អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីម្នាក់នៅកុងហ្គោ ត្រូវបានប្តឹងពីបទផឹកស៊ីមិនឲ្យលុយគ្រប់
22, Feb 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
អ្នកស្រី Bijou Malanga ដែលជាម្ចាស់ហាងមួយកន្លែងនៅក្រុង Lingwala នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (កុងហ្គោ- គីនស្ហាសា) បានសម្រេចប្តឹងលោក Moussa Mondo ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអ៊ីដ្រូកាបូន ពីបទផឹកស៊ីមិនឲ្យលុយគ្រប់។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Politico CD។



ក្នុងពាក្យបណ្តឹងមួយដែលផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី Sylvestre Ilunga Ilunkamba កាលពីថ្ងៃទី១៩ ខែកុម្ភៈ អ្នកស្រី Bijou Malanga បានរាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រី Moussa Mondo បានជំពាក់លុយខ្លួនចំនួន១១០០ដុល្លារអាមេរិក។

ម្ចាស់ហាងរូបនេះ បានអះអាងថា នាអំឡុងនៃពិធីបុណ្យរំលឹកខួបនៃអំពើឃាតកម្មលើអតីតប្រធានាធិបតី លោក Laurent-Desire Kabila កាលពីថ្ងៃទី១៦ ខែមករា លោកឧបនាយករដ្ឋមន្ត្រី Mondo បានទៅហាងរបស់ខ្លួន ជាមួយមន្ត្រីមួយចំនួនទៀត ដោយគាត់បានកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ និងច្រៀងខារ៉ាអូខេ ផងដែរ។

ក្រោយបញ្ចប់កម្មវិធី អ្នកស្រី Malanga បានចេញវិក្កយបត្រ ដែលមានទឹកប្រាក់ចំនួន១៧៥០ដុល្លារអាមេរិក ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីចេញតែ៦៥០ដុល្លារប៉ុណ្ណោះ ដោយនៅជំពាក់១ ១០០ដុល្លារ។ ប៉ុន្តែចាប់ពីពេលនោះមក អ្នកស្រី មិនដែលត្រូវបានទាក់ទងឲ្យយកលុយនោះដែរ។

បើតាម Politico CD ប្រមុខរដ្ឋាភិបាល ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ មិនទាន់មានការឆ្លើយជាផ្លូវការនោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com