អ្នកជំនាញ អះអាងថា វីរុសកូវីដ-១៩ គ្មានប្រភពចេញពីសត្វប្រចៀវនៅកម្ពុជាឡើយ
COVID-19
ជាតិ
អ្នកជំនាញ អះអាងថា វីរុសកូវីដ-១៩ គ្មានប្រភពចេញពីសត្វប្រចៀវនៅកម្ពុជាឡើយ
23, Feb 2021 , 6:30 pm        
រូបភាព
ពីឆ្វេងទៅស្តាំង៖ អ្នកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អ្នកស្រី ឱ វណ្ណឌី អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី Laurence BARIL  នាយិកានៃវិទ្យាស្ថានប៉ាស័្ទរកម្ពុជា និង លោក ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ពីឆ្វេងទៅស្តាំង៖ អ្នកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អ្នកស្រី ឱ វណ្ណឌី អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី Laurence BARIL នាយិកានៃវិទ្យាស្ថានប៉ាស័្ទរកម្ពុជា និង លោក ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ភ្នំពេញ៖ កាលពី១០ឆ្នាំមុន អ្នកវិទ្យាសាស្ត្របានចាប់សត្វប្រចៀវពីតំបន់មួយក្នុងខេត្តស្ទឹងត្រែង ដើម្បីយកសំណាករកមេរោគឆ្លងនានានៅក្នុងខ្លួនសត្វប្រចៀវទាំងនោះ។ លទ្ធផលបានបង្ហាញថា ក្នុងចំណោមសំណាករបស់សត្វប្រចៀវចំនួន១៣០ក្បាល គឺមាន២សំណាកវិជ្ជមានមេរោគកូរ៉ូណា ដែលមានលក្ខណៈស្រដៀងនឹងមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក។ ប៉ុន្តែអ្នកជំនាញពីក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អះអាងថា លក្ខណៈស្រដៀងនេះ គឺមិនមែនមានន័យថា ជាមេរោគតែមួយឡើយ។

ក្នុងសន្និសីទកាសែតស្តីពីការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ អ្នកស្រី Laurence BARIL  នាយិកានៃវិទ្យាស្ថានប៉ាស័្ទរកម្ពុជា បកស្រាយថា៖«លក្ខណៈចម្លង និងភាពដែលអាចចម្លងនោះ គឺមានលក្ខណៈខុសគ្នា រវាងមេរោគកូរ៉ូណាដែលយើងរកឃើញ [នៅក្នុងសត្វប្រចៀវ] ជាមួយនឹងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះរាតត្បាតនេះ»។ អ្នកស្រី បន្តថា ការរកឃើញមេរោគកូរ៉ូណានៅក្នុងខ្លួនសត្វប្រចៀវ ដែលមានលក្ខណៈស្រដៀងនឹងមេរោគកូវីដ-១៩នេះ  ខាងអ្នកវិទ្យាសាស្រ្ត មិនមែនរកឃើញចំពោះតែសត្វប្រចៀវរស់នៅក្នុងទឹកដីកម្ពុជានោះទេ ពោល នៅតំបន់ និងប្រទេសនានាក្នុងពិភពលោក ដូចជា ចិន ថៃ វៀតណាម ជាដើម គឺសុទ្ធតែរកឃើញលក្ខណៈស្រដៀងគ្នាបែបនេះ។

ថ្វីដ្បិតមេរោគកូរ៉ូណាមាននៅក្នុងខ្លួនសត្វប្រចៀវដែលរស់នៅខេត្តស្ទឹងត្រែងមានលក្ខណៈស្រដៀងគ្នានឹងមេរោគកូវីដ-១៩នេះ ប៉ុន្តែរវាងមេរោគទាំងពីរនេះ គឺមានលក្ខណៈខុសគ្នាច្រើន។ លោក ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលចូលរួមក្នុងសន្និសីទកាសែតនោះដែរ បាននិយាយថា ចង្វាក់ហ្សែន (AND) របស់មេរោគកូរ៉ូណាដែលមាននៅក្នុងខ្លួនរបស់សត្វប្រចៀវនៅកម្ពុជា គឺមានលក្ខណៈខុសគ្នាខ្លាំង ជាមួយមេរោគ SARS-CoV-2 ដែលបង្កជំងឺនៅលើមនុស្ស។

លោក បានអះអាងថា៖«អ្វីដែលយើងដឹងនោះទៀត គឺ ប្រូតេអ៊ីនហ្សែនរបស់ SARS-CoV-2 នៅលើសត្វប្រចៀវនោះ  គឺមិនមានលទ្ធភាពអនុញ្ញាតឱ្យវីរុសហ្នឹង ឆ្លងចូលកោសិការរបស់មនុស្សបានទេ»។

ជាមួយគ្នានេះ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា មេរោគដែលអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងសត្វប្រចៀវ២ក្បាលនៅកម្ពុជា ក៏មិនមែនជាមេរោគកូវីដ-១៩ ដែលបំលែងថ្មីដែរ។ អ្នកស្រី បំភ្លឺថា៖«មេរោគនេះ ជាបងប្អូន [អម្បូរ] របស់ SARS-CoV-2 ដែលបង្កជំងឺនៅលើមនុស្ស [សព្វថ្ងៃនេះ] តែវាមិនមែនជា SARS-CoV-2 ទេ»។

ការបកស្រាយរបស់អ្នកជំនាញខាងលើ គឺជាការឆ្លងតបនឹងសារព័ត៌មានបរទេសមួយ ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ ថា វីរុសកូវីដ-១៩ អាចមានប្រភពចេញពីសត្វប្រចៀវនៅកម្ពុជា៕

Tag:
 COVID-19
  សត្វប្រចៀវ
© រក្សាសិទ្ធិដោយ thmeythmey.com