COVID-19
ជាតិ
គណៈសង្ឃនាយកឱ្យគ្រប់វត្តបន្តពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយកកម្ពុជា (រូបពីទំព័រហ្វេសប៊ុកលេខាធិការដ្ឋានគណៈសង្ឃនាយក)
× ភ្នំពេញ៖ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយនិងប្រគេនដំណឹងដល់ សម្ដេច ព្រះរាជាគណៈ ព្រះមេគណរាជធានី-ខេត្ត ព្រះអនុគណក្រុង-ស្រុក-ខណ្ឌ និងព្រះចៅអធិការគ្រប់វត្ត នៅទូទាំងប្រទេសកម្ពុជា រឹតបន្តឹងការអនុវត្តវិធានការសុខភាព “៣ការពារ និង៣កុំ” ក្នុងវិធានការ ការពារកូវីដ-១៩ ចាប់ពីថ្ងៃប្រគេនដំណឹងនេះតទៅ។ នេះបើតាមសេចក្ដីទូលថ្វាយ ប្រគេន និងជូនដំណឹងរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ព្រះមេគណរាជធានី-ខេត្ត ត្រូវណែនាំបន្ថែមដល់ ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត ឱ្យអនុវត្តគោលការណ៍គម្លាតសង្គម ឱ្យបានខ្ជាប់ខ្ជួន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក។
បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា តាមរយៈការពាក់ម៉ាសការពារ ការលាងសម្អាតដៃនឹងសាប៊ូ ឬអាអាល់កុល និងចៀសវាង ឬបើចៀសមិនបានត្រូវកាត់បន្ថយ លុបចោល ឬពន្យាពេលឱ្យបានជាអតិបរមានូវការជួបជុំគ្នា ឬការប្រជុំ ក្នុងព្រឹត្តិការណ៍ដែលបង្កឱ្យមានមនុស្សច្រើនជាដើម។
រៀបចំឱ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍ វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុល សម្រាប់លាងសម្អាតដៃជាប្រចាំ និងដាច់ខាតត្រូវពាក់ម៉ាស ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាត សុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀត ដូចជា គង់ អង្គុយ ឈរ ឬឈររង់ចាំ ឬឈរជជែកគ្នាឱ្យនៅគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ។
វិធានការបីការពារដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនោះ មាន ១- ពាក់ម៉ាស់, ២- លាងដៃ និង៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
រីឯបីកុំ រួមមាន ១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល ២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com