អន្តរជាតិ
លោក ត្រាំ ស្នើ​លោក គីម ឱ្យ​ជិះ Air Force One ទៅ​កូរ៉េខាងជើង​វិញ​ក្រោយ​ជំនួប​ឆ្នាំ​២០១៩
22, Feb 2021 , 9:29 pm        
រូបភាព
ដោយ:
​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់​បានស្នើ​ជូន​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅ​កូរ៉េខាងជើង​វិញ​តាម​យន្តហោះ​ប្រធានាធិបតី Air Force One ក្រោយ​បញ្ចប់​ជំនួប​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ទីក្រុង​ហាណូយ ក្នុង​ឆ្នាំ​២០១៩​។ គ្រានោះ លោក ត្រាំ ធ្វើដំណើរ​តាម​យន្តហោះ ចំណែក​លោក​គីម​ធ្វើដំណើរ​តាម​រថភ្លើង​ជាច្រើន​ថ្ងៃ​ពី​កូរ៉េខាងជើង​កាត​ចិន​ទៅ​ទីក្រុង​ហាណូយ​សម្រាប់​ជំនួប​លើក​ទី​ពីរ​។​

 
​យោងតាម​ឯកសារ​ដែលមាន​ចំណងជើង «Trump Takes on the World» របស់​សារព័ត៌មាន​អង់គ្លេស BBC ការស្នើ​ជូន​លោក​គីម ជុង​អ៊ុន ទៅ​កូរ៉េខាងជើង​វិញ​ពី​សំណាក់​មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ទ្រាំ ធ្វើឱ្យ​អ្នកការទូត​អាជីព​គ្រប់រូប​ភ្ញាក់ផ្អើល​ក្រៃលែង​។ ប៉ុន្តែ​លោក គីម បាន​បដិសេធ​សំណើ​លោក ត្រាំ ភ្លាមៗ​ផងដែរ​។ លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​ជា​លើក​ទី​ពីរ នៅ​ទីក្រុង​ហាណូយ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ជជែក​ពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការលើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​។ 
 
​បើ​កាលនោះ លោក គីម ព្រម​តាម​ការអញ្ជើញ​របស់លោក​ត្រាំ​មែន នោះ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង និង​គណៈប្រតិភូ​ប្រទេស​នេះ នឹងត្រូវ​ធ្វើដំណើរ​ក្នុង​យន្តហោះ​ផ្លូវការ​របស់​ប្រធានាធិបតី​អាមេរិក​មិន​ខាន​។ យន្តហោះ Air Force One នឹងត្រូវ​ហោះចូល​ដែនអាកាស​កូរ៉េខាងជើង​ទៀតផង ដែល​នឹង​បង្កើតជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជាច្រើន​។ 
 
​លោក Matthew Pottinger អ្នកជំនាញ​សន្តិសុខ​តំបន់​អាស៊ី នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ជា​អ្នក​ប្រាប់​ពី​ហេតុការណ៍​នេះ​ទៅ​សារព័ត៌មាន BBC ។ បើ​រាម​លោក Pottinger  លោក ត្រាំ និយាយថា លោក​អាច​ជូន​លោក គីម ទៅ​កូរ៉េខាងជើង​វិញ​ត្រឹមតែ​រយៈពេល​២​ម៉ោង​ប៉ុណ្ណោះ ដោយសារ​លោក​ដឹងថា លោក គីម បាន​ចំណាយពេល​ធ្វើដំណើរ​ជាច្រើន​ថ្ងៃ​ពី​ចិន មក​វៀតណាម​ដើម្បី​ជួបប្រជុំ​ជាមួយ​លោក​។​
 
​ក្នុងជំនួប​លើកទីមួយ នៅ​សិង្ហ​បុរី នា​ឆ្នាំ​២០១៨ លោក គីម ធ្វើដំណើរ​តាមរយៈ​យន្តហោះ​របស់​ចិន​។ អំឡុង​ជំនួប​នោះ លោក ត្រាំ ក៏បាន​បង្ហាញ​មេដឹកនាំ​កូរ៉េខាងជើង​ពី​រថយន្ត​ប្រធានាធិបតី The Beast ដែលមាន​តម្លៃ​១,៥​លាន​ដុល្លារ​ផងដែរ​។​
 
​យ៉ាងណាក្តី ភាព​ផ្អែមល្ហែម​រវាង​លោក គីម និង​លោក ត្រាំ ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ក្រោយ​ជំនួប​បរាជ័យ​។ ភាគី​ទាំងពីរ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ យ៉ាងណាក្តី ការប្តេជ្ញា​នេះ​ពុំបាន​លទ្ធផល​អ្វី ព្រោះ​ជំនួប​ជា​បន្តបន្ទាប់​នៃ​ក្រុមការងារ​ប្រទេស​ទាំង​ក៏​បរាជ័យ​ផងដែរ ដោយ​អាមេរិក​ច្រានចោល​ការទាមទារ​រប​ស់​កូរ៉េខាងជើង​ក្នុង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ជាមុន ជា​ថ្នូរ​ទៅនឹង​ការរំសាយ​នុយក្លេអ៊ែរ​។ 
 
​នៅក្នុង​សុន្ទរកថា​សមាជ​បក្ស​ពលករ​លើក​ទី​៨ កាលពី​ខែមករា ឆ្នាំ​២០២១ លោក គីម នៅតែ​ចាត់ទុក​អាមេរិក​ជាស​ត្រូវ​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង​។ លោក​អះអាងថា អ្នកណា​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក មិន​សំខាន់​ឡើយ ដោយសារតែ​គោលនយោបាយ​ចម្បង​របស់​ប្រទេស​នេះ នឹងមិន​ផ្លាស់ប្តូរ​ឡើយ​។ មេដឹកនាំ​កូរ៉េខាងជើង​សន្យាថា នឹង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែលមាន​ជំហរ​ឯករាជ្យ និង​ប្រឆាំង​លទ្ធិចក្រពត្តិនិយម ក៏ដូចជា​បង្កើន​សមត្ថ​ភាព និង​ចំនួន​អាវុធ​នុយ​ក្លេ​អែរ​ផងដែរ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com