ចិន នឹង​ឱ្យតែ​បុគ្គល​សេ្ន​ហា​ជាតិ​ប៉ុណ្ណោះ​ដឹកនាំ​ហុងកុង​
អន្តរជាតិ
ចិន នឹង​ឱ្យតែ​បុគ្គល​សេ្ន​ហា​ជាតិ​ប៉ុណ្ណោះ​ដឹកនាំ​ហុងកុង​
23, Feb 2021 , 8:29 am        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ចិន​ទទួល​ប​ន្ទុ​កិច្ចការ​ហុងកុង នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានដាក់​ចេញ​ផែនការ​ដើម្បី​ធានាថា មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​បម្រើ​ការងារ​នៅ​ហុងកុង​បាន​។ ការដាក់​ផែនការ​នេះ ត្រូវ​មើលឃើញថា ជា​វិធីសាស្ត្រ​របស់​ប៉េកាំង​ក្នុងការ​បំបាត់​សំឡេង​ប្រឆាំង និង​ប្រជាធិបតេយ្យ​និយម​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វ័យភាព​មួយ​នេះ ហើយ​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាលកណ្តាល​កាន់តែ​អាច​គ្រប់គ្រង​តំបន់​នេះ​ដោយផ្ទាល់​។​

 
​ការលើកឡើង​ដ៏​គួរឱ្យកត់សម្គាល់​របស់​លោក Xia Baolong ប្រធានការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ ធ្វើឡើង​រយៈពេល​២​សប្តាហ៍​មុន​កិច្ចប្រជុំ​របស់​សភា​ចិន​។ ការលើកឡើង​របស់លោក Xia នេះ នាំឱ្យមាន​ការទស្សទាយ​ពី​ជំហាន​បន្ទាប់​ដែល​រដ្ឋាភិបាល​ចិន​នឹងធ្វើ ក្រោយ​អនុម័ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស់​ក្នុង​ឆ្នាំ​២០២០ ។ 
 
«​កិច្ច​ការដែល​សំខាន់ និង​ប្រញាប់​បំផុត​គឺ​ការអនុវត្ត​ច្បាប់​ដោយ​អ្នកស្នេហាជាតិ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធគ្រប់គ្រង ជាពិសេស​ប្រព័ន្ធ​បោះឆ្នោត​»​។ នេះ​ជាស​ម្តី​របស់លោក Xia ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់លោក​។ លោក​ថា ការ​ស្នេហា​ជាតិ​មានន័យថា ការ​ស្មោះស្ម័គ្រ​ទៅនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន រដ្ឋធម្មនុញ្ញ និង​បក្ស​កុម្មុយនីស្ត​ចិន​។ បន្ថែម​ពីនេះ សមាជិក​នៃ​ស្ថាប័ន​យុត្តិធម៌​ហុងកុង​ក៏ត្រូវ​តែ​ជា​អ្នកស្នេហាជាតិ​ផងដែរ​។​
 
​រដ្ឋាភិបាល​ចិន ចាប់ផ្តើម​បង្ក្រាប​ក្រុម​អ្នកប្រឆាំង និង​អ្នកប្រជាធិបតេយ្យ​និយម ក្រោយ​ក្រុម​នេះ​ឈ្នះ​ការបោះឆ្នោត​សង្កាត់​ក្នុង​ឆ្នាំ​២០១៩​។ ពលរដ្ឋ​ហុងកុង ក៏​ចាប់ផ្តើម​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​ហុងកុង ក៏ដូចជា​រដ្ឋាភិបាល​ចិន​ក្នុង​ឆ្នាំ​២០១៩ ក្រោយពេល​ហុងកុង​មាន​គម្រោង​ធ្វើ​ច្បាប់​បត្យាប័ន​ដែល​បើកផ្លូវ​ឱ្យ​បញ្ជូន​ជនជាប់ចោទ​ទៅ​កាត់ទោស​នៅ​ចិន​។ ចាប់ពីពេលនោះ​មក​ហុងកុង​មាន​បាតុកម្ម​ជា​ញឹកញាប់ ក៏ដូចជា​អំពើហិង្សា​ផងដែរ​។ 
 
​ការលើកឡើង​របស់លោក​Xia អាច​មានន័យថា ទីក្រុង​ប៉េកាំង អាចធ្វើ​យ៉ាងណា​មិនឱ្យ​បេក្ខជន​ប្រឆាំង​អាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សភា​ហុងកុង​បាន​។ កាសែត​រដ្ឋ​ចិន ក៏​ធ្លាប់​បានលើកឡើង​ពី​ការហាម​មិនឱ្យ​បេក្ខជន​ប្រឆាំង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ផងដែរ​។ 
 
​ប្រធានការិយាល័យ​កិច្ចការ​ហុងកុង​រូបនេះ​អះអាងថា អាជ្ញាធរ​ត្រូវ​បន្តឹង​ចន្លោះប្រហោង​ផ្លូវច្បាប់ ដែល​បើកផ្លូវ​ឱ្យ​អ្នកប្រឆាំង​អាច​ចូលរួម​ក្នុង​ឆាកនយោបាយ​ហុងកុង​បាន​។ លោក Xia បញ្ជាក់ថា ការធ្វើឱ្យ​ប្រសើរឡើង​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង ត្រូវតែ​ដឹកនាំ​ដោយ​រដ្ឋាភិបាលកណ្តាល​ចិន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សភា​ហុងកុង​បាន​បណ្តេញ​តំណាងរាស្ត្រ​ចំនួន​៤​រូប ដោយ​លើកឡើងថា​ជាការ​គំរាម​ដល់​សន្តិសុខ​ហុងកុង​។ ក្រោយ​ការបណ្តេញ​ចេញពី​តំណែង​នោះ តំណាងរាស្ត្រ​បក្សប្រឆាំង​១៥​រូប​ផ្សេងទៀត​ក៏បាន​លាលែង​ចេញពី​តំណែង​ផងដែរ​។ ការ​លា​លែ​នេះ ធ្វើឱ្យ​សភា​ហុងកុង​ដែលមាន​អាសនៈ​៧០ មានតែ​សមាជិកសភា​ដែល​គាំទ្រ​រដ្ឋាភិបាល​ចិន​។ តំណាងរាស្ត្រ​ពាក់កណ្តាល ជ្រើសរើស​តាម​ការបោះឆ្នោត ឯ​ពាក់កណ្តាល​ផ្សេងទៀត​តំណាងឱ្យ​វិស័យ​ធំៗ​នៃ​ទីក្រុង​ពាណិជ្ជកម្ម​មួយ​នេះ​។​
 
​ក្រោយ​ការផ្ទេរ​ហុងកុង​មកឱ្យ​ចិន​កាន់កាប់​ក្នុង​ឆ្នាំ​១៩៩៧ ពលរដ្ឋ​ហុងកុង​ពុំមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​នាយក​ប្រតិបត្តិ​តំបន់​នេះឡើយ​។ ពលរដ្ឋ​ហុងកុង​មាន​ត្រឹមតែ​សិទ្ធិ​ក្នុងការ​បោះឆ្នោត​សង្កាត់​តែប៉ុណ្ណោះ​។ រដ្ឋាភិបាល​ចិន អាច​នឹង​រឹតបន្តឹង​ការបោះឆ្នោត​សង្កាត់​ហុងកុង​បន្ថែមទៀត​នៅពេល​ខាងមុខ​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com