រថយន្ត
អន្តរជាតិ
រថយន្ត F1 ចំនួន១០របស់ Mercedes ដែលបានសាងប្រវត្តិដ៏គួរឲ្យកត់សម្គាល់
22, Feb 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ចាប់តាំងពីឆ្នាំ២០១៤ មក Mercedes បានគ្រប់គ្រងជើងឯក Formula 1 ប៉ុន្តែវិលត្រឡប់ទៅអតីតជាង១០០ឆ្នាំមុន ក្រុមមួយនេះ ក៏បានទទួលជោគជ័យយ៉ាងធំធេងផងដែរក្នុងពានរង្វាន់ Grand Prix។

 
លោក Kevin Turner ប្រធានការីនិពន្ធនៃសារព័ត៌មានយានយន្ត Autosport បានណែនាំពីរថយន្ត Mercedes ដ៏អស្ចារ្យចំនួន១០គ្រឿង ដែលបានប្រឡូកក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅមុនសង្គ្រាម រហូតដល់មានការរៀបចំពានរង្វាន់ជើងឯកពិភពលោកនាពេលបច្ចុប្បន្ន។

រថយន្តទាំងនោះរួមមាន៖
 
១. រថយន្ត W11៖ សម្រាប់ព្រឹត្តិការណ៍កាលពីឆ្នាំ២០២០កន្លងមក កីឡាករ Lewis Hamilton, George Russell និង Valtteri Bottas ជាអ្នកបើកបរសម្រាប់ក្រុម Mercedes AMG Petronas F1 Team។ Lewis Hamilton បានក្លាយជាម្ចាស់ជើងឯកជាលើកទី៧ក្នុងអាជីពរបស់ខ្លួន ហើយជួយឲ្យក្រុមបន្តឈ្នះបន្ថែមទៀតផ្នែកគ្រឿងម៉ាស៊ីន។


 
២. រថយន្ត W125៖ នេះជារថយន្ត GP ដ៏អស្ចារ្យបំផុតមួយដែលរចនាដោយលោក Rudolf Uhlenhaut។ រថយន្តមួយនេះ បានឈ្នះក្នុងព្រឹត្តិការណ៍នៅអាល្លឺម៉ង់ ម៉ូណាកូ ស្វីស និងអ៊ីតាលី ដែលនាំឲ្យកីឡាករ Carcciola ឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំ១៩៣៧។
 


៣. រថយន្ត W196៖ រថយន្តនេះ ត្រូវបានផលិតឡើងសម្រាប់ការប្រណាំងនៅរដូវកាលឆ្នាំ១៩៥៤ និងឆ្នាំ១៩៥៥។ កីឡាករអាហ្សង់ទីន Juan Manuel Fangio ក៏បានក្លាយជាម្ចាស់ជើងឯកពិភពលោកទាំងពីរឆ្នាំផងដែរ។ តាមពិតទៅកីឡាករអង់គ្លេស Striling Moss ក៏បានចូលរួមចំណែកបង្ហាញភាពខ្លាំងផងដែរ ប៉ុន្តែនាសម័យកាលនោះ មិនទាន់ពានរង្វាន់ផ្នែកគ្រឿងម៉ាស៊ីននោះឡើយ។
 



៤. រថយន្ត W05 Hybrid៖
រថយន្តនេះបានឈ្នះទាំងជើងឯកផ្នែកអ្នកបើកបរ និងគ្រឿងម៉ាស៊ីន ដោយ Hamilton និង Rosberg រួមគ្នាឈ្នះ១៦ប្រកួតក្នុងការចាប់ផ្តើម១៩លើក កាលពីឆ្នា២០១៤។ វាក៏ជាការចាប់ផ្តើមដ៏អស្ចារ្យរបស់ Mercedes ផងដែរក្នុងព្រឹត្តិការណ៍ F1 សម័យទំនើបនេះ។
 



៥. រថយន្ត 18/100៖
នាការប្រកួតព្រឹត្តិការណ៍ French GP ឆ្នាំ១៩១៤ ក្រុម Mercedes មិនត្រឹមតែទទួលបានជោគជ័យដ៏ធំធេងលើការប្រណាំងប្រជែងនោះឡើយ ប៉ុន្តែលោក Paul Daimler មានការរចនាប្រកបដោយសក្តានុពល។ កីឡាករដែលបញ្ជារថយន្ត Merceds 18/100 GP ឈរលើកំពូលតារាងជាបន្តបន្ទាប់ រួមមានកីឡាករអាល្លឺម៉ង់ Christian Lautenschlager, កីឡាករបារាំង Louis Wagner និងកីឡាករអាល្លឺម៉ង់ Otto Salzer។
 



៦. រថយន្ត W154៖
រថយន្តដែលរចនាដោយ Rudolf Uhlenhaut នេះ បាននាំឲ្យកីឡាករ Rudolf Carcciola ឈ្នះជើងឯកនៅឆ្នាំ១៩៣៨ ។ វាត្រូវបានចាត់ទុកជារថយន្ត Grand Prix ដ៏អស្ចារ្យមួយដែលផលិតឡើងនៅមុនសង្គ្រាមលោកលើកទីពីរ។
 



៧. រថយន្ត W07 Hybrid៖
នាការប្រកួតកាលពីឆ្នាំ២០១៦ Nico Rosberg ដែលជាអ្នកបើកបររថយន្តនេះ ឆក់បានឱកាសក្លាយជាម្ចាស់ជើងឯកពិភពលោក ដោយយកឈ្នះមិត្តរួមក្រុម Lewis Hamilton តែ៥ពិន្ទុប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដ៏ប្រកៀកនេះ បាននាំឲ្យ Mercedes ឈ្នះជើងឯកផ្នែកគ្រឿងម៉ាស៊ីនមួយបន្ថែមទៀត។
 



៨. រថយន្ត W25៖
បានឈ្នះជើងឯក European Drivers’ Championship ឆ្នាំ១៩៣៥ ដែលបើកបរដោយកីឡាករអាល្លឺម៉ង់ Rudolf Carcciola នៅទីលាននៃប្រទេសបារាំង។ បន្ទាប់មកទៀត Rudolf ក៏បានឈ្នះពានរង្វាន់កំពូលមួយនេះនៅឆ្នាំ១៩៣៧ និងឆ្នាំ១៩៣៨ផងដែរ។
 



៩. រថយន្ត W06 Hybrid៖
រថយន្តផលិតឆ្នាំ២០១៥នេះ មិនមែនជាជារថយន្តដ៏ល្អឥតខ្ចោះនោះឡើយ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ ប៉ុន្តែវានៅតែស្ថិតក្នុងចំណោមជើងខ្លាំង F1 សម្រាប់សតវត្សរ៍ទី២១នេះ។ នៅឆ្នាំ២០១៥ Lewis Hamilton ឈ្នះផ្នែកកីឡាករ ហើយរួមជាមួយ Nico Rosberg ដើម្បីឈ្នះផ្នែកគ្រឿងម៉ាស៊ីន។


 
១០. រថយន្ត W165៖ ឈ្នះតែមួយប៉ុណ្ណោះនាព្រឹត្តិការណ៍ប្រកួត Tripoli Grand Prix ឆ្នាំ១៩៣៩ នៅអ៊ីតាលី។ កីឡាករអាល្លឺម៉ង់ Hermann Lang បានចំណាត់ថ្នាក់លេខ១ ដោយនាំមុខ Rudoft Caracciola ដែលជាមិត្តរួមក្រុម។ ជ័យជម្នះរបស់ក្រុម Mercedes នេះ បានធ្វើឲ្យក្រុមអ្នករៀបចំអ៊ីតាលីខកចិត្តយ៉ាងខ្លាំង ដោយសាររថយន្តទើបតែដំណើរការបាន៨ខែ ហើយមានសមត្ថភាពយកឈ្នះក្រុម២៨ទៀតរបស់អ៊ីតាលី៕


 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com