អន្តរជាតិ
ប្រទេស​អ្នកមាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ឲ្យ​ប្រទេស​ក្រីក្រ​
22, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Sinovac របស់​ចិន នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​
​រូប​ឯកសារ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុង​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Sinovac របស់​ចិន នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​
ដោយ: VOA
​នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​អ្នកមាន​បំផុត​និង​ក្រុមហ៊ុន​ឱសថ​នៅលើ​ពិភពលោក បាន​ប្តេជ្ញា​ថា នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក​។

 
​ការប្រកាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ មុន​កិច្ចប្រជុំ G-7 ផ្ទាល់​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​នឹង​ពិភាក្សា​ពី​វិធី​ទប់​ទល់នឹង​ជំងឺ​រាតត្បាត​ជាស​កល និង​ស្តារ​សេដ្ឋកិច្ច​សកល​ឡើងវិញ​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វិសមភាព​ការចាក់​វ៉ាក់សាំង​នឹង​បន្លាយពេល​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​
 
​ថ្ងៃ​សុក្រ​នេះ គឺជា​លើកដំបូង​ហើយ ដែល​លោក Joe Biden ប្រធានាធិបតី​អាមេរិក បង្ហាញខ្លួន​នៅឯ​កិច្ចប្រជុំ G-7​។ បន្ទាប់មក​លោក​នឹង​ជិះ​យន្តហោះ​ទៅ​ទីក្រុង Kalamazoo រដ្ឋ Michigan ជា​កន្លែង​ដែល​លោក​នឹង​ទៅ​ទស្សនា​កន្លែង​ផលិត​វ៉ាក់សាំង​កូ​វីដ​របស់​ក្រុមហ៊ុន Pfizer និង​ជួប​កម្មករ​ដែល​ផលិត​វ៉ាក់សាំង​នេះ​។​
 
​បណ្តាញ​ព័ត៌មាន Associated Press បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​ជាង ១០០.០០០ នាក់ ត្រូវបាន​បញ្ជាក់ថា មាន​ជំងឺ​កូ​វីដ​១៩ នៅ​ទ្វីបអាហ្វ្រិក​ដែលជា​កន្លែង​ដែល​ខ្វះ​វ៉ាក់សាំង​នេះ​។​
 
​កាលពី​ថ្ងៃ​សុក្រ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១៣.៤៣៣ ក្នុង​រយៈពេល ២៤ ម៉ោង​មុន និង​ស្លាប់ ៤៧០ នាក់​។ វិទ្យាស្ថាន​ជាតិ​របស់​ជប៉ុន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​និយាយថា សណ្តាន​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ បាន​លេចឡើង​នៅឯ​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​ក្រុង​តូ​ក្យូ​។​
 
​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​លុបចោល​ការបិទ​សកម្មភាព​សង្គម​រយៈពេល ៥ ថ្ងៃ សមាជិកគ្រួសារ​បីនាក់​បានធ្វើ​តេស្ត​រកឃើញ​វីរុស​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com