កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ បាត់ដំបង និងត្បូងឃ្មុំ បន្តឈ្នះខណៈកំពត និងពោធិ៍សាត់បន្តចាញ់
23, Feb 2021 , 5:21 pm        
រូបភាព
ខ្សែប្រយុទ្ធ គឺន សៀវម៉េងរបស់កំពង់ធំ បានស៊ុតបាល់បញ្ចូលទីលើម្ចាស់ផ្ទះសៀមរាប ដែលជាគ្រាប់បាល់ជ័យជម្នះ ។ រូបថត CNCC
ខ្សែប្រយុទ្ធ គឺន សៀវម៉េងរបស់កំពង់ធំ បានស៊ុតបាល់បញ្ចូលទីលើម្ចាស់ផ្ទះសៀមរាប ដែលជាគ្រាប់បាល់ជ័យជម្នះ ។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តសប្តាហ៍ទីពីរនៅថ្ងៃអង្គារនេះ បានផ្តល់លទ្ធផលដ៏គាប់ចិត្តសម្រាប់កែប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ និងបាត់ដំបង។ សៀមរាប និងព្រះវិហារ ចាប់ផ្តើមសប្តាហ៍ដំបូងជាមួយនឹងបរាជ័យនៅទឹកដីខ្លួនឯង។

 
នៅក្នុងពូល A មន្ទីរអយក ខេត្តកំពង់ស្ពឺ បានទទួលជ័យជម្នះ ២-១ លើមន្ទីរអយក ខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យខេត្តកំពង់ស្ពឺ។ លទ្ធផលនេះ នាំឲ្យកំពង់ស្ពឺឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ដោយមាន៣ពិន្ទុ ខណៈកំពង់ឆ្នាំងរក្សា៣ពិន្ទុដដែល។
 
សម្រាប់ការប្រកួតនៅទីលានវិទ្យាល័យនេត យ៉ង់ ស.ស.យ.ក ខេត្តបាត់ដំបង បន្តទទួលបានជ័យជម្នះយ៉ាងធំធេងម្តងទៀតនៅក្នុងពូល B ដោយបានយកឈ្នះ ស.ស.យ.ក ខេត្តពោធិ៍សាត់ដល់ទៅ ៨-១។ ជាជ័យជម្នះ២លើកជាប់គ្នាសម្រាប់បាត់ដំបង តែជាបរាជ័យ២លើកជាប់គ្នាផងដែរសម្រាប់ពោធិ៍សាត់។
 
នៅពូល C ម្ចាស់ផ្ទះសៀមរាប អេហ្វស៊ី បានបើកឆាកនៅកីឡដ្ឋានស្វាយធំ ជាមួយនឹងការខកចិត្ត ដោយចាញ់កងរាជអាវុធហត្ថកំពង់ធំ ១-០។ នេះជាការស្តារមុខមាត់ឡើងវិញសម្រាប់កំពង់ធំ ក្រោយបើកឆាក ចាញ់ឧត្តរមានជ័យ ២-១ នៅទឹកដីខ្លួនឯង។
 
រីឯនៅពូល E មន្ទីរអយក ខេត្តកែប ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ក្រោយឈ្នះភ្ញៀវកំពត ៥-២ នៅទីលានខេត្តកែបផ្ទាល់។ កំពតបានរងបរាជ័យពីរប្រកួតជាប់គ្នា បន្ទាប់ពីរងគ្រោះដោយសារខេត្តព្រះសីហនុ ១-០ នៅទឹកដីខ្លួន។
 
ដោយឡែកជំនួបពូល F ឯណោះវិញ មន្ទីរអយក ខេត្តត្បូងឃ្មុំ បានធ្វើឲ្យម្ចាស់ផ្ទះ ខេត្តព្រះវិហារ បើកឆាកជាមួយនឹងបរាជ័យ ៤-២។ ត្បូងឃ្មុំ បាន៦ពិន្ទុពេញ ពីការប្រកួត២លើក ខណៈព្រះវិហារ និងរតនគិរី មិនទាន់មានពិន្ទុរាប់៕
 
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com