លោកស្រី Lam ថា ហុងកុងត្រូវផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតក្នុងជ្រើសរើសមេដឹកនាំ
អន្តរជាតិ
លោកស្រី Lam ថា ហុងកុងត្រូវផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតក្នុងជ្រើសរើសមេដឹកនាំ
23, Feb 2021 , 5:41 pm        
រូបភាព
លោកស្រីCarrie Lam នាយកប្រតិបត្តិតំបន់ហុងកុង។ រូបថត៖ AFP
លោកស្រីCarrie Lam នាយកប្រតិបត្តិតំបន់ហុងកុង។ រូបថត៖ AFP
លោកស្រី Carrie Lam នាយកប្រតិបត្តិតំបន់ហុងកុង បង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ។ ការលើកឡើងរបស់លោកស្រីនៅថ្ងៃទី២៣ ខែកុម្ភៈ ធ្វើឡើងមុនកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិននាខែមីនាខាងមុខ ដែលរំពឹងនឹងអនុម័តច្បាប់ដែលតម្រូវឱ្យមានការផ្លាស់ប្តូរអង្គបោះឆ្នោតដែលជ្រើសរើសនាយកប្រតិបត្តិតំបន់ពាក់កណ្តាលស្វ័យភាពមួយនេះ។

 
លោកស្រី Carrie Lam ប្រមុខតំបន់ហុងកុង និយាយថា អស្ថិរភាពនយោបាយ និងបាតុកម្មទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៩ ជាកត្តាជំរុញឱ្យរដ្ឋាភិបាលចិនប្រកាន់ជំហរហុងកុងត្រូវដឹកនាំដោយអ្នកស្នេហាជាតិ។ ជាការពិតនោះ ពលរដ្ឋហុងកុង ពុំមានសិទ្ធិក្នុងការជ្រើសរើសប្រមុខដឹកនាំតំបន់នេះដោយផ្ទាល់ស្រាប់ទៅហើយ។
 
 
 
«វាជារឿងច្បាស់ណាស់ដែល (ហុងកុង) ឈានដល់ស្ថានការណ៍មួយដែលអាជ្ញាធរកណ្តាលត្រូវចាត់វិធានការក្នុងការដោះស្រាយបញ្ហា ដែលក្នុងនោះរួមមានកំណែទម្រង់ការបោះឆ្នោត»។ នេះជាការថ្លែងរបស់លោកស្រី Lam ក្នុងសន្និសីទព័ត៌មានថ្ងៃទី២៣ ខែកុម្ភៈ។ លោកស្រីនិយាយថា រដ្ឋាភិបាលចិន មិនចង់ឃើញស្ថានការណ៍ធ្លាក់ដុនដាបជាងនេះឡើយ។
 
ការលើកឡើងរបស់លោកស្រី Lam ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Xia Baolong នាយកការិយាល័យកិច្ចការហុងកុង និងម៉ាកាវ និយាយថា ហុងកុងត្រូវតែដឹកនាំដោយអ្នកស្នេហាជាតិ។ លោក Xia Baolong ក៏បានប្រាប់ឱ្យអាជ្ញាធរកែប្រែចន្លោះប្រហោងច្បាប់ដែលអនុញ្ញាតឱ្យអ្នកប្រឆាំងអាចចូលរួមបោះឆ្នោតបាន។
 
ទាក់ទងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត The Wall Street Journal ផ្សាយថា រដ្ឋាភិបាលចិនមានផែនការការបន្ថយអំណាច និងឥទ្ធិពលអង្គបោះឆ្នោតចំនួន១,២០០ ដែលជ្រើសរើសនាយកប្រតិបត្តិតំបន់នេះ។ នាយកប្រតិបត្តិ ជាបេក្ខភាពដែលស្នើដោយរដ្ឋាភិបាលចិន ហើយអង្គបោះឆ្នោតទាំងនោះ ជាអ្នកបោះឆ្នោតជ្រើសរើស។ ប្រតិភូទាំង១,២០០ នោះអាចជាបុគ្គលធម្មតា ស្ថាប័នតំណាងវិស័យសំខាន់ៗក្នុងទីក្រុង និង១១៧រូបមកពីក្រុមប្រឹក្សាសង្កាត់ ដែលជ្រើសរើសពីមណ្ឌលបោះឆ្នោតចំនួន២៨ និងអនុម័តដោយសភាហុងកុង។
 
ផែនការខាងលើ ក៏រួមបញ្ចូលការលុបចោល ឬកាត់បន្ថយសមាជិកក្រុមប្រឹក្សាសង្កាត់ហុងកុងក្នុងការជ្រើសរើសប្រមុខតំបន់នេះ និងជំនួសមកវិញដោយពលរដ្ឋហុងកុងដែលជាសមាជិក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយនៃបក្សកុម្មុយនីស្តចិន។ 
 
ហុងកុងមានក្រុមប្រឹក្សាសង្កាត់នៅមណ្ឌលចំនួន១៨ ។ បច្ចុប្បន្ន ក្រុមប្រឹក្សាសង្កាត់ចំនួន១៧មណ្ឌលត្រូវបានគ្រប់គ្រងដោយក្រុមបក្សប្រឆាំង និងអ្នកប្រជាធិបតេយ្យនិយម។ ក្រុមប្រឹក្សានេះមានសមាជិកចំនួន៤៧៩នាក់ ដែលក្នុងនេះ១១៧រូបជាអ្នកបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិទៀតផង។ ក្រុមប្រឹក្សានេះ ក៏មានសិទ្ធិតំណាងរាស្ត្រចំនួន៥រូបដែរ។ សភាហុងកុងមានតំណាងរាស្ត្រចំនួន៧០រូប ដែល៣៥រូបជ្រើសរើសតាមការបោះឆ្នោតជាសាកល ៣០តំណាងឱ្យវិស័យផ្សេងៗក្នុងទីក្រុង និង៥រូបចុងក្រោយជ្រើសតាំងដោយក្រុមប្រឹក្សាសង្កាត់។
 
បណ្តុំបក្សប្រឆាំងសង្ឃឹមថា ការគ្រប់គ្រងអំណាចមូលដ្ឋាន ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលហុង ក៏ដូចជាបង្កើនចំនួនតំណាងរាស្ត្រក្នុងសភាហុងកុងផងដែរ។ ប៉ុន្តែក្តីសង្ឃឹមនេះ បានរលាយទៅវិញបន្ទាប់ពីរដ្ឋាភិបាលហុងកុងសម្រេចព្យួរពេលបោះឆ្នោតសភានៅឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩៕
 
 
 

Tag:
 ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com