ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ កម្ពុជា​ត្រូវការ​បោសសំអាត​ផ្ទៃដី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២០០០​គីឡូម៉ែត្រ​ក្រឡា​ទៀត​
24, Feb 2021 , 8:29 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ត្រូវការ​បោសសំអាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន​៨៣៥​គីឡូម៉ែត្រ​ក្រឡា និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម​ចំនួន​១៣១៦​គីឡូម៉ែត្រ​ក្រឡា​ទៀត ទើប​អាច​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​នៅក្នុង​សារលិខិត​ស្តីពី​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​២៤​កុម្ភៈ ឆ្នាំ​២០២១​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា គ្រាប់មីន គ្រាប់បែក​ច​ម្កោ​ម និង​សំណល់​ជាតិ​ផ្ទុះ​ជាច្រើន​ដែល​បន្សល់​ពី​សង្គ្រាម ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​រាប់ម៉ឺន​នាក់ រងរបួស ធ្លាក់ខ្លួន​ពិការ និង​ស្លាប់បាត់​បង់ជីវិត និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ 
 
​ដើម្បី​សម្រេច​ឲ្យ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ សម្តេច ហ៊ុន សែន នឹង​ប្តេជ្ញា និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥​។ 
 
​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មីន​ត្រូវ​បន្ត​ប្រតិបត្តិការ​ជាមួយនឹង​ប្រតិបត្តិ​ករ​ជាតិ អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​កំណត់​ឲ្យ​បាន​ជាក់លាក់​នូវ​តំបន់ និង​ទីតាំង​ដែល​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ 
 
​សម្តេច ហ៊ុន សែន បាន​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅ​ពលរដ្ឋ សិស្សានុសិស្ស កុមារ កុមារី និង​យុវជន​ក្រៅ​សាលា នៅតាម​សហគមន៍ សាលារៀន និង​វត្ត​អារាម រួមទាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព និង​មានការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ បណ្តាញ​សង្គម ផ្ទាំង​ប៉ាណូ និង​ខិត​បណ្ណ​ជាដើម​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ​នៅពេលដែល​ប្រទះឃើញ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងៗ​នៅ​កន្លែង​ណាមួយ សូមកុំ​ដំ កុំ​ប៉ះ កុំ​ដុត និង​កុំ​គប់​លេង ព្រោះ​វា​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។ ក្នុងករណី​ប្រទះឃើញ​នូវ​កន្លែង​ណាមួយ គឺ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មីន​ជាបន្ទាន់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ជីវិត​។ 
 
​គិតពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២០ កម្ពុជា​បាន​បោសសំអាត​ផ្ទៃដី​ដែលមាន​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងៗ​បាន​ចំនួន​២១៣៨​គីឡូម៉ែត្រ​ក្រឡា​ហើយ សម្រាប់​យកទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល​ក្នុង​វិស័យ​កសិកម្ម​៥៨​ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ​១២​ភាគរយ និង​វិស័យ​ផ្សេងៗ​ចំនួន​៣៨​ភាគរយ​។ 
 
​មីន​ចំនួន​ជិត​១,១​លាន​គ្រាប់ មីន​រថក្រោះ​ចំនួន​ជាង​២​ម៉ឺន​គ្រាប់ គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​២,៨​លាន​គ្រាប់​ហើយ​ដែល​ត្រូវបាន​បំផ្លាញចោល​។ ក្នុង​ឆ្នាំ​២០២០​កន្លងមក​កម្ពុ​ជាមាន​មនុស្ស​ចំនួន​៦៥​នាក់​បាន​រងគ្រោះ​ដោយសារ​គ្រាប់មីន​ផ្សេងៗ​។ តួលេខ​នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​១៩៩៦ គឺមាន​ការថយចុះ​ចំនួន​៤៣២០​នាក់​។ 
 
​កម្ពុជា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ប្រទេស​ខ្លួន​ជោគជ័យ​លើ​ការ​បោសសំអាត​មីន​នោះទេ កម្ពុជា​ក៏បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចូលរួម​បំពេញ​បេសកម្ម​ជាង​៧​ពាន់​នាក់ ស្រី​ចំនួន​៤១៩​នាក់ ក្នុង​ក្របខណ្ឌ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុងប្រទេស​ចំនួន​៩ ដូចជា ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី យេ​ម៉ែន ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​ផងដែរ​៕ 

Tag:
 ​មីន​
 ​សំណល់
© រក្សាសិទ្ធិដោយ thmeythmey.com