ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកុងហ្គោ បាត់បង់ជីវិតក្នុងការវាយប្រហារលើក្បួនរថយន្ត WFP
អន្តរជាតិ
ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកុងហ្គោ បាត់បង់ជីវិតក្នុងការវាយប្រហារលើក្បួនរថយន្ត WFP
23, Feb 2021 , 4:10 pm        
រូបភាព
លោក Luca Attanasio អគ្គរដ្ឋទូតអ៊ីតាលីប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារលើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី២២ ខែកុម្ភៈ។ ក្រសួងការបរទេសអ៊ីតាលីប្រកាសដំណឹងនេះនៅថ្ងៃទី២២ ខែកុម្ភៈ។ ក្រៅពីលោក Attanasio អង្គរក្សរបស់លោកក៏ស្លាប់បាត់បង់ជីវិតដែរ ចំណែកអ្នកបើករថយន្ត WFP ម្នាក់ក៏រងរបួសផងដែរ។



កម្មវីធី WFP និយាយថា លោកLuca Attanasio អគ្គរដ្ឋទូតអ៊ីតាលីធ្វើដំណើរទៅទស្សនកិច្ចកម្មវិធីម្ហូបអាហារក្នុងសាលាមួយនៅតំបន់ Rutshuru ក្នុងខេត្ត North Kivu នៅភាគខាងកើតកងុងហ្គោ។ ក្បួនរថយន្តរបស់លោក ត្រូវបានវាយប្រហារនៅម៉ោងជាង១០ព្រឹក នៅចំងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុង Goma នៃខេត្ត North Kivu។ លោក Attanasio រងគ្រាប់កាំភ្លើងត្រង់ពោះ និងទទួលមរណភាពប៉ុន្មានម៉ោងក្រោយនៅមន្ទីរពេទ្យអង្គការសហប្រជាជាតិក្នុងទីក្រុង Goma ។ នេះជាការបញ្ជាក់នៃក្រសួងមហាផ្ទៃកុងហ្គោ។
 
«ជារឿងដ៏រន្ធត់ និងតក់ស្លុតក្រៃលែង ដែលថ្ងៃនេះខ្ញុំបានដឹងពីមរណភាពរបស់ឯកអគ្គរដ្ឋទូតរបស់យើង ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។ នេះជាសំណេរក្នុងសេចក្តីថ្លែងការណ៍របស់លោកLuigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី។ លោក Attanasio កាន់តំណែងជាប្រមុខបេសកកម្មទូតអ៊ីតាលីប្រចាំប្រទេសនេះក្នុងឆ្នាំ២០១៧ និងទទួលតំណែងជាឯកអគ្គរដ្ឋទូតក្នុងឆ្នាំ២០១៩។ លោករៀបការ និងមានកូនស្រីតូចៗចំនួន៣នាក់។
 
លោក Mauro Garofolo មន្ត្រីអង្គការមនុស្សធម៌ Sant’Egidio រៀបរាប់លោក Attanasio ថា ជាអ្នកការទូតវ័យក្មេងដែលយកចិត្តទុកដាក់ទៅលើបញ្ហាសង្គម។ លោកថា អគ្គរដ្ឋទូតអ៊ីតាលីរូបនេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការលោកក្នុងការជួយអ្នកផ្ទុកមេរោគអេដស៍។
សេចក្តីថ្លែងការណ៍នៃរដ្ឋមន្ត្រីការបរទេសអ៊ីតាលី សង្កត់ធ្ងន់ថា ខ្លួននឹងប្រឹងប្រែងស្វែងយល់ពីហេតុការណ៍ដែលបានកើតឡើងនេះ។ ចំណែកលោកស្រី Marie Ntumba Nzeza រដ្ឋមន្ត្រីការបរទេសកុងហ្គោ សន្យារដ្ឋាភិបាលអ៊ីតាលីថា នឹងធ្វើគ្រប់បែបយ៉ាងក្នុងការស្វែងរកអ្នកដែលទទួលខុសត្រូវ។
 
ពុំទាន់មានក្រុមណាចេញមកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ។ ក្រសួងមហាផ្ទៃកុងហ្គោ ចោទក្រុមឧទ្ទាមហ៊ូទូចំពោះការវាយប្រហារនេះ។ ក្រុមឧទ្ទាមនេះមានមូលដ្ឋាននៅតាមព្រំដែនរវាងកុងហ្គោ និងអូហ្កង់ដា ក៏ដូចជារវ៉ាន់ដា។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ និងបានចូលរួមក្នុងអំពើប្រល័យពូជសាសន៍នៅរ៉វាន់ដាផងដែរ។ នៅខែឧសភាឆ្នាំ២០១៨ ក្រុមនេះបានចាប់ជម្រិតភ្ញៀវទេសចរណ៍អង់គ្លេសចំនួន២រូប។
 
ក្រោយសង្គ្រាមស៊ីវិលកុងហ្គោ ត្រូវបញ្ចប់ទៅក្នុងឆ្នាំ១៩៩៨ អង្គការសហប្រជាជាតិបានបង្កើតបេសកកម្មរក្សាសន្តិសុខ និងស្ថិរភាព(MONUSCO) ក្នុងប្រទេសនេះនៅឆ្នាំ១៩៩៩។ បេសកកម្មនេះ កំពុងបន្តរហូតដល់បច្ចុប្បន្ន ដោយបានចំណាយទឹកប្រាក់ជាង៧,៨ពាន់លានដុល្លារ ហើយប្រទេសចំនួន៣០ បានបញ្ជូនកងកម្លាំងទៅចូលរួម៕
 
 
 
 
 

Tag:
 អ៊ីតាលី
  កុងហ្គោ
© រក្សាសិទ្ធិដោយ thmeythmey.com