ជាតិ
សុខភាព
សម្តេច ទៀ បាញ់៖ វេជ្ជបណ្ឌិតម្នាក់ដែលសង្ស័យឆ្លងកូវីដ-១៩ មានលទ្ធផលតេស្តអវិជ្ជមាន
22, Feb 2021 , 11:05 am        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ រូបតំណាង
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ រូបតំណាង
ភ្នំពេញ៖ វេជ្ជបណ្ឌិតម្នាក់ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩  គឺទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាននៃជំងឺនេះ។ នេះជាការលើកឡើងរបស់សម្តេច ទៀ បាញ់ ដោយបញ្ជាក់ប្រាប់ ThmeyThmey នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ថា បច្ចុប្បន្ន វេជ្ជបណ្ឌិតម្នាក់នោះ កំពុងចត្តាឡីស័កនៅគេហដ្ឋានផ្ទាល់ខ្លួន បន្ទាប់ពីរកឃើញថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩។

 
បើតាមសារជាសំឡេងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមានរយៈពេលជិត៥នាទី លោកវេជ្ជបណ្ឌិតម្នាក់នោះ គឺបានបើកគ្លីនិកមួយកន្លែង ដោយបានព្យាបាលចំមនុស្សដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយលោកវេជ្ជបណ្ឌិតម្នាក់នោះ ក៏បានទៅបង្រៀនក្រុមគ្រូពេទ្យទាហាននានារបស់ក្រសួងការពារជាតិ។ ទទួលដំណឹងបែបនេះភ្លាម រដ្ឋមន្ត្រីក្រសួងការពាររូបនេះ បានបញ្ជាឱ្យក្រុមគ្រូពេទ្យទាំងឡាយណាដែលបានចូលរៀនឬពាក់ព័ន្ធជាមួយនឹងលោកវេជ្ជបណ្ឌិតរូបនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័កជាបន្ទាន់។ 
 
ជាមួយនឹងគ្នានេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ ប្រធានមន្ទីរពេទ្យព្រះកេតុមាលា ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ផងដែរថា ក្រុមគ្រូពេទ្យយោធាដែលជាប់ពាក់ព័ន្ធនឹងលោកវេជ្ជបណ្ឌិតដែលបានព្យាបាលជំងឺកូវីដ-១៩នោះ គឺបានធ្វើតេស្តអស់ហើយ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ 
 
ក្រសួងសុខាភិបាលបានរកឃើញមនុស្សចំនួន៧៦នាក់ហើយដែលបានឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គិតត្រឹមថ្ងៃទី២២ខែកុម្ភៈ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៥៦៨ ដោយក្នុងនោះ មាន៤៧៥នាក់ បានជាសះស្បើយ និង៩៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា៕ 
 

Tag:
 សម្តេច ទៀ បាញ់
  COVID-19
  ពេទ្យកេតុមាលា
© រក្សាសិទ្ធិដោយ thmeythmey.com