ពីនេះ ពីនោះ
កូវីដ-១៩ មិនអាចបង្អាក់ការងារទាំងស្រុងបានទេ តែផ្ទុយទៅវិញ…!
24, Feb 2021 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយសារតែស្ថានភាពកូវីដអង្រួនកម្ពុជាសារជាថ្មីនោះ សុធីរ និងសំណាង ក៏បន្ថយការងារនៅការិយាល័យរបស់ពួកគេរៀងៗខ្លួន។ តែក្លើទាំងពីរនៅបន្តធ្វើការតាមអនឡាញកាន់តែច្រើនជាងមុន ហើយមិត្តទាំងពីរក៏មានពេលជជែកគ្នាតាម Messenger ច្រើនជាងមុនដែរ។

 
សុធីរ៖ អ្ហែងខ្លាចមេរោគកូវីដឬទេ? 
 
សំណាង៖ នរណាមិនខ្លាច។ មេរោគនេះ សម្លាប់ទាំងជីវិតមនុស្ស ទាំងសេដ្ឋកិច្ច។ នៅកម្ពុជា អ្នកឆ្លងកាន់តែមានចំនួនច្រើនហើយជារៀងរាល់ថ្ងៃនេះ។ 
 
សុធីរ៖ អញក៏ខ្លាច អ្ហែងក៏ខ្លាច អ៊ីចឹង យើងគួរធ្វើការងារឲ្យគេយ៉ាងម៉េចទៅ?  

សំណាង៖ អា សុធីរ! ការងារប្រឈមមួយចំនួនត្រូវផ្អាកសិន ព្រោះវាអាចគ្រោះថ្នាក់ដល់ជីវិត។ វាជារឿងជីវិត។ តែបើការងារនោះ អាចធ្វើតាមអនឡាញ ឬធ្វើតាមមធ្យោបាយសុវត្ថិភាពបាន គេគួរបន្តធ្វើទៅ! បើគ្រប់គ្នាឈប់ធ្វើការ នោះសេដ្ឋកិច្ចនឹងងាប់ ហើយតើថៅកែបានលុយពីណាយកមកបើកប្រាក់ខែឲ្យអ្ហា! 
 
សុធីរ៖ ចុះបើអ្នកខ្លះអត់ចេះបច្ចេកវិទ្យាព័ត៌មានផង ធ្វើម៉េចទៅ? 

សំណាង៖ គ្មាននរណាចេះទាំងអស់ទេ។ តែបើស្ថានការណ៍តម្រូវហើយ គ្រប់គ្នា គួរប្រឹងរៀនទៅ។ រៀនរស់ក្នុងស្ថានការណ៍លំបាកផងទៅ។ បើតាមអញដឹង ស្ថាប័នរដ្ឋ និងឯកជន(ជំនួញ)មួយចំនួនបានសម្របខ្លួនទៅនឹងស្ថានភាពថ្មីហើយ។ ការលក់ដូរតាមអនឡាញកើនច្រើន។ ម្យ៉ាងទៀត កម្ពុជាកំពុងដើរឆ្ពោះទៅរកការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិក ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន។ ដូច្នេះ ចង់មិនចង់ ស្ថានការណ៍កំពុងបង្ខំមនុស្សគ្រប់គ្នាឲ្យឈោងចាប់យកចំណេះជំនាញថ្មីៗហើយ។ 
 
សុធីរ៖ បើអញស្តាប់អ្ហែងទៅ កិច្ចការនាពេលអនាគតអាចត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកច្រើនហើយមើលទៅ! 
 
សំណាង៖ ចង់មិនចង់ និន្នាការពិភពលោក ក្នុងនោះ ក៏មានកម្ពុជាផងដែរ កំពុងធ្វើដំណើរនៅលើវិថីនេះដូចគ្នា។ នរណារត់មិនទាន់និន្នាការនេះ អាចស្ថិតនៅពីក្រោយគេ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com