COVID-19
អន្តរជាតិ
WHO ស្នើប្រទេសអ្នកមានឱ្យគិតគូរពេលទិញវ៉ាក់សាំងដើម្បីកុំឱ្យប៉ះពាល់យន្តការ COVAX រូបថត Xinhua
× ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី២២ ខែកុម្ភៈ បានស្នើដល់ប្រទេសអ្នកមាន ឱ្យពិនិត្យមើលមុនពេលបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីធានាថា មិនប៉ះពាល់យន្តការ COVAX ។
ការទិញវ៉ាក់សាំងច្រើនហួសហេតុរបស់ប្រទេសអ្នកមាននៅតែជាបញ្ហាចោទសម្រាប់ការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ។ នាសន្និសីទប្រចាំថ្ងៃទី២២ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesus បានរិះគន់យុទ្ធសាស្ត្រទិញវ៉ាក់សាំងរបស់ប្រទេសអ្នកមាន ដែលលោកអះអាងថា ធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំងរបស់ COVAX ។ លោកថែមទាំងនិយាយថា ការទាក់ទងផ្ទាល់របស់ប្រទេសអ្នកមានទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំង នាំឱ្យចំនួនវ៉ាក់សាំងរបស់ COVAX ធ្លាក់ចុះទៀត។
កន្លងមក បណ្តាប្រទេសអ្នកមាន នាំគ្នាប្រមូលទិញវ៉ាក់សាំងរាប់ពាន់លានដូសទុកចាក់ឱ្យប្រជាជនរបស់ពួកគេ ខណៈពេលដែលប្រទេសកំពុងអភិវឌ្ឍមួយចំនួនទៀតទើបតែទទួលបានវ៉ាក់សាំងតិចតួច ហើយប្រទេសខ្លះនៅមិនទាន់ទទួលបាននៅឡើយ។ ត្រង់ចំណុចនេះ លោក Tedros ស្នើជាថ្មីឱ្យប្រទេសអ្នកមានពិចារណាឱ្យច្បាស់ថា កិច្ចព្រមព្រៀងរបស់ពួកគេ មិនប៉ះពាល់យន្តការ COVAX ឡើយ។
«មធ្យោបាយល្អបំផុតដើម្បីការពារខ្លួនអ្នកគឺ មិនត្រឹមតែចាក់វ៉ាក់សាំងលើខ្លួនឯងម្នាក់ប៉ុណ្ណោះទេ តែថែមទាំងត្រូវចាក់វ៉ាក់សាំងឱ្យអ្នកដទៃទៀត ដោយការចែករំលែកវ៉ាក់សាំងជាមួយពិភពលោកទាំងមូល»។ នេះជាអ្វីដែលលោក Tedros ណែនាំមេដឹកនាំប្រទេសនានាឱ្យប្រាប់ប្រជាជនពួកគេ។
តាមពិតទៅ ប្រទេសអ្នកមាន ក៏បានផ្ដល់ថវិកាជាបន្តបន្ទាប់សម្រាប់យន្តការ COVAX ដែរ។ COVAX មានគោលដៅចែកវ៉ាក់សាំងឱ្យពីរពាន់លានដូសនៅឆ្នាំ២០២១ ទៅកាន់ប្រទេសក្រីក្រី។ តាមគម្រោង វ៉ាក់សាំងរបស់ COVAX នឹងត្រូវដឹកនៅចុងខែកុម្ភៈ និងដើមខែមីនា។ សម្រាប់ប្រទេសអឺរ៉ុប បន្ថែមពីលើជំនួយហិរញ្ញវត្ថុ ពួកគេក៏ពិចារណាចែកវ៉ាក់សាំងដែលខ្លួនមានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com