អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មមេទ័ពមីយ៉ាន់ម៉ាពីរនាក់បន្ថែមទៀត ឯអឺរ៉ុបត្រៀមចាត់វិធានការ
23, Feb 2021 , 11:59 am        
រូបភាព
អាមេរិក នៅថ្ងៃទី២២ ខែកុម្ភៈ បានដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ាចំនួនពីររូបបន្ថែមទៀត ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ចំណែកអង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំផ្សេងទៀត និងបញ្ឈប់ការបង្រ្កាបលើក្រុមបាតុករនៅមីយ៉ាន់ម៉ា។

 
 
 
អាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ាចំនួនពីររូបបន្ថែម។ តាមការបញ្ជាក់របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក មេដឹកនាំពីររូបនោះមានលោកឧត្តមសេនីយ៍ Moe Myint Tun និងលោកឧត្តមសេនីយ៍ Maung Maung Kyaw មេបញ្ជាការទ័ពអាកាសដែលអ្នកទាំងពីរជាសមាជិករបបសឹកមីយ៉ាន់ម៉ា។ 
 
«របបសឹកត្រូវផ្លាស់ប្តូរសកម្មភាពរបស់ខ្លួន និងបង្កើតរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាជាបន្ទាន់»។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែកុម្ភៈ ដោយបន្ថែមថា ប្រសិនរបបសឹកមិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនទេ អាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតឡើយ។ ទណ្ឌកម្មខាងលើ រាប់បញ្ចូលជាការបង្កកទ្រព្យសម្បត្តិ និងហាមប្រជាជនអាមេរិក រកស៊ីជាមួយក្រុមយោធា។ 
 
កន្លងមក អាមេរិក បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាចំនួន១០រូបហើយ ក្នុងនោះមានដូចជា លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា, ប្រធានាធិបតីស្តីទី លោកMyint Swe និងមេដឹកនាំយោធាផ្សេងទៀត។ 
 
ក្នុងថ្ងៃដដែលនេះ សហភាពអឺរ៉ុប ក៏បានព្រមានដាក់ទណ្ឌកម្មលើក្រុមយោធាផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសប្រទេសមាជិកសហភាពអឺរ៉ុប ប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ចេញវិធានការឆ្លើយតបនឹងរដ្ឋប្រហារយោធា។ សហភាពអឺរ៉ុប កំពុងពិចារណាគោលនយោបាយរបស់ខ្លួនទាំងអស់ដែលទាក់ទិននឹងមីយ៉ាន់ម៉ា, ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការអនុគ្រោះពន្ធជាដើម។ 
 
ដោយឡែករដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស បានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកឃុំខ្លួនទាំងអស់ រួមទាំងលោកស្រី ស៊ូជី និងគោរពឆន្ទះរបស់ប្រជាជន។ ចំណែកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានបញ្ជាក់ដូចអង់គ្លេសដែរ ដោយជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំទាំងអស់។ 
 
គួររំលឹកថា គិតមកត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ មានប្រទេសបីហើយ ដែលបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា ក្នុងនោះមានដូចជា អាមេរិក អង់គ្លេស និងកាណាដា។ ទណ្ឌកម្មទាំងនោះ គឺការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ចូលទឹកដី៕
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com