COVID-19
ជាតិ
ជនបរទេស ប្រឈមនឹងការបណ្តេញចេញ ហើយអាចលែងបានចូលកម្ពុជាវិញ បើគេចពីការធ្វើចត្តាឡីស័ក
23, Feb 2021 , 1:57 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន)
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន)
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា សម្រេចឲ្យបណ្ដេញជនបរទេសនិងលែងឲ្យត្រឡប់ចូលកម្ពុជាវិញ បើជនបរទេសនោះគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចនេះ ធ្វើឡើងតាមសំណើររបស់លោក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១។



លោក ឌី វិជ្ជា អះអាងក្នុងសំណើថា ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ តែងតែជួបប្រទេះបញ្ហាប្រឈមនៅពេលប្រតិបត្តិការ ដោយសារបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មិនព្រមសហការ។ លោក ជម្រាបសម្តេចនាយករដ្ឋមន្រ្តីថា ពួកគេមិនព្រមផ្ដល់ការសម្ភាស ផ្ដាច់ទំនាក់ទំនង រត់គេចមិនព្រមធ្វើចត្តាឡីស័ក ហើយម្ចាស់ទីតាំងមួយចំនួនក៏មិនព្រមសហការ។ ករណីទាំងនេះ ធ្វើឲ្យក្រុមការងាររបស់លោក មានភាពយឺតយ៉ាវនិងខ្វះចន្លោះ ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ 
 
ដោយសារបញ្ហានេះ លោក ឌី វិជ្ជា បានស្នើទៅប្រមុខរដ្ឋាភិបាល ឲ្យអនុវត្តច្បាប់បន្ថែម ចំពោះបុគ្គលណាដែលមិនអនុវត្តតាមវិធានសុខាភិបាលលើការធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលឬមិនសហការផ្ដល់កិច្ចសម្ភាស រួមទាំងម្ចាស់ទីតាំងដែលមិនព្រមផ្ដល់ព័ត៌មានក្នុងការស្រាវជ្រាវ។ 
 
វិធានការបន្ថែម ចំពោះបុគ្គលណាដែលមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលលសង្ស័យផ្ទុកកូវីដ-១៩ គឺត្រូវបិទទីតាំងអាជីវកម្មនិងដកហូតអាជ្ញាប័ណ្ណ។ លោក ឌី វិជ្ជា សុំការសម្រេចពីសម្តេចនាយករដ្ឋមន្រ្តីថា៖«ចំពោះជនបរទេស សូមគោរពស្នើសុំ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់»។ 
 
សំណើទាំងបីចំណុចនេះ ត្រូវបានសម្ដេច ហ៊ុន សែន ចារយល់ព្រមឲ្យអនុវត្ត។ 
 
ជុំវិញករណីគេចវេះ និងមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ នៅថ្ងៃទី២៣កុម្ភៈនេះ មានអ្នកផ្ទុកកូវីដ-១៩ថ្មីចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ មិនព្រមសហការជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល។ អ្នកទាំងពីរនាក់នោះ ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន។ ក្រសួងសុខភិបាលបានបញ្ជាក់ថា អាជ្ញាធរ មិនអាចទាក់ទងអ្នកទាំងពីរនាក់បានឡើយ ហើយពួកគេ ក៏មិនព្រមចូលសម្រាកព្យាបាលដែរ។ 
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣កុម្ភៈ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩៣នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ៤៧៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន១១៦នាក់។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕
 

Tag:
 ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com