កីឡាអន្តរជាតិ
អន្តរជាតិ
La Liga៖ Real Madrid ឡើងទៅកាន់តែកៀក Atletico Madrid ខណៈ Barcelona ខកចិត្ត
22, Feb 2021 , 11:26 am        
រូបភាព
ដោយ ជា យូគៀង 

អធិរាជស Real Madrid ដែលជាក្រុមការពារតំណែងជើងឯក ក្រសោបបាន៣ពិន្ទុសម្រាប់បន្តប្រជែងពានរង្វាន់ក្នុងរដូវកាល ២០២០-២០២១ ក្នុងក្របខណ្ឌ La Liga សប្តាហ៍ទី២៤ ។ ក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមខកចិត្តក្រោយក្រុម Cadiz តាមស្មើចុងម៉ោង។



ក្លិបយក្ស Real Madrid អាចយកបាន៣ពិន្ទុពីក្រុម Real Valladolid ក្នុងការប្រកួតនារាត្រីថ្ងៃទី២១ ខែកុម្ភៈ។ មួយគ្រាប់នៅនាទី៦៥ ដែលរកបានដោយកីឡាករសញ្ជាតិប្រេស៊ីល Casemiro បានជួយឲ្យ Real មានសង្ឃឹមក្នុងការប្រជែងពានរង្វាន់ឡើងវិញដោយមាន៥២ពិន្ទុតាមពីក្រោយក្រុម Atletico Madrid ដែលឈរកំពូលតារាងមាន៥៥ពិន្ទុ។
 
ចំណែកឯក្រុមអ្នកមានបុណ្យ Barcelona រងការខកចិត្តតែប៉ុណ្ណោះក្រោយបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Cadiz ដោយលទ្ធផល ១-១។ គ្រាប់បាល់របស់ Barcelona រកបានដោយកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅនាទី៣២ ពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ប៉ុន្តែក្លិប Cadiz បានតាមស្មើនៅចុងម៉ោងនាទី ៨៩ ដោយកីឡាករ Alex Fernandez។
 
កីឡាករសញ្ជាតិអាហ្សង់ទីន Messi ក៏បានបំបែកកំណត់ត្រារបស់អតីតមិត្តរួមក្រុម Xavi Hernandez ផងដែរជាមួយការបង្ហាញខ្លួនឲ្យក្លិបលើកទី៥០៦ នៅគ្រប់ការប្រកួតទាំងអស់ ឈរលើ Xavi ដែលបង្ហាញខ្លួនឲ្យក្លិបបាន ៥០៥លើក។
 
ចំណែកការប្រកួតផ្សេងទៀតនារាត្រីថ្ងៃទី ២១ ខែកុម្ភៈ  Valencia ឈ្នះ Celta Vigo ២-០ ឯ Real Sociedad ឈ្នះ ៤-០ លើក្រុម Deportivo Alaves សម្រាប់ជំនួបសប្តាហ៍ទី២៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com