​រដ្ឋមន្ត្រី​រំលឹក​អាជីវកម្ម​កម្សាន្ត​ដែល​ប្រែក្លាយជា​ភោជនីយដ្ឋាន ត្រូវគោរព​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​
ជាតិ
​រដ្ឋមន្ត្រី​រំលឹក​អាជីវកម្ម​កម្សាន្ត​ដែល​ប្រែក្លាយជា​ភោជនីយដ្ឋាន ត្រូវគោរព​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​
23, Feb 2021 , 8:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍)
​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ក្រើនរំលឹក​ដល់​អភិបាល​ធានី​-​ខេត្ត ឲ្យ​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ តាម​សេចក្តីណែនាំ របស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​២២ កុម្ភៈ ក្នុងករណី​អាជីវក​ម្មណា ដែល​មិនបាន​គោរព​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ឬ​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល នឹងត្រូវ​ផ្អាក​ដំណើរការ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។

 
​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន ក្រោយ​មាន​ព្រឹត្តិការណ៍​សហ​គំន៍ ២០​កុម្ភៈ​។ ក្រៅពី​ក្រើនរំឭក​អាជ្ញាធរខេត្ត រាជធានី ក្រសួងទេសចរណ៍ ក៏បាន​ណែនាំ​វិធានការ ៤​ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ផ្សព្វផ្សាយ និង​អនុវត្ត​ឲ្យ​បាន​ប្រចាំ​នូវ​វិធានការ​«៣​ការពារ ៣​កុំ​»​។ ៣​ការពារ រួមមាន​ការពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​។ រីឯ​វិធាន ៣​កុំ មាន កុំ​នៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ​។ កុំទៅ​កន្លែង​មនុស្ស​ច្រើន និង​ចៀសវាង​ប៉ះពាល់​គ្នា​។ សម្រាប់​អ្នកមាន​ជំងឺ​ផ្ដាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ និង​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ហៅ​ទៅ​លេខ ១១៥​។​
 
​ក្នុង​លិខិត​ដដែល លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ត្រួតពិនិត្យ​ជាប្រចាំ និង​ពង្រឹង​ការអនុវត្ត​វិធានការ របស់​រាជរដ្ឋាភិបាល ចំពោះ​អាជីវកម្ម​ស្ប៉ា ម៉ាស្សា​សុខភាព និង​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ ដែល​ពុំទាន់​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើងវិញ​។​
 
​ចំពោះ​អាជីវកម្ម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ដែល​បានប្រែក្លាយ​ទៅជា​ភោជនីយដ្ឋាន ត្រូវគោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុងករណី​ដែល​អាជីវកម្ម​ធ្វេសប្រហែស មិនបាន​អនុវត្ត​នូវ​ផ្នែក ឬ​ចំណុច​ណាមួយ នៃ​គោលការណ៍​ណែនាំ ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម រហូត​អាច​កែតម្រូវ​ស្របតាម​គោលការណ៍​ណែនាំ ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​។​
 
​ក្រសួងទេសចរណ៍ ក៏​ណែនាំ​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ផុសផុល និង​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​ជាង​មុន​ថែមទៀត នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដែល​បានដាក់​ឲ្យ​អនុវត្ត​កន្លងមក​។ តាម​ក្រសួងទេសចរណ៍ វិធានការ​ទាំងនោះ មាន​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក វិធាន​សុវត្ថិភាព​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក វិធាន​សុវត្ថិភាព​សម្រាប់​រមណី​យ​ដ្ឋា​ន​ទេសចរណ៍ និង​វិធាន​សុវត្ថិភាព​សម្រាប់​សហគម​ន៍​ទេសចរណ៍​៕

Tag:
 កូ​វីដ​-១៩
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com