ភ្នំពេញ៖ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី មានអ្នកពាក់ព័ន្ធចំនួន១៨៨នាក់ ក្នុងនោះស្ត្រីចំនួន ៩០នាក់ ត្រូវបានគ្រូពេទ្យយកសំណាក ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកត្រូវបានយកសំណាកទាំងអស់ មានគ្រូបង្រៀនចំនួន២៤នាក់ សិស្សចំនួន៧៥នាក់ អ្នកលក់ដូរ ពលរដ្ឋ និងអាណាព្យាបាលសិស្សចំនួន៨៩នាក់។ នេះបើតាម លោក ឆាយ សុងលី នាយកវិទ្យាល័យយ សម្តេច ហ៊ុន សែនភ្នំពេញថ្មី បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី២៣ ខែកុម្ភៈ។
ប្រតិបត្តិការ ប្រមូលយកសំណាករកជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យ ចំពោះអ្នកពាក់ព័ន្ធនៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ត្រូវបានធ្វើឡើង ពេញមួយព្រឹកថ្ងៃទី២២កុម្ភៈ។
លោក ឆាយ សុងលី នាយកវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី បានប្រាប់សារព័ត៌មានថ្មីៗថាមានអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ចំនួន ១៨៨នាក់ ត្រូវបានយកសំណាកទៅវិភាគរកជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង១៨៨នាក់ មានស្រីចំនួន៩០នាក់ ហើយក្នុងនោះមានគ្រូបង្រៀនចំនួន២៤នាក់ ពលរដ្ឋចំនួន៨៩នាក់ និងសិស្សានុសិស្សចំនួន៧៥នាក់។
សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលកំពុងរង់ចាំការធ្វើតេស្តរកជំងឺកូវីដ-១៩ពីក្រុមគ្រូពេទ្យនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
បើតាមលោក ឆាយ សុងលី អ្នកដែលត្រូវបានយកសំណាក គឺបានពាក់ព័ន្ធដោយជាមួយនឹងសិស្សថ្នាក់ទី១២ម្នាក់ ដែលអាណាព្យាបាលរបស់គេមានវិជ្ជមានកូវីដ-១៩។ លោក ឆាយ សុងលី ពន្យល់បន្ថែម៖«ការធ្វើតេស្តហ្នឹង គេសំដៅយកថ្នាក់ដែលមានកូនម្នាក់ ដែលឪពុកគាត់ មានផ្ទុកកូវីដ-១៩។ ចំពោះសិស្សថ្នាក់ក្បែរហ្នឹង ក៏មានសិស្សរៀនគួរជាមួយនឹងសិស្សដែលមានឪពុកឆ្លងហ្នឹង។ គ្រូៗដែលពាក់ព័ន្ធ ឬគ្រូដែលមានកូនរៀននៅថ្នាក់ជាមួយកូនហ្នឹង និងប្រជាជននៅក្បែរហ្នឹង និងអាជីវករលក់ដូរមួយចំនួនផងដែរ»។
ដ្បិតមិនមានព័ត៌មានជុំវិញលទ្ធផលតេស្ត ប៉ុន្តែលោកនាយកវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី បានអះអាងថា អ្នកដែលពាក់ព័ន្ធទាំង១៨៨នាក់នោះ កំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរៀងខ្លួន ហើយពួកគេក៏នឹងបន្តធ្វើតេស្តជាបន្តបន្ទាប់ទៀត។
វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ជាសាលារៀនមួយ ក្នុងចំណោមសាលារៀនទាំង៧ដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទាក់ទងនឹងការប្រមូលសំណាក របស់សិស្សានុសិស្ស គ្រូ ឬអ្នកដែលពាក់ព័ន្ធនៅតាមគ្រឹះស្ថានសិក្សានេះ ទាំងក្រសួងអប់រំ និងក្រសួងសុខាភិបាល សុទ្ធតែបញ្ជាក់ថា មិនមានតួលេខនេះនោះទេ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៩៣នាក់ អ្នកសះស្បើយ ៤៧៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១១៦នាក់។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងដល់ ៩៩នាក់ហើយ៕
សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីដែលកំពុងរង់ចាំការធ្វើតេស្តរកជំងឺកូវីដ-១៩ពីក្រុមគ្រូពេទ្យនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១