COVID-19
ជាតិ
COVID-19៖ ៤០ករណីទៀតនៅកម្ពុជាដោយ៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
× ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៤០ករណីទៀត ដែលក្នុងនោះ៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាឡើងដល់៦៣៣នាក់ ក្នុងនោះ១៣៧នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។
ក្នុងចំណោម៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានបុរស-ស្ត្រីជនជាតិចិន៣៥នាក់ ស្ត្រីវៀតណាម២នាក់ និងស្ត្រីខ្មែរ១នាក់។ អ្នកទាំងនោះមានអាសយដ្ឋាននៅបណ្តាសង្កាត់ជាច្រើនក្នុងរាជធានីភ្នំពេញ និង២ករណី (ស្ត្រីវៀតណាមអាយុ២៦ឆ្នាំ និងបុរសចិនអាយុ៥១ឆ្នាំ) មានអាសយដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល។
អ្នកជំងឺទាំង៣៨នាក់នោះ មាន៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ៧នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ៩នាក់នៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល និង១៥នាក់ទៀត ក្រសួងកំពុងរៀបចំបែងចែកទីតាំង។
ជាមួយគ្នានេះ មានករណី២ទៀតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអ្នកជំងឺជាស្ត្រីចិនអាយុ៣៥ឆ្នាំ និង២២ឆ្នាំ ។ អ្នកទាំងពីរបានទៅធ្វើតេស្តសុំវិញ្ញាបនបត្រសុខភាពកាលពីថ្ងៃទី២២ ខែកុម្ភៈ ក្នុងគោលបំណងធ្វើដំណើរទៅចិនវិញ។ លទ្ធផលបង្ហាញថា វិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ករណីសះស្បើយមានតែ១ប៉ុណ្ណោះ សម្រាប់ការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ដែលអ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ អាសយដ្ឋាននៅត្បូងឃ្មុំ ដែលបានធ្វើដំណើរពីប្រទេសគូវែត។
មកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប៦៣៣ករណី ដោយ៤៧៦ករណី បានជាសះស្បើយ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់១៣៧នាក់ ដោយភាគច្រើនជាជនជាតិចិន បន្ទាប់ខ្មែរ និងវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com