ការស្រាវជ្រាវថ្មីមួយបានជំទាស់នឹងជំនឿថាថា មនុស្សវ័យចំណាស់ភាគច្រើនទៅគេងឆាប់ ហើយមានបញ្ហានៃការគេងនៅពេលយប់។
អ្នកស្រាវជ្រាវបានធ្វើការសម្ភាសន៍តាមរយៈទូរស័ព្ទទៅលើមនុស្សចូលនិវត្តន៍ជិត១.២០០នាក់ដែលមានអាយុលើសពី៦៥ឆ្នាំ ហើយបានរកឃើញថា ជាងពាក់កណ្តាលនៃពួកគេបាននិយាយថា ពួកគេបានគេងយ៉ាងហោចណាស់៧,៥ម៉ោងក្នុងមួយយប់ ហើយគេងនៅចន្លោះម៉ោង១១យប់ដល់ម៉ោង៧កន្លះព្រឹក។
ប្រហែល៧៥%នៃមនុស្សវ័យចំណាស់នោះបាននិយាយថា ពួកគេបានគេងជាមធ្យមគឺច្រើនជាង៦,៧៥ម៉ោងក្នុងមួយយប់។ ១/៤នៃនៃមនុស្សវ័យចំណាស់ផ្សេងទៀតបាននិយាយថា ពួកគេគេងបានតិចជាង៦,៧ម៉ោងក្នុងមួយយប់ ហើយមានការលំបាកក្នុងការគេង និងគេងលក់បាននៅពេលថ្ងៃទៅវិញ។
អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Pittsburgh បាននិយាយថា គុណភាពនៃការគេងចំពោះមនុស្សវ័យចំណាស់អាចអាស្រ័យទៅលើសុខភាពនៃបុគ្គលម្នាក់ៗ, ជាជាងអាស្រ័យទៅលើអាយុរបស់ពួកគេ។ ពួកគេក៏បានសម្គាល់ឃើញថា ការគេងនៅពេលថ្ងៃចំពោះមនុស្សវ័យចំណាស់ជារឿយៗត្រូវបានទាក់ទងទៅនឹងថ្នាំ, ជំងឺ និងបញ្ហានៃការគេងនៅពេលយប់ ហើយមិនអាចត្រូវបានទាក់ទងទៅនឹងអាយុនោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Healthy Aging and Clinical Care in the Elderly។
ធីម៉ូធី ម៉ាង (Timothy Monk) ជាសាស្ត្រាចារ្យខាងផ្នែកជំងឺផ្លូវចិត្តនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pittsburgh បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ចំពោះបញ្ហាដែលបានមើលទៅលើការគេងនោះ, មនុស្សវ័យចំណាស់ភាគច្រើនកំពុងតែមានភាពប្រសើរឡើងជាងអ្វីបានគិតទូទៅ។
ម៉ាងបានសម្គាល់ឃើញថា ប្រសិនបើអ្នករក្សាខ្លួនអ្នកអោយមានសុខភាពល្អ ហើយព្យាបាលជំងឺនានាដែលទាក់ទងទៅនឹងអាយុនោះ, អ្នកនឹងអាចគេងបានលក់ស្រួលដូចក្មេងៗអញ្ចឹងដែរ។ ទោះបីជាមនុស្សវ័យចំណាស់មួយចំនួនមានបញ្ហាធំទៅនឹងការគេងដែលត្រូវការការព្យាបាលពិតមែនក្តី, ប៉ុន្តែភាគច្រើននៃមនុស្សវ័យចំណាស់មិនបង្ហាញពីបញ្ហានៃការគេងពេលយប់ ឬពេលថ្ងៃនោះទេ៕