COVID-19
ជាតិ
ស្ត្រីនគរបាលម្នាក់មានកូវីដ-១៩ បានទៅចូលរួមមង្គលការនៅព្រៃវែង អាជ្ញាធរផ្អាកសាលារៀនមួយ
23, Feb 2021 , 4:31 pm        
រូបភាព
សាលារៀនបឋមសិក្សា ស ខេង ទួលសង្កែ គឺត្រូវផ្អាកមួយរយៈសិន ដោយសារម្ចាស់មង្គលការជាគ្រូបង្រៀន។ រូបថត Google Street
សាលារៀនបឋមសិក្សា ស ខេង ទួលសង្កែ គឺត្រូវផ្អាកមួយរយៈសិន ដោយសារម្ចាស់មង្គលការជាគ្រូបង្រៀន។ រូបថត Google Street
នៅរសៀលថ្ងៃអង្គារនេះ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងអះអាងថា អាជ្ញាធរខេត្តបានរកឃើញនិងបញ្ជូនអ្នកពាក់ព័ន្ធជាង៤០ធ្វើចត្តាឡីស័ក ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងស្ត្រីនគរបាលម្នាក់ដែលមានផ្ទុកកូវីដ-១៩ ក្នុងពិធីមង្គលការនៅស្រុកកំចាយមារ។

 
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២៣នេះថា អាជ្ញាធរបានរកឃើញអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ចំនួន១៤នាក់ ហើយអ្នកជាប់ពាក់ព័ន្ធដោយប្រយោលជាង៣០នាក់។ លោកថា ស្រី្តនគរបាលម្នាក់ដែលផ្ទុកកូវីដ-១៩ បានចូលរួមមង្គលការកាលពីថ្ងៃទី១៧កុម្ភៈ ហើយរកឃើញថាមានឆ្លងកូវីដ-១៩នៅថ្ងៃទី២១។ 
 
«ដោយសារគាត់(ស្រី្តនគរបាលផ្ទុកកូវីដ-១៩) បានមកការតាំងថ្ងៃទី១៧ អ៊ីចឹង មិនសូវចោទជាបញ្ហាប្រឈមនោះទេ ហើយសំណាកអ្នកជាង៤០ដែលបានធ្វើចត្តាឡីស័ក ក៏អវិជ្ជមានដែរ ប៉ុន្តែយើងរង់ចាំតាមដាននិងឲ្យពួកគាត់បន្តធ្វើចត្តាឡីស័កដដែល»។ នេះបើតាមការលើកឡើងរបស់លោក ចាន់ ថា ដោយបន្ថែមថា សាលារៀនបឋមសិក្សា ស ខេង ទួលសង្កែ គឺត្រូវផ្អាកមួយរយៈសិន ដោយសារម្ចាស់មង្គលការជាគ្រូបង្រៀន។ លោកថា ការសម្រេចផ្អាកនេះ ដើម្បីបង្ការការឆ្លងរីករាលដាលនៃកូវីដ-១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com