COVID-19
ជាតិ
អ្នកឆ្លង COVID-19 ចំនួន៣៥នាក់ទៀតនៅកម្ពុជា ដោយ៣១នាក់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
22, Feb 2021 , 7:04 am        
រូបភាព
ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩
ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​៣៥នាក់ទៀត ដោយ​៣១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង៤នាក់ជាអ្នកដំណើរពីបរទេស។



ករណីសហគមន៍៣១នាក់ មានបុរសជនជាតិខ្មែរ​៥នាក់ កុមារាអាយុ១១ឆ្នាំ ១នាក់ ស្ត្រីខ្មែរ​៥នាក់ បុរសចិន៧នាក់ ស្ត្រីចិន​១២នាក់ និង​បុរសកូរ៉េខាងត្បូង១នាក់។ អ្នកទាំងនោះ ភាគច្រើនមានអាសយដ្ឋានក្នុងរាជធានីភ្នំពេញ លើកលែង​បុរសខ្មែរអាយុ​៤៧ឆ្នាំម្នាក់ មានអាសយដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងចំណោមនោះ ១៧នាក់ ត្រូវបាន​ដាក់សម្រាកឲ្យព្យាបាល​នៅមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន ១៣នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត និង១នាក់នៅមណ្ឌលសុខភាពចាក់អង្រែ។

រីឯ៤ករណីទៀត ជាករណីនាំចូល ដែលមានបុរសជនជាតិខ្មែរ​អាយុ៤៣ឆ្នាំ ដែលមកពីហ្គាណា, បុរសចិនអាយុ៣៨ឆ្នាំ, ៤០ឆ្នាំ និងស្ត្រីចិនអាយុ២៩ឆ្នាំ ដែលមកពីប្រទេសរបស់ខ្លួន ហើយមកដល់កម្ពុជានៅថ្ងៃទី១១ ខែកុម្ភៈ។

ជាមួយគ្នា អ្នកជំងឺ​២នាក់ទៀតបានជាសះស្បើយ ដែលក្នុងនោះមាន​បុរសឥណ្ឌាអាយុ២៨ឆ្នាំ និង​ស្ត្រីឥណ្ឌាអាយុ២២​ឆ្នាំ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៥៦៨នាក់ ដោយ៤៧៥នាក់បានជាសះស្បើយ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់៧៦នាក់ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com