រដ្ឋាភិបាល យកច្បាប់ធ្វើជាចំណែកមួយ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
COVID-19
ជាតិ
រដ្ឋាភិបាល យកច្បាប់ធ្វើជាចំណែកមួយ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
23, Feb 2021 , 6:00 pm        
រូបភាព
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ (ឆ្វេងដៃ, រូបពីក្រសួងយុត្តិធម៌) និង លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គម (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ (ឆ្វេងដៃ, រូបពីក្រសួងយុត្តិធម៌) និង លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គម (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
ដោយ: ថ្មីៗ
រដ្ឋាភិបាល បានយកវិធានការច្បាប់ ទៅផ្សែផ្សំជាមួយនឹងវិធានការផ្សេងៗទៀត ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ អ្នកតាមដានស្ថានការណ៍សង្គម មានសុទិដ្ឋិនិយមលើរដ្ឋាភិបាល ដែលអនុវត្តច្បាប់តឹងរ៉ឹងក្នុងកាលៈទេសៈនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងជំងឺកូវីដ-១៩។



វិធានការច្បាប់ ដែលកំពុងតែធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន ចាប់អារម្មណ៍នោះ គឺការព្រមានចាត់វិធានការច្បាប់ លើអ្នកចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ សារព្រមាននេះ បានចេញពីលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្មីៗនេះ។ 
 
លោក គឹម សន្តិភាព បកស្រាយថា មិនមែនតែអ្នកបង្កើតព័ត៌មានក្លែក្លាយទេ អ្នកចែករំលែកព័ត៌មានក្លែងក្លាយ ក៏អាចប្រឈមនឹងផ្លូវច្បាប់និងការស្រាវជ្រាវរបស់សមត្ថកិច្ចដែរ។ លោក ថ្លែងថា៖«អ្នក ដែលចែកចាយព័ត៌មានមិនពិត សមត្ថកិច្ច មានកាតព្វកិច្ចក្នុងការសួរនាំ អ៊ីចឹងត្រូវខាតទាំងពេលវេលា ត្រូវជាប់ជំពាក់ជាមួយទោសទណ្ឌទៀត បើគ្មានទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការដោះបន្ទុកឲ្យរួចផុតពីការចោទប្រកាន់»។  
 
បទល្មើស ដែលអ្នកបង្កើតព័ត៌មានក្លែងក្លាយនិងអ្នកចែករំលែកព័ត៌មានក្លែងក្លាយ ត្រូវទទួលនោះ គឺលោក គឹម សន្តិភាព ចង់សំដៅលើបទល្មើស ដែលមានចែងក្នុងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៤៩៥នេះ គឺចែងពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយអ្នកប្រព្រឹត្ត ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងត្រូវពិន័យប្រាក់ពី១លានរៀលទៅ៤លានរៀល។ 
 
ម្ល៉ោះហើយ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិនិត្យឲ្យបានច្បាស់ថា ព័ត៌មានណាពិតឬមិនពិន មុននឹងចែករំលែកបន្ត។ 
លោក បានលើកឡើងពីការអនុវត្តច្បាប់ លើអ្នកបង្កើតព័ត៌ក្លែងក្លាយនិងអ្នកចែករំលែកព័ត៌មានក្លែងក្លាយ បន្ទាប់ពីមានការចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ពីមរណរបស់អ្នកគ្រូម្នាក់ ដោយព័ត៌មាន ដែលត្រូវបានចែករំលែកតៗគ្នានោះ អះអាងថា អ្នកគ្រូនោះ ទទួលមរណភាព ដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិន តែតាមការពិត ក្រសួងសុខាភិបាល បំភ្លឺថា អ្នកគ្រូនោះ ទទួលមរណភាពដោយសាររលាកស្រោមខួរក្បាលកម្រិតធ្ងន់។ 
 
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម មិនរិះគន់រដ្ឋាភិបាលឡើយ ចំពោះការរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ លោក មិនយល់ថា ការអនុវត្តច្បាប់តឹងរ៉ឹងក្នុងកាលៈទេសៈ គឺជាការរឹតត្បិតសិទ្ធិសេរីឡើយ ព្រោះការអនុវត្តច្បាប់តឹងរ៉ឹងបែបនេះ គឺដើម្បីការពារជីវិតមនុស្ស ពីការឆ្លងជំងឺកូវីដ-១៩។ 

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកតាមដានស្ថានការន៍សង្គមរួបនេះ បញ្ចេញទស្សនទានថា៖«បើយើង យកសិទ្ធិមនុស្សមកគិត តែបើជំងឺហ្នឹង រាលដាលឆ្លង ហើយស្លាប់មនុស្ស អាហ្នឹង ក៏វា ប៉ះពាល់សិទ្ធិមួយទៀត គឺសិទ្ធិរស់រានមានជីវិត ដូច្នេះ សម្រាប់ខ្ញុំ ខ្ញុំ មិនប្រតិកម្មអីជាអវិជ្ជមាន ទៅលើរឿងរឹតត្បិតសិទ្ធិអីទេ ព្រោះអានេះ គេធ្វើទូទាំងពិភពលោកទៅហើយ»។ 
 
យ៉ាងណាក៏ដោយ លោក មាស នី ចង់ឲ្យក្រសួងយុត្តិធម៌ ពន្យល់ឲ្យច្បាស់លាស់ថា ព័ត៌មានក្លែងក្លាយនោះ ជាប្រភេទព័ត៌មានដូចម្តេចខ្លះ? ហើយការចែករំលែកព័ត៌មានក្លែងក្លាយនោះ មានទោសកម្រិតណា ទើបអាចឈានទៅដល់ការដាក់ទោសលើអ្នកចែករំលែកបាន? 

លោក  លើកជាយោបល់ថា៖«ទោះបីជាព័ត៌មានក្លែងក្លាយ តែបើមិនមានរឿងអីធ្ងន់ធ្ងរ គ្រាន់តែគ្នាអត់ដឹង គ្នាឃើញ គ្នាចេះតែចែករំលែកទៅ អាហ្នឹង វា ជារឿងមួយ ដែលរដ្ឋាភិបាល ត្រូវថ្លឹងថ្លែង បើមិនអ៊ីចឹងទេ អត់មានគុកដាក់មនុស្សទេ»។ 
 
ទន្ទឹមនឹងនេះ លោក បារម្ភថា ការចាត់វិធានការលើអ្នកចែករំលែកព័ត៌មានក្លែងក្លាយ អាចដោយសារអ្នកនោះ មាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល ហើយយកលេសពីការចែករំលែកព័ត៌មានក្លែងក្លាយ ដើម្បីចាប់ពួកគេ។ លោក មានប្រសាសន៍ថា៖«កាលណា យើង ធ្វើមិនច្បាស់លាស់បែបហ្នឹង វា អាចនឹងបង្កឲ្យមានអយុត្តិធម៌សង្គម កាន់តែច្រើនឡើងថែមទៀត»។
 
ក្រោយថ្លែងក្នុងសន្និសីទខាងលើរួចហើយ លោក គឹម សន្តិភាព បានបង្ហោះសារទាក់ទងនឹងផ្លូវច្បាប់មួយទៀត លើទំព័រហ្វេសប៊ុករបស់លោក គឺមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ មានត្រា៤៤នេះ ចែងថា រាល់បុគ្គល ដែលបានដឹងអំពីស្ថានភាពហានិភ័យអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ៦ខែ និងអាចពិន័យប្រាក់ពី ១សែនរៀល ទៅ១លានរៀល ។
 
លោក អះអាងថា៖«ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះបន្ថែមទៀត សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩»។
វិធានការច្បាប់មួយទៀត ដែលគេ កំពុងតែកត់សម្គាល់ខ្លាំដែរនោះ គឺរដ្ឋាភិបាល បានកែប្រែអនុក្រឹត្យពាក់ព័ន្ធនឹងការដាក់ពិន័យលើអ្នកបំពានវិធានការចត្តាឡីស័ក។ អនុក្រឹត្យថ្មី ដែលកើតចេញពីការកែប្រែអនុក្រឹត្យចាស់ គឺពិន័យប្រាក់ពី១លានរៀល រហូតដល់៥០លានរៀលឯណោះ ខណៈអនុក្រឹត្យចាស់ ពិន័យប្រាក់ច្រើនបំផុត ត្រឹមតែ១លានរៀល លើអ្នកបំពានវិធានការចត្តាឡីស័ក។
 
អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នករត់គេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀល ដល់៥លានរៀល។ ចំណែក អ្នកបញ្ចុះបញ្ចូលអ្នកដទៃ ដែលត្រូវធ្វើចត្តាឡីស័ក ដើម្បីគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល។ ផ្អែកតាមអនុក្រឹត្យថ្មីនេះ អ្នកល្មើសនឹងវិធានការចត្តាឡីស័ក មិនរួចខ្លួនត្រឹមការបង់ប្រាក់នោះទេ តែអាចប្រឈមនឹងទោសព្រហ្មទណ្ឌថែមទៀត។ 
 
បន្ថែមពីនេះ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកជាអ្នកស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ បានស្នើឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចលើគោការណ៍បណ្តេញចេញនិងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ ចំពោះជនបរទេសដែលគេចវេះមិនធ្វើចត្តាឡីស័ក និងមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ ជាដើម។ បើអ្នកប្រព្រឹត្តជាជនជាតិខ្មែរ លោក ស្នើឲ្យចាត់វិធានការតាមផ្លូវច្បាប់ ហើយបើជាទីតាំងអាជីវកម្ម លោក ស្នើឲ្យដកហូតអាជ្ញាបណ្ណ។ សម្តេចប្រមុខរដ្ឋាភិបាល បានចារយល់ព្រមលើសំណើនេះ។
 
រដ្ឋាភិបាលកម្ពុជា ចេញវិធានការច្បាប់ជាបន្តបន្ទាប់ ធ្វើជាជំនួយបន្ថែមដល់វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩ គឺស្ថិតកាលៈទេសៈ ដែលកម្ពុជា កំពុងមានករណីជំងឺនេះ ឆ្លងចូលសហគមន៍សាជាថ្មី។ ក្នុងរយៈពេលតែ៣-៤ថ្ងៃប៉ុណ្ណោះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវិដ-១៩ ក្នុងសហគមន៍ដល់ទៅជិត១០០នាក់។ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ជាង១០០នាក់កំពុងសម្រាកព្យាលបាល ដោយក្នុងចំណោមជាង១០០នាក់នោះ ភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍។ រដ្ឋាភិបាល ហៅការឆ្លងជំងឺកូវីដ-១៩ចូលសហគមន៍លើកនេះ ថាជាព្រឹត្តិការណ៍២០កុម្ភៈ។ 
 
វិធានការដ៏សំខាន់ ដែលប្រមុខរដ្ឋាភិបាលនិងក្រសួងសុខាភិបាល តែងក្រើនរម្លឹកឲ្យប្រជាពលរដ្ឋអនុវត្ត ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩ គឺ៣ការពារ និង ៣កុំ។ វិធីសាស្រ្តមួយទៀត ដែលរដ្ឋាភិបាលនិងក្រសួងសុខាភិបាល យល់ថាអាចការពារពីការឆ្លងជំងឺកូវីដ-១៩ដែរនោះ គឺអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ចេញក្រៅផ្ទះ បើមិនចាំ។
 
ស្របនឹងការចាត់វិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅក្នុងផ្ទៃប្រទេស រដ្ឋាភិបាល ក៏ចាត់វិធានទប់ស្កាត់ជំងឺនេះ មិនឲ្យចូលពីក្រៅប្រទេសមកដែរ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាទៅកងកម្លាំងនិងអាជ្ញាធរតាមព្រំដែន ឲ្យពិនិត្យយ៉ាងតឹងរ៉ឹងចំពោះប្រជាពលរដ្ឋ ដែលឆ្លងដែនចូលមកកម្ពុជា ហើយត្រូវយកពួកគេ ទៅចត្តាឡីស័ក។ 
 
រដ្ឋាភិបាលនិងក្រសួងសុខាភិបាល ចាត់ទុកព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍លើកនេះ ថា មានការរាលដាលនិងស្មុគស្មាញខ្លាំងជាងលើមុខៗ៕ 
 

Tag:
 COVID-19
  ច្បាប់
  គឹម សន្តិភាព
  មាស នី
© រក្សាសិទ្ធិដោយ thmeythmey.com