អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ តំបន់​ស៊ី​ង​ជាំ​ង​បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​
23, Feb 2021 , 7:59 pm        
រូបភាព
ប្រមុខការទូតចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
​បន្ទាប់ពី​មានការ​ចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​សហគម​ន៍​អន្តរជាតិ​លើ​ការបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ក្នុង​តំបន់​ស៊ី​ង​ជាំ​ង ប្រមុខ​ការទូត​ចិន លោក​វ៉ាង យី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានចេញ​មុខការ​ពារ​រដ្ឋាភិបាល​ចិន​ជាថ្មី ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ លោក វ៉ាង អះអាងថា តំបន់​ស៊ី​ង​ជាំ​ង បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​ជានិច្ច​។

 
​មួយរយៈ​ចុងក្រោយ​នេះ មតិ​រិះគន់​ពី​សហគមន៍​មកលើ​ចិន បាន​ធ្លាក់​មកជា​ច្រើន ជាពិសេស​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ី​ង​ជាំ​ង​។ កន្លងមក​អាមេរិក បាន​ហៅ​ចិន​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅក្នុង​តំបន់​ស៊ី​ង​ជាំ​ង​។ សភា​ជាន់​ទាប​កាណាដា ក្នុង​ថ្ងៃទី​២២ ខែកុម្ភៈ បានអនុម័ត​ញ្ញាតិ​មួយ ដែល​គាំទ្រ​ក្នុង​សំឡេង ២៦៦​លើ​៣៣៨ ដោយ​ទទួលស្គាល់ថា ចិន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ក្នុង​តំបន់​ស៊ី​ង​ជាំ​ង​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ឯណោះ​វិញ ប្រមុខ​ការទូត​អង់គ្លេស លោក Dominic Raab ជំ​រុញឱ្យ​អ្នកស៊ើប​អង្កេត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បើក​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​មណ្ឌល​អប់រំ​ឡើងវិញ​របស់​ចិន​។ លោក Raab លើកឡើងថា មាន​ការធ្វើ​ទណ្ឌកម្ម​, ការចាប់​បង្ខំ​ឱ្យធ្វើ​ការ និង​ធ្វើឱ្យ​ស្ត្រី​ជនជាតិ​វី​ហ្គ័​រ​មិនអាច​មានកូន​បាន​ថែមទៀត នៅក្នុង​មណ្ឌល​ទាំងនោះ​។ 
 
​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ការពារ​សកម្មភាព​រដ្ឋាភិបាល​ចិន​ថា មិនមាន​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វី​ហ្គ័​រ​នៅ​តំបន់​ស៊ី​ង​ជាំ​ង​ឡើយ ហើយ​ថែមទាំង​អញ្ជើញ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៅ​ថែមទៀត​។ «​ទ្វារ​ទៅ​តំបន់​ស៊ី​ង​ជាំ​ង​នៅតែ​បើក​ជានិច្ច​»​។ លោក​វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​
 
​បើតាម​ប្រមុខ​ការទូត​ចិន​រូបនេះ មនុស្ស​មកពី​បណ្តា​ប្រទេស​ជាច្រើន អាច​ទៅលេង​នៅ​តំបន់​ស៊ី​ង​ជាំ​ង​បាន ដើម្បី​សិក្សា និង​ស្វែងយល់​ការពិត​។ ក្នុងន័យនេះ លោក​វ៉ាង ក៏បាន​សម្តែង​ការស្វាគមន៍​ផងដែរ ចំពោះ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៅ​តំបន់​ស៊ី​ង​ជាំ​ង​។ យ៉ាងណាមិញ ការអញ្ជើញ​របស់​ប្រមុខ​ការទូត​ចិន មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ឡើយ​។ 
 
​ក្នុង​កិច្ចប្រជុំ​ដដែល​នេះ លោក​វ៉ាង បាន​បន្ត​អះអាង​ដូច​លើក​មុន​ថា ចិន មិនបាន​បំពាន​សិទ្ធិមនុស្ស​ឡើយ​។ ផ្ទុយទៅវិញ​សកម្មភាព​របស់​ចិន គឺជា​ទង្វើ​ប្រឆាំង​គំនិត​ជ្រុលនិយម ដោយ​ផ្អែក​តាមច្បាប់ ហើយ​តំបន់​ស៊ី​ង​ជាំ​ង​ទៀតសោត ក៏មាន​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ផងដែរ​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ ដោយ​គ្មាន​ករណី​ភេរវកម្ម​។ សម្រាប់​អ្នកការទូត​ចិន ការចោទប្រកាន់​ពី​សំណាក់​ប្រទេស​មួយចំនួន គឺ​គ្រាន់តែ​ជា​ចរិត​នយោបាយ និង​គ្មាន​ការពិត​៕

Tag:
 ចិន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com