COVID-19
ជាតិ
កូវីដ-១៩ បំប្លែងថ្មីដែលឆ្លងលឿន​ មាន៣ករណីទៀតនៅកម្ពុជាក្នុងនោះ២នាក់នៅក្លិប N8
23, Feb 2021 , 11:26 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ
ដោយ: រួបរួម
«ស្ថានភាពមិនជាល្អប្រសើរសម្រាប់យើងនោះឡើយ ទ្រង់ទ្រាយនៃការចម្លងកាន់មានភាពសាំញ៉ាំ និងលំបាក»។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ដោយបានអះអាងពីការរកឃើញវីរុសកូវីដ-១៩ បែបបំប្លែងថ្មី ចំនួន៣ករណីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។



លទ្ធផលវិភាគវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា អ្នកជំងឺ៣នាក់ឆ្លងវីរុសកូវីដ-១៩ បែបបំប្លែងថ្មី (ប្រភេទ SARS-CoV-2 UK Variant 20I/501Y.V1, B.1.1.7)។ បុគ្គលទាំងបីមានម្នាក់មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និង២នាក់ទៀត ជាអ្នកនៅក្លិបកម្សាន្ត N8។



«ករណីឆ្លងលឿនបែបនេះ នឹងមានលទ្ធភាពអាចឆ្លងបន្តក្នុងសហគមន៍ ប្រសិនបើពលរដ្ឋយើង មិនបានយកចិត្តទុកដាក់បន្តអនុវត្តវិធានការណ៍សុខាភិបាល»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា អ្នកជំនាញបានចាប់ផ្តើមសង្ស័យតាំងពីដំបូងមក ដោយសារតែករណីឆ្លងសហគមន៍២០កុម្ភៈ កើនឡើងយ៉ាងលឿនជាបន្តបន្ទាប់។ ដោយរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំនួនឆ្លងសហគមន៍ឡើងដល់៩៩នាក់ ដោយចុងក្រោយមាន២៣នាក់។

កាលពីល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផងដែរពីករណីអ្នកជំងឺបរទេស៣នាក់ ដែលមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី។ អ្នកជំងឺទាំងនោះមានបុរសឥណ្ឌាអាយុ២៨ឆ្នាំ ស្ត្រីឥណ្ឌាអាយុ២៣ឆ្នាំ និងស្ត្រីចិនអាយុ២៦ឆ្នាំ។

ដើម្បីចូលរួមទប់ស្កាត់ការបន្តរាលដាលទ្រង់ទ្រាយធំ លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវដល់ពលរដ្ឋដែលពាក់ព័ន្ធ ជាពិសេសអ្នកដែលធ្លាប់ទៅកាន់ទីតាំង២៣កន្លែងចន្លោះពីថ្ងៃទី៦ ដល់ទី២០ ខែកុម្ភៈ នាំគ្នាទៅធ្វើតេស្តដោយមិនត្រូវមានការលាក់លៀមនោះឡើយ។

ទីតាំងទាំង២៣នោះរួមមាន

តាំងដែលបានបិទ ដោយសារជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នោះ រួមមាន៖
១. ក្លឹប N8  នៅសង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ
២. Casa By Meridian នៅសង្កាត់ទន្លបាសាក់ រាជធានីភ្នំពេញ
៣. Le Gong Guan Hotel នៅសង្កាត់ផ្សារថ្មី ៣ រាជធានីភ្នំពេញ
៤. City Comfort នៅសង្កាត់បឹងព្រលឹត រាជធានីភ្នំពេញ
៥. The Bridge នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
៦. The Point Service Apartment នៅសង្កាត់ផ្សារដើមគ រាជធានីភ្នំពេញ
៧. Mekong Street នៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ
៨. Pent House Apartment នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
៩. Skyline Dumex នៅសង្កាត់មិត្តភាព រាជធានីភ្នំពេញ
១០. Somet Condominium នៅសង្កាត់វាលវង់ រាជធានីភ្នំពេញ
១១. Residence L Olympic នៅសង្កាត់អូឡាំពិច រាជធានីភ្នំពេញ
១២. Prince Plazza Centre នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
១៣. Celeste Skybar នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
១៤. Diamond Twin នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
១៥. JinZun ខារ៉ាអូខេ មុខព្រលាន នៅសង្កាត់កាកាប រាជធានីភ្នំពេញ
១៦. ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ
១៧. JuHao មុខហាងឆ្នេរមាស នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
១៨. ហាង The World នៅសង្កាត់បឹងត្របែក រាជធានីភ្នំពេញ
១៩. ហាង វ័នមែនសិន នៅសង្កាត់បឹងត្របែក រាជធានីភ្នំពេញ
២០. ក្លឹប ១៦៨ អតីតនគរសំរិទ្ធិ នៅសង្កាត់អូឡាំពិក រាជធានីភ្នំពេញ
២១. Love នៅសង្កាត់បឹងរាំង រាជធានីភ្នំពេញ
២២. វិទ្យាល័យ ហ៊ុន សែនភ្នំពេញថ្មី នៅសង្កាត់ភ្នំពេញថ្មី
២៣. សាលា SIS នៅសង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com