ពានសម្តេច ហ៊ុន សែន៖ សៀមរាប, ព្រះវិហារ បើកការប្រកួតរៀងៗខ្លួនក្នុងចំណោម៥គូនៅថ្ងៃនេះ
កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ សៀមរាប, ព្រះវិហារ បើកការប្រកួតរៀងៗខ្លួនក្នុងចំណោម៥គូនៅថ្ងៃនេះ
23, Feb 2021 , 12:26 pm        
រូបភាព
ខ្សែការពារ ហោ វាសនា (ឆ្វេង) របស់ខេត្តព្រះសីហនុ ប្រឈមជាមួយ អ៊ុំ សុធីនិមុល របស់កំពត នាជំនួបកាលពីសប្តាហ៍មុន។ រូបថត CNCC
ខ្សែការពារ ហោ វាសនា (ឆ្វេង) របស់ខេត្តព្រះសីហនុ ប្រឈមជាមួយ អ៊ុំ សុធីនិមុល របស់កំពត នាជំនួបកាលពីសប្តាហ៍មុន។ រូបថត CNCC
ដោយ: រួបរួម
ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០២១ ឈានដល់សប្តាហ៍ទី២ នាថ្ងៃសៅរ៍នេះ ដោយក្រុមសៀមរាប អេហ្វស៊ី និងសមាគមកីឡា ខេត្តព្រះវិហារ បើកការប្រកួតនៅក្នុងទីកដីរៀងៗខ្លួន ក្នុងចំណោមជំនួប៥គូ ដែលចាប់ផ្តើមនៅវេលាម៉ោង៣រសៀលដូចគ្នា។



សម្រាប់ជំនួបពូល A នៅទីលានវិទ្យាល័យខេត្តកំពង់ស្ពឺ  ក្រុមមន្ទីរ អយក ខេត្តកំពង់ស្ពឺ ត្រូវស្វាគមន៍ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង។ កំពង់ស្ពឺទទួលបានត្រឹម១ពិន្ទុក្រោយស្មើភ្នំពេញហ្គាឡាក់ស៊ី ២-២ ខណៈ កំពង់ឆ្នាំងដណ្តើមបាន៣ពិន្ទុនៅទឹកដីរបស់ខ្លួន ជាមួយនឹងជយជម្នះ ២-០ លើរដ្ឋបាលខេត្តតាកែវ។


ក្នុងពូល B ស.ស.យ.ក ខេត្តបាត់ដំបង ត្រូវប្រើប្រាស់ទីលានវិទ្យាល័យនេត យ៉ង់ ពីសប្តាហ៍ជាប់គ្នា ដោយពេលនេះ ត្រូវស្វាគមន៍ ស.ស.យ.ក ខេត្តពោធិ៍សាត់។ កាលពីសប្តាហ៍ បាត់ដំបង បានយកឈ្នះសូហ្វីយ៉ាប៉ៃលិនដល់ទៅ ៤-១ ខណៈពោធិ៍សាត់ចាញ់ខេត្តបន្ទាយមានជ័យ ដល់ទៅ ៤-០។


ងាកទៅពូល C ឯណោះវិញ សៀមរាប អេហ្វស៊ី បើកការប្រកួតលើកដំបូងរបស់ខ្លួននៅកីឡដ្ឋានស្វាយធំ ដោយត្រូវស្វាគមន៍ កងរាជអាវុត្ថហត្ថ ខេត្តកំពង់ធំ។ ក្នុងពូលដែលមានតែ៣ក្រុមនេះ កំពង់ធំ បានចាញ់ភ្ញៀវ ខេត្តឧត្តរមានជ័យ ២-១ នាការប្រកួតបើកឆាក។

រីឯពូល E  មន្ទីរ អយក ខេត្តកែប ទទួល មន្ទីរ អយក ខេត្តកំពត នៅទីលានខេត្តកែប។ នៅសប្តាហ៍ទី កែបបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅទឹកដីរបស់ក្រុមខេត្តកោះកុង ខណៈកំពត បានចាញ់ខេត្តព្រះសីហនុ ១-០ នៅទឹកដីខ្លួនឯង។


សមាគមកីឡា ខេត្តព្រះវិហារ ប្រើប្រាស់ទីលានវិទ្យាល័យ ជាស៊ីម ត្បែងមានជ័យ ស្វាគមន៍មន្ទីរ អយក ខេត្តត្បូងឃ្មុំ សម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួននៅក្នុងពូល F ដែលមានតែបីក្រុម។ កាលពីសប្តាហ៍ទី១ ត្បូងឃ្មុំ បានយកឈ្នះអធិរាជដំរីឦសាន ខេត្តរតនគិរី ៤-១។


កាលពីសប្តាហ៍ទី ខ្សែបម្រើខេត្តបន្ទាយមានជ័យ ផាន សុផេន ជាអ្នកដែលរកគ្រាប់បាល់បញ្ចូលច្រើនជាងគេ ដោយសម្រេចបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-០ លើពោធិ៍សាត់។ ខ្សែប្រយុទ្ធ លី ម៉ាត់ណូ នៃក្រុមភ្នំពេញហ្គាឡាក់ស៊ី និង ថា គ្រីយ៉ា របស់បាត់ដំបង រកបាន២គ្រាប់ឲ្យក្រុមរៀងៗខ្លួន។

កីឡាករដែលលេចធ្លោផ្សេងទៀតកាលពីសប្តាហ៍ទី១រួមមាន យូ សុះហ្វា របស់ត្បូងឃ្មុំ ពៅ វិច្ឆិកា របស់កោះកុង ជា គ្រីត របស់ឧត្តរមានជ័យ ម៉ៅ សំណាង របស់កំពង់ឆ្នាំង សេង លីហា របស់ខេត្តព្រះសីហនុ និង អ៊ុង វីតា របស់ខេត្តស្វាយរៀង៕



Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com