COVID-19
ជាតិ
តុលាការ​ភ្នំពេញ ផ្អាក​បើកសវនាការ​មួយរយៈ​
23, Feb 2021 , 11:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ដោយសារ​បារម្ភ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​ចូល​សហគមន៍​នៅ​កម្ពុជា តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​ផ្អាក​បើកសវនាការ ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។ តុលាការ​រាជធានី​ភ្នំពេញ បញ្ជាក់ថា រាល់​សំណុំរឿង ដែល​គ្រោង​នឹង​បើកសវនាការ ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ​។


​តាមរយៈ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ តុលាការ​រាជធានី​ភ្នំពេញ អះអាងថា នឹង​បើកសវនាការ​ឡើងវិញ នៅក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​។ លោក អ៊ី​ន រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ក្រោយ​ថ្ងៃទី​១២ ខែមីនា បើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ធូរស្រាល តុលាការ​រាជធានី​ភ្នំពេញ អាច​នឹង​រៀប​កម្មវិធី​បើកសវនាការ​ឡើង​វិ តែបើ​មិនទាន់​ធូរស្រាល​ទេ ការផ្អាក​សវនាការ អាច​នឹង​នៅតែ​បន្ត​។ 
 
​លោក លើកឡើងថា មាន​ករណី​ពិសេស​ខ្លះ តុលាការ អាច​នឹង​បើកសវនាការ ក្នុងអំឡុងពេល​នៃ​ការផ្អាក​នេះ​។ ករណី​ពិសេស ដែល​លោក លើកឡើង​នោះ ដូចជា សំណុំរឿង​របស់​ជនជាប់ចោទ ដែល​នឹងត្រូវ​ជាប់ឃុំ​ហួស​កាលកំណត់  បើ​បន្ត​ឃុំ​ជនជាប់ចោទ​នោះ ដោយ​មិន​បើកសវនាការ​។ ករណី​ពិសេស​មួយទៀត គឺ​ជនជាប់ចោទ ត្រូវបាន​បញ្ជូនទៅ​កាត់ក្តី​ភ្លាមៗ ហើយ​តម្រូវ​ឲ្យ​បើកសវនាការ​ជាបន្ទាន់ នោះ​ក៏​តុលាការ អាច​នឹង​បើកសវនាការ​ក្នុងអំឡុងពេល​ផ្អាក​នេះដែរ​។ 
 
​លោក មានប្រសាសន៍ថា​៖«​ករណី​ហ្នឹង មិនសូវមាន​ទេ តែបើ​មាន យើង ត្រូវតែ​បើកសវនាការ​ហើយ​»​។ 
 
​ក្នុង​រយៈពេល​តែ​៣-៤​ថ្ងៃ​ប៉ុណ្ណោះ អាជ្ញាធរ​កម្ពុជា រកឃើញ​មនុស្ស​ជិត​១០០​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លើក​នេះ ត្រូវ​រដ្ឋាភិបាល សន្មត​ហៅថា ព្រឹត្តិ​ករ​ណ៍​២០​កុម្ភៈ​។ 
 
​មាន​ទីតាំង​ជិត​៥០​កន្លែង​ហើយ ដែល​រកឃើញថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ហើយ​ភាគច្រើន​នៃ​ទីតាំង​ទាំងនោះ ត្រូវបាន​បិទ​ជាប​ណ្ណោះ​អាសន្ន​។ ជាមួយគ្នានេះ រដ្ឋាភិបាល បាន​បិទ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រយៈពេល​២​សប្តាហ៍ ខណៈ អាជីវកម្ម​ផ្សេៗ​ទៀត ដូចជា ខេ​ធី​វី ជាដើម ក៏ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​៕ 
 
 

Tag:
 COVID-19
  តុលាការ​ភ្នំពេញ​
  ផ្អាក​សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com