អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ឯកភាពគ្នាដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ីជុំវិញការឃុំខ្លួនលោក Navalny
23, Feb 2021 , 10:21 am        
រូបភាព
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borrell ។ រូបថត AFP
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borrell ។ រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានយល់ព្រមដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី៤រូបដែលជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក Alexei Navalny ។ រុស្ស៊ីរិះគន់ការសម្រេចចិត្តនេះថាជារឿងគួរឱ្យខកចិត្ត ស្របពេលអាមេរិកស្វាគមន៍ចំណាត់លើមូស្គូ។

 
 
លោក Alexei Navalny ត្រូវបានចាប់ខ្លួនពេលត្រឡប់មករុស្ស៊ីវិញនៅចុងខែមករា។ លោកចំណាយពេលជាង៤ខែ នៅអាល្លឺម៉ង់ដើម្បីសម្រាកព្យាបាលពីថ្នាំពុល។ ការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរូបនេះបណ្តាលឱ្យមានបាតុកម្មនៅទូទាំងប្រទេសរុស្ស៊ី។ ការចាប់ខ្លួននេះ ធ្វើឱ្យរុស្ស៊ីរងទណ្ឌកម្មពីសហភាពអឺរ៉ុបជាថ្មីទៀត។
 
 
 
«ទំនាក់ទំនង(ជាមួយរុស្ស៊ី) ស្ថិតក្នុងសភាពដុនដាបបំផុត ដោយគ្មានពាក្យអ្វីមករៀបរាប់ជំនួសបានឡើយ»។ នេះជាការលើកឡើងរបស់លោក Heiko Mass រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅថ្ងៃទី២២ ខែកុម្ភៈ ដោយបន្តថា ទណ្ឌកម្មត្រូវអនុវត្តជាបន្ទាន់។ 
 
នាកិច្ចប្រជុំថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរដ្ឋសមាជិកទាំង២៧ បានយល់ព្រមដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ីដែលជាប់ទាក់ទងការបំពានសិទ្ធិលោក Navalny ។ មន្ត្រីជាន់ខ្ពស់រុស្សីចំនួន៤រូបដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមការធ្វើដំណើរ មានលោក Alexander Bastryki ដែលគ្រប់គ្រងគណៈកម្មាធិការស៊ើបអង្កេត និងរាយការណ៍ផ្ទាល់ទៅលោក វ៉្លាឌីមៀ ពូទីន ។ លោក Bastryki ក៏រងទណ្ឌកម្មពីអង់គ្លេសផងដែរ។ បុគ្គលទីពីរ គឺលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី។ 
 
បុគ្គលទី៣ គឺលោក Viktor Zolotov ប្រធានឆ្មាំជាតិរុស្ស៊ី ដែលធ្លាប់គំរាមលើអាយុជីវិតលោក Navalny ជាសាធារណៈក្នុងឆ្នាំ២០១៨។ បុគ្គលចុងក្រោយនោះ គឺលោក Alexander Kalashnikov ប្រធានពន្ធនាគាររុស្ស៊ី ដែលចេញលិខិត និងប្តឹងលោក Navalny ពីការល្មើសការនៅក្រៅឃុំ។
 
លោកJosep Borrell ប្រធានគោលនយោបាយការបរទេសអឺរ៉ុប និយាយថា ទណ្ឌកម្មនេះធ្វើឡើងក្រោមក្របខណ្ឌដែលអនុញ្ញាតឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មចំពោះអ្នកទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ កន្លងមក សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ីចំនួន៦រូប និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររដ្ឋមួយកន្លែង ក្រោយលោក Navalny ត្រូវបានបំពុលដោយសារធាតុ Novichok កាលពីឆ្នាំមុន។
 
ការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន៤រូបនេះ មិនមែនជាអ្វីដែលសម្ពន្ធមិត្តលោក Navalnyរំពឹងទុកឡើយ ដោយគ្នីគ្នាលោក Navalny ចង់ឃើញទណ្ឌកម្មសំដៅលើក្រុមអ្នកជំនួញដែលស្និទ្ធនឹងលោក ពូទីន ផងដែរ។ យ៉ាងណាក្តី លោក Leonid Volkov មនុស្សជំនិតលោក Navalny ស្វាគមន៍ទណ្ឌកម្មនេះ ដោយអះអាងថា នឹងនាំឱ្យរុស្ស៊ីចរចាជាមួយសហភាពអឺរ៉ុប។
 
សហភាពអឺរ៉ុប រងសម្ពាធខ្លាំងពីរដ្ឋសមាជិកក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបណ្តេញអ្នកការទូតអឺរ៉ុបមកពីអាល្លឺម៉ង់ ប៉ូឡូញ និងស៊ុយអែត នៅថ្ងៃទី៥កុម្ភៈដោយមិនបានផ្តល់ដំណឹងទៅលោក Borrell ដែលកំពុងបំពេញទស្សនកិច្ចនទៅទីនោះ។ ឯរុស្ស៊ី ក៏ចោទតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលខ្លួនជាសមាជិក ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកាត់សេចក្តីឱ្យដោះលែងលោកNavalny កាលពីថ្ងៃទី១៧ កុម្ភៈ៕
 

Tag:
 រុស្ស៊ី
  EU
© រក្សាសិទ្ធិដោយ thmeythmey.com