទំនង​បឋម​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាមរយៈ​លេខ​កូដ​ខ្លី ១២៣ ឬ ០៩៩ ៨៨៨ ៥១៦/ ០១២ ៩៧៩ ០៧៩ ដោយ​ឥតគិតថ្លៃ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២១​កុម្ភៈ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៥៣៣​នាក់​។ ក្នុងនោះ​មាន​៤៧៣​នាក់ ជាសះស្បើយ និង​៦០​នាក់​ទៀត កំពុង​សម្រាក​ព្យាយាម​នៅ​មន្ទីរពេទ្យ​នានា​៕ 

Tag:
 QR Code
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com