COVID-19
អន្តរជាតិ
ចិននិងឥណ្ឌា ដកទ័ពរួចរាល់ចេញតំបន់ជម្លោះលើជួរភ្នំហិមាល័យ
22, Feb 2021 , 2:43 pm        
រូបភាព
បឹង Pangong ថតចេញពីទឹកដីចិន។ រូបថត Xinhua
បឹង Pangong ថតចេញពីទឹកដីចិន។ រូបថត Xinhua
កងទ័ពចិន និងឥណ្ឌា បានដកចេញចប់សព្វគ្រប់ហើយនៅតំបន់បឹង Pangong នៅលើជួរភ្នំហិមាល័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់មេបញ្ជាការកងទ័ពចិន និងឥណ្ឌា នៅថ្ងៃទី២១ ខែកុម្ភៈ។ កិច្ចការបន្ទាប់ ភាគីទាំងពីរនឹងចរចា ដកកងទ័ពនៅតំបន់ជម្លោះផ្សេងទៀត។

 
 
 
ដូចការឯកភាពគ្នា ចិន និងឥណ្ឌាបានកងទ័ពខ្លួនរួចរាល់ហើយ ចេញពីតំបន់ជម្លោះនៅជ្រោយភាគខាងជើង និងខាងត្បូង នៃបឹង Pangong នៅលើជួរភ្នំហិមាល័យ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសពីរ។ 
 
«ភាគីទាំងពីរវាយតម្លៃយ៉ាងវិជ្ជមានលើការដកទ័ពជួរមុខដោយរលូនចេញពីតំបន់បឹង Pangong»។ សេចក្តីប្រកាសព័ត៌មានរួមរវាងចិន និងឥណ្ឌា បានបញ្ជាក់បែបនេះ ដោយបន្ថែមថា វាជាជំហានដ៏សំខាន់មួយ ក្នុងការឈានទៅដោះស្រាយជម្លោះផ្សេងទៀតក្នុងខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) នៅតំបន់ភាគខាងលិច។ ខ្សែ LAC នេះជាព្រំដែនរវាងរវាងយក្សទាំងពីរ ព្រោះព្រំដែនជាក់លាក់មិនបានកំណត់នៅឡើយ។
 
ស្របគ្នានេះដែរ មេបញ្ជាការរបស់ប្រទេសជិតខាងទាំងពីរ បានសន្យាគោរពតាមការព្រមព្រៀងរបស់មេដឹកនាំរដ្ឋ ក្នុងការបន្តទំនាក់ទំនង និងកិច្ចពិភាក្សា, រក្សាស្ថិរភាព, ជំរុញឱ្យមានការទទួលស្គាល់សេចក្តីសម្រេចទៅវិញទៅមក ដើម្បីរក្សាសន្តិភាពរួមគ្នា និងភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែន។ 
 
នៅក្នុងកិច្ចព្រមព្រៀងរវាងជំនួបមេដឹកនាំយោធា បន្ទាប់ពីដកកងទ័ពបានរយៈពេល ៤៨ម៉ោង មេបញ្ជាការកងទ័ពចិន និងឥណ្ឌា នឹងត្រូវជួបគ្នាបន្តទៀត ដើម្បីចរចាដកកងទ័ពនៅតំបន់ជម្លោះក្នុងតំបន់ផ្សេងទៀត តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
គួររំឭកថា ក្នុងអំឡុងពេលដកកងទ័ពខាងលើ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh បានស្នើថា ភាគីទាំងសងខាង គួរតែដកទ័ព ទៅមូលដ្ឋានទ័ពអចិន្រ្តៃយ៍ និងព្រមព្រៀងដូចមុនវិញ ដើម្បីធានាដល់ស្ថិរភាព ក៏ដូចជាការដកកងទ័ព។ 
 
កន្លងមក ចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាជាច្រើនលើកនៅតំបន់ព្រំដែននេះ។ ក្នុងខែមិថុនា ឆ្នាំ២០២០ កងទ័ពចិន និងឥណ្ឌា បានប៉ះគ្នា ក្នុងតំបន់Ladakh ដែលបង្កឱ្យទាហានឥណ្ឌាស្លាប់ ២០នាក់ និងរបួសជាច្រើននាក់ ខណៈចិនមិនបញ្ចេញតួលេខភ្លាមឡើយ ហើយទើបបង្ហាញកាលពីសប្ដាហ៍មុនដោយមានទាហានបួននាក់ស្លាវ់។ ថ្មីៗនេះ កងទ័ពចិន និងឥណ្ឌា  បានប៉ះទង្គិចគ្នាតំបន់ភ្នំហិមាល័យនេះនៅច្រក Naku La ដែលភ្ជាប់រដ្ឋ Sikkim របស់ឥណ្ឌាទៅតំបន់ស្វយ័តទីបេរបស់ចិន៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com