អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជាមានប្រមាណ៤,៥ម៉ឺននាក់ហើយ
COVID-19
ជាតិ
សុខភាព
អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជាមានប្រមាណ៤,៥ម៉ឺននាក់ហើយ
24, Feb 2021 , 11:58 am        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ចាក់វ៉ាក់កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១។ រូបថត៖ ឈន សុផាត
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ចាក់វ៉ាក់កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១។ រូបថត៖ ឈន សុផាត
ភ្នំពេញ៖  រយៈពេល១៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ កម្ពុជាមានពលរដ្ឋ និងកងកម្លាំងប្រដាប់ ចំនួន៤៤,៥០៥នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិន(Sinopharm)។ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ក្នុងនោះ ពលរដ្ឋអាទិភាពចំនួន៧,៧៧០នាក់  និង៣៦,៧៣៥នាក់ទៀត ជាកងទ័ព។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
បើតាមតួលេខរបស់ក្រសួងសុខាភិបាល ក្នុងចំណោមពលរដ្ឋអាទិភាព ដែលបានចាក់វ៉ាក់សាំងទាំងអស់មានស្ត្រីចំនួន ១, ៩៧៦នាក់។ ចំណែកឯ ខាងកងទ័ពវិញ គឺមានស្ត្រី ចំនួន៣,១៨៣នាក់។
 
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមរបស់សាធារណៈប្រជានិតចិន តាំងពីថ្ងៃទី១០កុម្ភៈ មក។ វ៉ាក់សាំងកូវីដ-១៩ ប្រភេទនេះ អាចចាក់បានសម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលស្ថិតនៅក្នុងចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ។ 
 
វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងការពារជាតិ។ 
 
គិតត្រឹមថ្ងៃទី២៤កុម្ភៈ កម្ពុជាមានករណីកូវីដ-១៩ សរុប៦៣៣ករណី ដោយ៤៧៦ករណី បានជាសះស្បើយ។ ចំពោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានឡើងដល់១៣៧ករណីហើយ ដោយភាគច្រើនជាជនជាតិចិន៕ 
 
 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com