អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកអាជីវកម្មសណ្ឋាគារ២ក្រោយករណីវិជ្ជមានស្ត្រីចិន២នាក់
COVID-19
ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកអាជីវកម្មសណ្ឋាគារ២ក្រោយករណីវិជ្ជមានស្ត្រីចិន២នាក់
24, Feb 2021 , 10:32 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ដោយ: រួបរួម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្នសណ្ឋាគារ ហ័ងហ្គ័នជាយី និងសណ្ឋាគារជីនប៉ី ទាំង៣សាខា រួមទាំងអាគារស្នាក់នៅរួមរបស់បុគ្គលិក ក្រោយករណីស្ត្រីចិន២នាក់ តេស្តវិជ្ជមានកូវីដ-១៩។

 
តាមរបាយការណ៍ ស្ត្រីចិនម្នាក់ បានទៅស្នាក់នៅបន្ទប់លេខ១២០២ ជាន់ទី១២ នៃសណ្ឋាគារហ័ងហ្គ័នជាយី និងម្នាក់ទៀតនៅបន្ទប់លេខ១១០៣ ជាន់ទី១១នៃសណ្ឋាគារជីនប៉ី។ អ្នកទាំងពីរសុទ្ធតែមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។
 
ក្នុងលិខិតដោយឡែកពីគ្នា លោកអភិបាលខេត្ត គួច ចំរើន ហាមសណ្ឋាគារទាំងពីរទទួលភ្ញៀវថ្មីចូលស្នាក់ ហើយមិនឲ្យមានការចេញចូលសណ្ឋាគារជាពិសេសភ្ញៀវកំពុងស្នាក់នៅស្រាប់ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
 
«ក្នុងករណី មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន»។ នេះជាការក្រើនរំលឹករបស់លោក អភិបាលខេត្ត ដោយទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់យកសំណាកសតេស្ត និងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។
 
ករណីស្ត្រីចិន២នាក់ ស្ថិតក្នុងចំណោម៤០ករណីដែលក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ ដោយបានអះអាងថាអ្នកទាំងពីរបានទៅធ្វើតេស្តសុំវិញ្ញាបនបត្រសុខភាពកាលពីថ្ងៃទី២២ ខែកុម្ភៈ ក្នុងគោលបំណងធ្វើដំណើរទៅចិនវិញ។ លទ្ធផលបង្ហាញថា វិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ 
 
របាយការណ៍មិនបានភ្ជាប់ស្ត្រីទាំងពីរទៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះឡើយ ប៉ុន្តែក្រោយការសាកសួរពីសំណាក់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយប្រាប់ដោយខ្លីថា នេះគឺជាការចំឡងតគ្នាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ:៕
 

© រក្សាសិទ្ធិដោយ thmeythmey.com