អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ជំរុញ​ឱ្យ​លុប​ពន្ធ​លើ​សម្ភារ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​សមាជិក APEC
22, Feb 2021 , 10:29 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង
​នូ​វែ​ល​សេ​ឡង់ ជា​ប្រទេស​រៀបចំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​២០២១ នេះ​។ មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម​ប្រទេស​នេះ អះអាងថា នូ​វែ​ល​សេ​ឡង់ នឹង​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី ស្វែងរក​កិច្ចព្រមព្រៀង​ជា​សកល​ពាក់ព័ន្ធ​នឹង​ការលុបបំបាត់​ពន្ធ​នាំចេញ​និង​នាំចូល​លើ​ទំនិញ​ដែល​ចាំបាច់ ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។​


«​សារ​របស់​យើង​គឺ ដើម្បី​ដោះស្រាយ​ការរីក​រាល​នៃ​ជំងឺ​ជា​សាកល យើង​ត្រូវការ​ការចូលរួម​ជា​សា​កលប ន្ថែ​ម​ទៀត​»​។ អនុរដ្ឋលេខាធិការ​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នូ​វែ​ល​សេ​ឡង់​លោក Vangelis Vitalis បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ លោក Vitalis ជា​ប្រធាន​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) សម្រាប់​ឆ្នាំ ២០២១​។ 
 
​បើតាម Reuters នូ​វែ​ល​សេ​ឡង់​ស្នើឱ្យ​ការដឹកជញ្ជូន​ឱសថ ឧបករណ៍​វេជ្ជសាស្ត្រ និង​គ្រឿង​បរិក្ខារ វះកាត់ ក៏ដូចជា​ផលិតផល និង​ទំនិញ​ដទៃទៀត​រវាង​សមាជិក APEC ទាំង​២១ ដោយ​មិ​យកពន្ធ​គយ និង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ផ្សេងទៀត​លើ​សកម្មភាព​នាំចេញ​និង​នាំចូល​ពេល​ឆ្លងកាត់​ព្រំដែន​។ លោក Vitalis បញ្ជាក់ថា សំណើ​នេះ​នឹងត្រូវ​ព្រមព្រៀងគ្នា​នៅ​សប្តាហ៍​ខាងមុខ​ដើម្បី​ដាក់ឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម APEC អនុម័ត​ក្នុង​កិច្ចប្រជុំ​ខែឧសភា​ខាងមុខ​។​
 
​កន្លងមក បណ្តា​សមាជិក APEC មួយចំនួន​បាន​ប្តេជ្ញាចិត្ត​រក្សា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ផលិតផល​សម្រាប់​ការផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យនៅ​បើកចំហ និង​លុបបំបាត់​ការ​រឹតត្បិត​ពាណិជ្ជកម្ម​លើ​ទំនិញ​ចាំបាច់ ជាពិសេស​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​។ យ៉ាងណាមិញ មានតែ​នូ​វែ​ល​សេ​ឡង់ និង​សិង្ហ​បុរី​ប៉ុណ្ណោះ ដែល​អនុវត្តបាន​ប្រសើរ​ជាងគេ​រហូតដល់​លុបបំបាត់​ពន្ធគយ​លើ​ផលិតផល​ជាង​១២០ ដែល​ចាំបាច់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩​។​
 
​ដ្បិត​មាន​ប្រទេស​ពីរ​ចេញមុខ​ចេញ​មាត់​ខ្លាំងជាងគេ​បែបនេះ លោក Vitalis បង្ហាញ​ក្ដីបារម្ភ​ខ្លាំង និង​ចង់ឱ្យ​សមាជិក APEC ចេញ​បញ្ជី​មួយ​ដែល​កំណត់​មុខទំនិញ និង​សេវាកម្ម​សំខាន់ៗ និង​ចាំបាច់​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​២២ ខែកុម្ភៈ នូ​វែ​ល​សេង​ឡង់​មាន​ករណី​វិជ្ជមាន​សល់​ត្រឹមតែ ៥៤​នាក់​ប៉ុណ្ណោះ ខណៈ​មាន​អ្នកស្លាប់​២៦​នាក់​។  ប្រទេស​នេះ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង Pfizer-BioNTech ដល់​កម្មករ​តាម​ព្រំដែន​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ​មក​។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ភាគច្រើន​នៃ​ប្រជាជន​សរុប​ប្រមាណ​៥​លាន​នាក់ មិន​ត្រូវបាន​រំពឹងថា នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ឡើយ​រហូតដល់​ពាក់កណ្តាល​ឆ្នាំនេះ​៕ 
 
 
 
 

Tag:
 ​នូ​វែ​ល​សេ​ឡង់​
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com