ការទទួលទានកាហ្វេភ្លាមៗបន្ទាប់ពីក្រោកពីគេង ឬមិនទាន់ទទួលទានអ្វីសោះអាចបង្កផលអាក្រក់ច្រើនជាងល្អ។ វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ពេលវេលាល្អបំផុតដើម្បីទទួលទានកាហ្វេ គឺចន្លោះម៉ោង ៩ៈ៣០ នាទីព្រឹក និងម៉ោង ១១ៈ៣០ នាទីព្រឹក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទទួលទានកាហ្វេនៅពេលពោះទទេរ ៖
១. អ្នកអាចមានអារម្មណ៍ងងុយគេងជាងមុន
កាហ្វេ គឺជាភេសជ្ជៈដែលអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាង ប៉ុន្តែការទទួលទានវាភ្លាមៗបន្ទាប់ពីក្រោកពីគេងអាចផ្ដល់ឥទ្ធិពលផ្ទុយមកវិញ។ កាហ្វេអ៊ីនអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសនិងបង្កបញ្ហាពាក់ព័ន្ធជាមួយការគេងដែលជាលទ្ធផលនៃអាការៈអស់កម្លាំង។ ប្រសិនបើអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយការទទួលទានកាហ្វេ cappuccino ដាក់ស្ករ ១ពែង អ្នកអាចមានអារម្មណ៍ងងុយគេងម្ដងទៀតក្រោយកំឡុងពេលខ្លីមួយ។ វាកើតឡើងដោយសាររាងកាយផលិតអាំងស៊ុយលីនដើម្បីទូទាត់កម្រិតនៃជាតិស្ករបណ្ដាលឱ្យកម្រិតនៃគ្លុយកូសក្នុងឈាមធ្លាក់ចុះ ជាលទ្ធផលនៃកង្វះថាមពលនិងថប់បារម្ភ។
២. រាងកាយអាចបាត់បង់ជាតិរ៉ែចាំបាច់យ៉ាងឆាប់រហ័ស
ការទទួលទានកាហ្វេជាប្រចាំនាពេលព្រឹកព្រលឹមអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិរ៉ែនិងវីតាមីនសំខាន់ៗជាច្រើន។ វាអាចជះផលប៉ះពាល់ដល់ការស្រូបយកជាតិដែក ម៉ាញ៉េស្យូម និងវីតាមីនក្រុម B ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទ។ កាហ្វេអ៊ីនច្រើនពេកក៏មិនល្អដល់កម្រិតនៃជាតិកាល់ស្យូមក្នុងឆ្អឹងដែលនាំឱ្យឆ្អឹងខ្សោយផុយស្រួយផងដែរ។
៣. វាអាចបណ្ដាលឱ្យឈឺពោះ
អ្នកអាចនឹងចូលបន្ទប់ទឹកញឹកញាប់ដោយសារការទទួលទានកាហ្វេនៅពេលពោះទទេរ។ កាហ្វេធ្វើឱ្យប្រព័ន្ធសសៃប្រសាទសកម្មដែលជះឥទ្ធិពលលើពោះវៀនជាលទ្ធផលនៃការរាគ។ មនុស្សភាគច្រើនក៏ចូលចិត្តបន្ថែមទឹកដោះគោ ឬគ្រីមក្នុងកាហ្វេផងដែរ ហើយអ្នកដែលពិបាករំលាយឡាក់តូសប្រាកជាជួបប្រទះអាការៈមិនស្រួលក្នុងពោះជាមិនខាន។
៤. វាអាចនាំឱ្យកើនទម្ងន់
ទោះបីកាហ្វេអាចជួយដុតបំផ្លាញខ្លាញ់ ប៉ុន្តែវាក៏អាចជះផលប៉ះពាល់ដល់វដ្តនៃការគេងផងដែរ។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកមានទំនោរឃ្លានខ្លាំងជាងធម្មតាចំពោះអាហារផ្អែមៗ។ ភេសជ្ជៈកាហ្វេភាគច្រើនមានផ្ទុកជាតិស្ករនិងកាឡូរីដែលជាហេតុចម្បងមួយនាំឱ្យកើនទម្ងន់។
៥. វាអាចនាំឱ្យអាការៈនៃជំងឺថប់បារម្ភកាន់តែអាក្រក់ឡើង
វាមិនមែនជារឿងចំលែកអ្វីឡើយដែលការទទួលទានកាហ្វេអាចបណ្ដាលឱ្យកើតមានអាការៈញ័រ ចង្អោរចង់ក្អួត និងបេះដូងលោតញាប់ខុសប្រក្រតី ជាពិសេសចំពោះអ្នកដែលចាញ់ជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃជំងឺថប់បារម្ភ ឬធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៊ឺនឡើង ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺនេះស្រាប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានកាហ្វេតែម្ដង។ ហើយអ្នកក៏គួរតែកម្រិតការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនដទៃដូចជាតែ ភេសជ្ជៈកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំងផង។
៦. វាអាចបណ្ដាលឱ្យស្បែកស្ងួត
នេះក៏ព្រោះតែកាហ្វេអ៊ីនមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដែលអាចបង្កអាការៈខ្សោះជាតិទឹកក្នុងរាងកាយ។ ដូច្នេះជាតិពុលពិបាកនឹងកម្ចាត់ចេញពីរាងកាយតាមរយៈស្បែក។ ជាលទ្ធផលស្បែកនឹងស្ងួត ហើយងាយរងគ្រោះពីបញ្ហាផ្សេងៗដូចជាស្នាមជ្រីវជ្រួញជាដើម។
៧. វាអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម
កាហ្វេពេលព្រឹករបស់អ្នកអាចបណ្ដាលឱ្យកោសិកាពិបាកនឹងគ្រប់គ្រងជាតិស្ករដែលជាលទ្ធផលនៃបញ្ហាសុខភាពផ្សេងៗ៕